ដោយៈ សុខុម
ហាណូយ: ក្រុមហ៊ុនសាជីវកម្ម អាកាសយានដ្ឋានវៀតណាម (ACV) បានស្នើទៅក្រសួងដឹកជញ្ជូនវៀតណាម សុំពន្យារពេលបញ្ចប់ការសាងសង់ស្ថានីយអ្នកដំណើរ នៃអាកាសយានដ្ឋានអន្តរជាតិ Long Thanh ដល់ឆ្នាំ២០២៦ ជំនួសឱ្យឆ្នាំ២០២៥។
តាមរយៈលិខិតមួយច្បាប់ ផ្ញើជូនក្រសួងដឹកជញ្ជូន ក្រុមហ៊ុន ACV លើកឡើងថា ផ្អែកលើមេរៀនដែលបានមកពីការដេញថ្លៃមិនជោគជ័យ និងសំណើពីអ្នកដេញថ្លៃមួយចំនួន នៅក្នុងសន្និសីទមុនការដេញថ្លៃ ក្រុមហ៊ុនបានស្នើឱ្យក្រុមអ្នកប្រឹក្សា ផ្នែកឌីហ្សាញបច្ចេកទេសធ្វើការវាយតម្លៃឡើងវិញ ដោយប្រុងប្រយ័ត្ននូវពេលវេលាសាងសង់។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី៦ ខែមីនា។
ក្រុមអ្នកប្រឹក្សាផ្នែកឌីហ្សាញបច្ចេកទេស បានស្នើឱ្យពេល៣៩ខែ សម្រាប់ការសាងសង់ ចំណតអ្នកដំណើរក្នុងដំណាក់កាលទី១ ដែលក្នុងនោះ រួមបញ្ចូលរយៈពេលសាងសង់៣៦ខែ និងរយៈពេលសាកល្បង៣ខែ។

សំណើនេះត្រូវបានផ្ទៀងផ្ទាត់ និងអនុម័តដោយក្រុមហ៊ុនសាជីវកម្មប្រឹក្សាសំណង់ជាតិវៀតណាម (Viet Nam National Construction Consultant Corporation) និងវិទ្យាស្ថានសេដ្ឋកិច្ចសំណង់ (Institute of Construction Economics)។
បន្ទាប់ពីទទួលបានមតិយោបល់ ពីអ្នកប្រឹក្សាផ្នែកឌីហ្សាញបច្ចេកទេស គណៈគ្រប់គ្រងគម្រោងបានសម្រេចចិត្តថា ពេលវេលាសាងសង់អប្បបរមា៣៩ខែទើបអាចធ្វើទៅបាន និងសមស្រប។
ដោយគ្របដណ្តប់លើផ្ទៃដី សរុបជាង៥.៥៨០ហិកតា អាកាសយានដ្ឋានអន្តរជាតិ Long Thanh នឹងលាតសន្ធឹងលើឃុំចំនួន៦ ក្នុងស្រុក Long Thanh ខេត្ត Dong Nai។
គម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh ត្រូវបានអនុម័តក្រោមទំហំ ចំណាយ១៤,២ពាន់លានដុល្លារអាមេរិក ដោយការសាងសង់ត្រូវបានចែកចេញជា៣ដំណាក់កាល៕ Vietnam News៕







