ក្រុមហ៊ុនQatar Airways ប្រកាសបើកជើងហោះហើរត្រង់មកកាន់ទីក្រុងភ្នំពេញឡើងវិញនៅខែតុលាខាងមុខ

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways បានប្រកាសចាប់ផ្តើមបើកដំណើរការ នូវជើងហោះហើរទៅកាន់ទីក្រុងភ្នំពេញឡើងវិញនៅក្នុងខែតុលាឆ្នាំ២០២៣នេះ។

ខណៈកំពុងថ្លែងនៅថ្ងៃបើកព្រឹត្តិការណ៍ ITB Berlin 2023 ដែលជាពិព័រណ៍ពាណិជ្ជកម្មទេសចរណ៍ អន្តរជាតិដ៏ធំបំផុតរបស់ពិភពលោក នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Qatar Airways លោក Akbar Al Baker បានមានប្រសាសន៍ថា ខ្លួននឹងបើកការហោះហើរឡើងវិញ ទៅកាន់គោលដៅចំនួន១១ រួមមានទីក្រុងភ្នំពេញ ប៉េកាំង តូក្យូ ប៊ឺមីងហាំ ប៊ុយណូស៊ែរ កាសាបាឡង់កា Davao Marrakesh Nice Osaka RasAl-Khaimah និងHaneda ។

យោងតាមប្រភពឧស្សាហកម្មអាកាសចរណ៍មួយ បានឱ្យដឹងកាលពីពេលម្សិលមិញនេះថា ការបើកជើងហោះហើរ មកកាន់ទីក្រុងភ្នំពេញត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមប្រតិបត្តិការចាប់ពីថ្ងៃទី២៩ ខែតុលាតទៅ ក្រោយពីក្រុមហ៊ុនអាកាសចរណ៍នេះ បានដំណើរការជើងហោះហើរចុងក្រោយរបស់ខ្លួន ទៅកាន់ទីក្រុងភ្នំពេញ កាលពីខែមេសា ឆ្នាំ២០២០។

ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways បានចាប់ផ្តើមជើងហោះហើរប្រចាំថ្ងៃរបស់ខ្លួន ទៅកាន់ទីក្រុងភ្នំពេញកាលពីខែកុម្ភៈ ឆ្នាំ២០១៣ ដូច្នេះហើយវាបានក្លាយជាក្រុមហ៊ុន អាកាសចរណ៍មជ្ឈឹមបូព៌ាដំបូងគេ ដែលបានដំណើរការជើងហោះហើរត្រង់មកកាន់កម្ពុជា។

ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways បានចាប់ផ្តើមជើងហោះហើរត្រង់មកកាន់កម្ពុជា ក្នុងគោលបំណងដើម្បីតភ្ជាប់ប្រទេ សកាតាជាមួយនឹងគោលដៅជាច្រើន នៅទូទាំងទ្វីបអឺរ៉ុប មជ្ឈិមបូព៌ា អាហ្វ្រិក អាមេរិកខាងជើង និងអាមេរិកខាងត្បូង។

ក្រសួងទេសចរណ៍កម្ពុជាបានឱ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍កន្លងទៅថា ប្រទេសកម្ពុជាបានស្វាគមន៍ជើងហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines ទៅកាន់ខេត្តសៀមរាបរបស់ខ្លួនឡើងវិញ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here