ដោយ: គង់ លាងហួរ
អន្តរជាតិ: រូបិយប័ណ្ណប្រាក់ដុល្លារអាមេរិក បានគ្រប់គ្រងពិភពលោកហិរញ្ញវត្ថុ អស់រយៈពេលជិត៨ទសវត្សរ៍ ចាប់តាំងពីការបញ្ចប់ទៅនៃសង្គ្រាមលោកលើកទី២។
ប៉ុន្តែខណៈនេះ ប្រទេសជាច្រើនកំពុងព្យាយាម កាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារ ដោយខ្លាចអាមេរិកយកវាធ្វើជាអាវុធ ប៉ុន្តែរឿងនេះ នឹងមិនងាយស្រួលនោះទេ។
បច្ចុប្បន្ននេះ សង្រ្គាមមួយទៀតកំពុង កំណត់ដំណាក់កាលសម្រាប់បណ្តាប្រទេសជាច្រើន ដើម្បីស្វែងរកចំណាត់ការផ្លាស់ប្តូរចេញឆ្ងាយពីប្រាក់ដុល្លារ សម្រាប់ការធ្វើពាណិជ្ជកម្ម ដោយបង្កជាសំណួរជាច្រើនឡើង អំពីការគ្រប់គ្រងនាពេលអនាគត របស់រូបិយប័ណ្ណដុល្លារអាមេរិក។
ការឈ្លានពានរបស់រុស្ស៊ី មកលើអ៊ុយក្រែន បានបង្កឱ្យមានរលកនៃទណ្ឌកម្មហិរញ្ញវត្ថុ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ប្រឆាំងនឹងទីក្រុងម៉ូស្គូ។
ទណ្ឌកម្មដ៏មានឥទ្ធិពលបំផុតចំនួន២ ក្នុងចំណោមទណ្ឌកម្មទាំងនោះ គឺជាការសម្រេចចិត្តរបស់រដ្ឋាភិបាល លោកខាងលិចក្នុងការបង្កកប្រាក់បម្រុងរូបិយ ប័ណ្ណបរទេសជិតពាក់កណ្តាល (៣០០ពាន់លានដុល្លារ)របស់រុស្ស៊ី និងការដកធនាគារធំៗរបស់រុស្ស៊ី ចេញពីប្រព័ន្ធផ្ទេរប្រាក់អន្តរជាតិ SWIFT ។

ទណ្ឌកម្មទាំងនេះ ដែលអ្នកខ្លះហៅថា “ការយកប្រាក់ដុល្លារធ្វើជាអាវុធ”បានព្យាករណ៍ទុកថា ប្រទេសរុស្ស៊ី និងចិន ដែលជាគូប្រជែងភូមិសាស្ត្រនយោបាយ ដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក នឹងខិតខំជំរុញហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុជំនួសរបស់ពួកគេ។
ទោះបីជាយ៉ាងនេះក្តី វាមិនមែនមានត្រឹមតែទីក្រុងប៉េកាំង និងទីក្រុងមូស្គូនោះទេដែលធ្វើដូច្នេះ។
ប៉ុន្តែចាប់ពីប្រទេសឥណ្ឌាដល់អាហ្សង់ទីន ប្រេស៊ីល រហូតដល់អាហ្វ្រិកខាងត្បូង និងមជ្ឈិមបូព៌ា រហូតដល់តំបន់អាស៊ីអាគ្នេយ៍ ប្រជាជាតិ និងតំបន់នានា បានពន្លឿនកិច្ចខិតខំប្រឹងប្រែង ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ឆ្ពោះទៅរកការរៀបចំ ដែលមានបំណងកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារ។

ចំណុចស្នូលនៃគំនិតផ្តួចផ្តើម ដកប្រាក់ដុល្លារទាំងនេះ គឺជាការភ័យខ្លាចសម្រាប់ប្រទេសជាច្រើន ដែលថ្ងៃណាមួយ សហរដ្ឋអាមេរិកអាចប្រើប្រាស់អំណាចនៃរូបិយប័ណ្ណរបស់ខ្លួន ដើម្បីកំណត់គោលដៅពួកគេតាមវិធី ដែលខ្លួនបានដាក់ទណ្ឌកម្មរុស្ស៊ី។ នេះបើយោងតាមអ្នកសេដ្ឋកិច្ចនយោបាយ និងអ្នកជំនាញផ្នែកទណ្ឌកម្ម។
ដូច្នេះ តើចលនាទាំងនេះ ពិតជាអាចទម្លាក់តំណែងរបស់រូបិយបណ្ណអាមេរិក ដែលគេហៅថា “ដុល្លារស្តេច” នៅក្នុងរង្វង់ហិរញ្ញវត្ថុ ពីតំណែងជារូបិយវត្ថុដ៏សំខាន់បំផុត នៅក្នុងពាណិជ្ជកម្មពិភពលោកដែរឬទេ?

ចម្លើយខ្លីៗ ក្រុមអ្នកវិភាគបានបញ្ជាក់ប្រាប់សារពត៌មាន Al Jazeera ថា “ឥទ្ធិពលរបស់ប្រាក់ដុល្លារ ទំនងជាមិនផ្លាស់ប្តូរក្នុងពេលដ៏ខ្លីខាងមុខនេះទេ ហើយវានឹងនៅតែជារូបិយប័ណ្ណសំខាន់ នៃពាណិជ្ជកម្ម និងប្រតិបត្តិការអន្តរជាតិ ហើយមិនមានរូបិយប័ណ្ណផ្សេងទៀតដែលនៅកៀតជិតនឹងជំនួសវានោះទេ”។
ទោះបីជាយ៉ាងនេះក្តី ការគ្រប់គ្រងផ្តាច់មុខរបស់ប្រាក់ដុល្លារនៅលើប្រព័ន្ធហិរញ្ញវត្ថុសកលអាចចុះខ្សោយ ប្រសិនបើប្រទេសជាច្រើនទៀត ចាប់ផ្តើមជួញដូររូបិយប័ណ្ណផ្សេងទៀត និងកាត់បន្ថយការប៉ះពាល់ជាមួយប្រាក់ដុល្លារ៕







