ដោយៈ គង់ សូរិយា
ភ្នំពេញៈ បញ្ហាកង្វះទឹកស្អាត នៅតំបន់ប៉ែកខាងលិចរាជធានីភ្នំពេញ បាននិងកំពុងដោះស្រាយហើយ ដោយរដ្ឋាភិបាលកម្ពុជា និងជប៉ុនបានវិនិយោគទឹកប្រាក់ជាង២លានដុល្លារ ដើម្បីសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតកាលពីចុងសប្តាហ៍មុននេះ។
ពិធីបើកការដ្ឋានសាងសង់នេះ ធ្វើឡើងក្រោមអធិបតីភាពលោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក UENO Atsushi ឯកអគ្គរាជទូត ជប៉ុន ប្រចាំកម្ពុជា។
ការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត បឹងធំ ដែលមានទីតាំងស្ថិតនៅភូមិបឹងធំទី៣នេះ ស្ថិតក្នុងសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
លោកឡុង ណារ៉ូ អគ្គនាយក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ថា គម្រោងសាងសង់ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត បឹងធំ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានទទួលហិរញ្ញប្បទានឥតសំណងពីរាជរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា ។ ក្នុងនោះទុនវិនិយោគ បានពីហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន មានចំនួនជិត ១.៥លានដុល្លារអាមេរិក ថវិកាបដិភាគរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចំនួន៩៣១.៩០០ដុល្លារអាមេរិក រយៈពេលសាងសង់០៧ ខែ ចាប់ ពី ខែ មីនា ដល់ ខែ តុលា ឆ្នាំ ២០២៣។

រោងចក្រនេះ មានសម្ថភាព ផលិតទឹកស្អាតបាន ៥.០០០ ម៉ែតត្រីគុណ ក្នុងមួយថ្ងៃ និងមានប្រវែងបណ្តាញចំនួន៥១គីឡូម៉ែត្រ ។
លោកUENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានមានប្រសាសន៍ថា រដ្ឋាភិបាលជប៉ុន ធ្វើការជាមួយកម្ពុជាលើវិស័យទឹកស្អាតនេះ ចាប់តាំងពីឆ្នាំ១៩៩៣មក ។ ចាប់ផ្តើមពីកិច្ចសហប្រតិបត្តិការនេះមក ក្រសួងឧស្សាហកម្ម គឺជាដៃគូមួយយ៉ាងសំខាន់ ក្នុងការអនុវត្ត នូវគម្រោងទឹកស្អាតមួយចំនួន ប្រកបដោយឆន្ទ:ខ្ពស់ និងការចូលរួមយ៉ាងសកម្ម។
មានប្រសាសន៍នាឱកាសនោះ លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រដ្ឋាភិបាលជប៉ុន ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងផែនការអភិវឌ្ឍនៅកម្ពុជា និយាយជារួម និងដោយឡែកវិស័យទឹកស្អាត ជប៉ុន បានដើរតួយ៉ាងសំខាន់នៅម្ពុជា ។ និយាយឲ្យចំគឺប្រជាពលរដ្ឋកម្ពុជា ពេលបានទឹកស្អាតប្រើប្រាស់ ពិតជានឹកឃើញ និងដឹងគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុនជានិច្ច ។ ជាក់ស្តែងតំបន់នេះ ដែលរាជរដ្ឋាភិបាលទើបកាត់បញ្ចូលក្នុងដែនដីរដ្ឋបាល រាជធានីភ្នំពេញ។
លោកបន្តថា “បើមិនមានជំនួយរបស់ជប៉ុនទេ សង្កាត់ទាំង៣ ក្នុងខណ្ឌតំបូល រួមមាន សង្កាត់ បឹងធំ សង្កាត់ ប្រទះឡាង និងពងទឹក នេះ គឺរង់ចាំដល់ឆ្នាំ២០៣០ ទើបមានទឹកស្អាតចូលដល់”។
រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានការគិតគូខ្ពស់ណាស់ចំពោះសុខទុក្ខ និងសុខមាលភាព ប្រជាពលរដ្ឋ ទូទៅ ពិសេស ត្រូវមានទឹកស្អាត ជូនប្រជាពលរដ្ឋប្រើប្រាស់ឲ្យបានគ្រប់គ្នាក្នុងទីប្រជុំជន នៅឆ្នាំ២០២៥ និងទឹកស្អាតសម្រាប់ទាំងអស់គ្នា នៅឆ្នាំ ២០៣០៕







