Hattha top Banner

ពិធីបុណ្យទន្លេនឹងចាប់ផ្តើមនៅក្នុងខេត្តកំពង់ធំនាថ្ងៃនេះហើយ

0

  ដោយៈ ច្រាយ ចំណាន

កំពង់ធំៈ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកងួន ​រតនៈ អភិបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំចាត់ចែងការងារ ដែលនៅសេសសល់ចុងក្រោយ នារសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣។

ពិធីបុណ្យទន្លេលើកទី៧ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត” (Our River for Now and Next)។ ពិធីបើកជាផ្លូវការនឹងត្រូវប្រព្រឹត្តទៅ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នារាត្រីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ ខណៈទិដ្ឋភាពនេះគឺនៅតាមបណ្ដោយដងស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ក្នុងពិធីបើកកិច្ចប្រជុំ លោករដ្ឋមន្ត្រី ថោង ខុន បានចាត់ចែងឱ្យថ្នាក់ដឹកនាំ​ និងមន្ត្រីរាជការក្រសួងទេសចរណ៍ រដ្ឋបាលខេត្តកំពង់ធំ និងមន្ត្រីអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធត្រូវសហការគ្នា រៀបចំការងារដែលនៅសេសសល់ឱ្យបានរួចរាល់ ទាំងការរៀបចំផ្នែកសន្តិសុខ សណ្ដាប់ធ្នាប់ ការងារពាក់ព័ន្ធនឹងកម្មវិធីបើក ដែលនឹងធ្វើឡើងក្រោមអធិបតីភាពសម្ដេចទាំងទ្វេ ការតាំងពិរណ៍ សិល្បៈ តន្ត្រី​ កីឡា និងការរៀបចំផ្នែកហេដ្ឋារចនាសម្ព័ន្ធគ្រប់ផ្នែក។

អង្គប្រជុំបានពិភាក្សាពីការរៀបចំ ឱ្យបានគ្រប់គ្រាន់នូវបន្ទប់ទឹកសម្រាប់មហាមហាជន និងប្រជាជន។ ត្រូវបានពង្រឹងគុណភាពសេវាកម្ម អនាម័យនៅតាមទីមហោស្រពម្ហូបអាហារខ្មែរ។

អង្គប្រជុំក៏បានលើកទឹកចិត្ត ឱ្យបានការបង្ហាញផលិតផលទេសច​រណ៍ និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍ របស់ខេត្តតាមដងទន្លេ និងការតាំងពិព័រណ៍ផលិតផលសិប្បកម្ម កសិទេសចរណ៍ និងផលិតផលក្នុងស្រុក ភូមិមួយផលិតមួយ ផលិតផលកែច្នៃ​ ព្រមទាំងមានសកម្មភាពកីឡាឱ្យបានច្រើនកុះករ។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ថោង ខុន បានណែនាំដល់ប្រធានមន្ទីរទេសចរណ៍ខេត្ត និងមន្ត្រីរាជការជាចំណុះត្រូវផ្សព្វផ្សាយ ទៅកាន់មូលដ្ឋានអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានក្នុងក្រុងត្រូវរៀបចំឱ្យបុគ្គលិកបម្រើការ ស្លៀកពាក់ឯកសណ្ឋានរៀងៗខ្លួន ឱ្យបានត្រឹមត្រូវ និងទាំងអស់គ្នា ដើម្បីជាចំណែកទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវ និងលម្អសោភ័ណភាពផង ពិសេសគឺកុំដំឡើងថ្លៃសេវាកម្មហួសហេតុពេក។

ក្រៅពីនេះក៏ត្រូវមានការបង្ហាញ អំពីសក្ដានុពលវប្បធម៌ តំបន់ប្រវត្តិសាស្ត្រ ដើម្បីបង្ហាញដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរបានយល់ថា កម្ពុជាមានប្រវត្តិសាស្ត្រ មានវប្បធម៌យូរលង់មកហើយរបស់កម្ពុជាផងដែរ។

ជាមួយគ្នានោះសម្រាប់សម្មភាព ក្នុងការផ្សព្វផ្សាយទេសចរណ៍សហគមន៍ ក៏ត្រូវតែរៀបចំឱ្យបានផុសផុល នៅក្នុងពិធីបុណ្យទន្លេលើកទី៧នេះផងដែរ។

លោករដ្ឋមន្ត្រី ថោង ខុន បានសង្កត់ធ្ងន់ថា ពិធីបុណ្យទន្លេលើកទី៧នេះ គឺមានគោលបំណងជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តនានាតាមដងទន្លេ ជាពិសេសលើកទឹកចិត្តដល់ប្រជាជននៅតាមបណ្តាខេត្តទាំងនោះ ឱ្យចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍទីក្រុងជាប់ដងទន្លេ ការងារអភិវឌ្ឍទេសចរណ៍សហគមន៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here