ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោកបណ្ឌិតហ៊ុន ម៉ាណែតអគ្គមេបញ្ជាការកងទ័ពជើងគោក និងជាបេក្ខភាពអនាគតនាយករដ្ឋមន្រ្តីបានថ្លែងថា រាជតរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ បានយកចិត្តទុកដាក់លើវិស័យសំខាន់ៗចំនួន៣។
វិស័យសំខាន់ៗចំនួន៣នោះរួមមានដូចជា ទី១ ការបង្កើតការងារ តាមរយៈការកៀរគរវិនិយោគិន មកពីទូទាំងសាកលលោក ដោយបានខិតខំថែរក្សានូវបរិយាកាសសន្តិភាព ស្ថិរភាព និងសន្តិសុខ រួមជាមួយនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសំខាន់ៗ ក៏ដូចជាការបង្កើតគោលនយោបាយ លើកទឹកចិត្តនានា ដើម្បីធានាបានថា កម្ពុជាគឺជាគោលដៅដ៏ទាក់ទាញ សម្រាប់ការវិនិយោគរយៈពេលវែង ដែលធានាដល់លំនឹង នៃឱកាសការងារជូនប្រជាពលរដ្ឋ។
ទី២ ការថែរក្សាឱកាសការងារ តាមរយៈការរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងបរិស្ថានការងារ ប្រកបដោយភាពសុខដុមរមនារវាងនិយោជិត និងនិយោជក ដែលជាតួអង្គសំខាន់ ក្នុងការធានាបាននូវមូលដ្ឋានរីកលូតលាស់ ចម្រុងចម្រើនរបស់រោងចក្រ-សហគ្រាស។
ទី៣. ការបង្កើនបន្ថែមទៀត នូវឱកាសការងារទាំងលើបរិមាណ, គុណភាព និងអត្ថប្រយោជន៍នានា សំដៅបង្កើនកម្រិតជីវភាព សុខុមាលភាព និងសមត្ថភាពជំនាញរបស់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងបរិបទនៃការប្រកួតប្រជែង ក្នុងចរន្តសាកលភាវូបនីយកម្ម។
លោកបណ្ឌិត ហ៊ុន ម៉ាណែតបានថ្លែងបែបនេះ ក្នុងពិធីសម្ពោធរោងចក្រ Aroma Success Garment Co., LTD. នៅក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣។
លោកបណ្ឌិតហ៊ុន ម៉ាណែតបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលរោងចក្រថ្មីរបស់ក្រុមហ៊ុន Sabrina Group ដែលមានវត្តមាននៅកម្ពុជាប្រមាណ២៥ឆ្នាំ កន្លងមកហើយ។ ការសម្រេចចិត្តវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា គឺចាប់ផ្តើមដំបូងនៅក្នុងឆ្នាំ១៩៩៨ នៅពេលដែលកម្ពុជាទើបទទួលបានសុខសន្តិភាពពេញលេញ ក្រោមនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី។

លោកបន្តថា “ការសម្រេចចិត្តនេះ ពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញ អំពីស្មារតីជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជា និងស្មារតីរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា”។ លោកបន្តថា “ពិតណាស់ ការពង្រីកការបណ្តាក់ទុនវិនិយោគជាបន្តបន្ទាប់ មិនត្រឹមតែបង្ហាញអំពីភាពជោគជ័យ របស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែក៏អាចបញ្ជាក់ឱ្យឃើញអំពីការចូលរួមរបស់ក្រុមហ៊ុន នៅក្នុងកិច្ចដំណើរការ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជាផងដែរ”។
ជាក់ស្តែង គិតមកដល់ថ្ងៃនេះ ក្រុមហ៊ុន Sabrina Group បានបង្កើតការងារសរុបចំនួន១៤.០០០ កន្លែង ដែលផ្តល់ផលប្រយោជន៍ដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសដល់បងប្អូន ដែលរស់នៅក្នុងមូលដ្ឋាន ស្រុកសំរោងទងផ្ទាល់។
លោកបណ្ឌិតហ៊ុន ម៉ាណែតបានបន្តថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ យុទ្ធសាស្ត្រ និងភាពប៉ិនប្រសប់ របស់ សម្តេចតេជោ, កម្ពុជាទទួលបាននូវសន្តិភាព និងសន្តិសុខពេញលេញ។ សមិទ្ធផលដ៏មហាសាល និងមិនអាចកាត់ថ្លៃបាននេះ ពិតជាបាន និងកំពុងផ្តល់នូវផលជាក់ស្តែង ដល់ប្រទេសជាតិទាំងមូល ក្រោមរូបភាពនៃការកើនឡើងនូវទុនវិនិយោគពីបរទេស និងជាពិសេសការកើនឡើងនូវឱកាសការងារល្អៗ សម្រាប់លើកកម្ពស់កម្រិតជីវភាព របស់កម្មករ-និយោជិត៕