ដោយៈ គង់ សួរិយា
ពោធិសាត់ៈ អភិបាលនៃគណៈអភិបាល ខេត្តពោធិសាត់លោក ខូយ រីដាបានមានប្រសាសន៍ថា វារីអគ្គិសនីស្ទឹងពោធិ៍សាត់ មានអានុភាព៨០មេហ្គាវ៉ាត់ (MW) ដែលវិនិយោគដោយក្រុមហ៊ុនកូរ៉េ SPHP (Cambodia) Co Ltd ជាមួយទឹកប្រាក់វិនិយោគប្រមាណ២៣១លានដុល្លារ នឹងបញ្ចប់ការសាងសង់នៅពេលខាងមុខនេះ។
ថាមពលវារីអគ្គិសនីនេះ នឹងជួយផ្តត់ផ្គង់ដល់ខ្សែចង្វាក់ផលិតកម្មក្នុងស្រុក និងថាមពលប្រកដោយសុវត្ថិភាព។
លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី “ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តពោធិ៍សាត់” នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ដែលមានអានុភាព៨០ មេហ្គាវ៉ាត់ (MW) ស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង គ្រោងនឹងដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០២៦ នាពេលខាងមុខនេះដោយបច្ចុប្បន្ន ក្រុមហ៊ុនកំពុងដំណើរការសាងសង់ទំនប់។
លោកបន្តថា គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ គឺជាគម្រោងវារីអគ្គិសនីទី២ របស់ខេត្តពោធិ៍សាត់ បន្ទាប់ពីគម្រោងវារីអគ្គិសនីទី១ គឺវារីអគ្គិសនីស្ទឹងអាតៃ ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង មានអានុភាព១២០មេហ្គាវ៉ាត់ (MW) កំពុងដំណើរការ។

លោកខូយ រីដាបានបន្តថា វារីអគ្គិសនីនេះ គឺមានថាមពលជារៀងរាល់ថ្ងៃ អត់មានរដូវវស្សានិងរដូវប្រាំងទេ គឺមានជាប់រហូត ដោយសារតែទឹកស្ទឹងពោធិ៍សាត់មានទឹកគ្រប់រដូវ។
ជាមួយគ្នានេះ លោក វិចទ័រ ហ្សូនា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពលនៃក្រសួងរ៉ែ និងថាមពលបានមានប្រសាសន៍ឲ្យដឹងផងដែរថា ក្រសួងរ៉ែ និងថាមពល បានផ្ដល់អាជ្ញាប័ណ្ណឱ្យក្រុមហ៊ុននេះ សិក្សាលទ្ធភាពនៅលើទីតាំងនេះ ចាប់តាំងពីឆ្នាំ២០១២។
លោកបន្តថា ក្រុមហ៊ុននេះបានចុះ កិច្ចព្រមព្រៀងរួចហើយជាមួយអគ្គិសនីកម្ពុជា (EDC) សម្រាប់ការលក់ថាមពលទាំងអស់ដែលខ្លួនផលិតបាន ដើម្បីភ្ជាប់ទៅបណ្តាញជាតិជាមួយនឹងតម្លៃ០,៧ សេន ដុល្លារក្នុង ១ គីឡូវ៉ាត់ម៉ោង។
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងនៅក្នុងវេទិកាសាធារណៈកាលពីខែតុលា ឆ្នាំមុនថា បច្ចុប្បន្នអគ្គិសនីកើនឡើងដល់៩៨,៥ ភាគរយនៃភូមិជាង ១៤០០០របស់ប្រទេសកម្ពុជា។ ដោយមានតែ១ភាគតូច នៃគ្រួសារដែលដាច់ដោយឡែក ដែលនៅសេសសល់ក្រៅបណ្តាញជាតិ៕







