ការផ្គត់ផ្គង់លំនៅដ្ឋាននៅសហរដ្ឋអាមេរិក មិនឆ្លើយតបនឹងតម្រូវការជាក់ស្តែង

0

ដោយៈ សុខុម

វ៉ាស៊ីនតោន: យោងតាមការវិភាគថ្មីមួយពីគេហទំព័រអចលនទ្រព្យ Realtor.com ដែលបានចេញផ្សាយកាលពីថ្ងៃពុធ ទី៨ ខែមីនា បង្ហាញថា ទីផ្សារលំនៅដ្ឋាននៅសហរដ្ឋអាមេរិក កំពុងជួបកង្វះផ្គត់ផ្គង់ផ្ទះថ្មីជាច្រើនលានខ្នង ខណៈចំនួនប្រជាជនចេះតែកើនឡើង និងត្រូវការបង្កើតគ្រួសារផ្ទាល់ខ្លួន។

គម្លាតរវាងការសាងសង់ផ្ទះ សម្រាប់មួយគ្រួសាររស់នៅ (single-family home) និងការបង្កើតគ្រួសារបានកើនឡើងរហូតដល់៦,៥លានផ្ទះ នៅចន្លោះឆ្នាំ២០១២ ដល់ឆ្នាំ២០២២។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃពុធ ទី៨ ខែមីនា។

ទោះជាយ៉ាងណា តួលេខនេះហាក់បំបោងជ្រុលបន្តិច ចំពោះកង្វះលំនៅដ្ឋាន ដោយសារលំនៅដ្ឋានសម្រាប់ច្រើនគ្រួសារ រស់នៅរួមគ្នា (multi-family home) ផ្តល់ជម្រើសទាំងសម្រាប់អ្នកទិញ និងអ្នកជួល។ ប្រសិនបើការសាងសង់ផ្ទះ សម្រាប់ច្រើនគ្រួសាររស់នៅរួមគ្នា ដែលមានតម្រូវការជួលខ្ពស់ត្រូវបានរាប់បញ្ចូលនោះ គម្លាតនេះត្រូវបានកាត់បន្ថយមកត្រឹម២,៣លានផ្ទះ។

នៅក្នុងទសវត្សរ៍ចន្លោះឆ្នាំ២០១២ ដល់ឆ្នាំ២០២២ គ្រួសារចំនួន១៥,៦លានគ្រួសារត្រូវបានបង្កើតឡើង។ អំឡុងពេលដូចគ្នានេះ លំនៅដ្ឋានចំនួន១៣,៣លានខ្នង ត្រូវបានចាប់ផ្តើមសាងសង់ ហើយ១១,៩លានខ្នងត្រូវបានសាងសង់បញ្ចប់។

នៅក្នុងឆមាសទី២ ចុងឆ្នាំ២០២១ ផ្ទះសម្រាប់មួយគ្រួសាររស់នៅត្រូវបានចាប់ផ្តើមសាងសង់ និងបញ្ចប់ជាស្ថាពរក្នុងល្បឿនលឿនបំផុតក្នុងទសវត្សរ៍ចុងក្រោយនេះ។

នៅក្នុងឆមាសទី១ ដើមឆ្នាំ២០២២ បានបន្តនិន្នាការក្នុងឆ្នាំ២០២១ រហូតដល់ពាក់កណ្ដាលឆ្នាំ នៅពេលធនាគារកណ្ដាលអាមេរិក (Federal Reserve) បានដំឡើងអត្រាប្រាក់កម្ចីទិញផ្ទះជាបន្តបន្ទាប់ជាប្រវត្តិសាស្ត្រដើម្បីទប់អតិផរណា។

ជាលទ្ធផល ទីផ្សារលំនៅដ្ឋាននៅសហរដ្ឋអាមេរិក បានទទួលរងផលប៉ះពាល់ពីការដំឡើងអត្រាការប្រាក់ ខណៈតម្រូវការរបស់អ្នកទិញបានធ្លាក់ចុះ ហើយបណ្ដាក្រុមហ៊ុនសាងសង់ ក៏បានចាប់ផ្តើមផ្អាកការសាងសង់ផ្ទះសម្រាប់មួយគ្រួសាររស់នៅ ដែលនាំឱ្យខ្វះការផ្គត់ផ្គង់ក្នុងទីផ្សារ៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here