ដោយៈ គង់ សូរិយា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបាន
ជួបពិភាក្សាការងារ អំពីគម្រោងទិសដៅយុទ្ធសាស្ត្រដឹកជញ្ជូនក្នុងទីក្រុងសម្រាប់រាជធានីភ្នំពេញ ជាមួយធនាគារអភិវឌ្ឍអាស៊ី (ADB)។
កិច្ចប្រជុំនេះបានធ្វើឡើងរវាង លោកត្រាក់ ថៃសៀង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយតំណាងធនាគារអភិវឌ្ឍអាស៊ី អំពីគម្រោងទិសដៅយុទ្ធសាស្ត្រដឹកជញ្ជូនក្នុងទីក្រុង សម្រាប់រាជធានីភ្នំពេញ (The Direction of an Urban Transport Strategy for Phnom Penh) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃការរៀបចំ “គម្រោងទិស ដៅយុទ្ធសាស្ត្រដឹកជញ្ជូនក្នុងទីក្រុងសម្រាប់រាជធានីភ្នំពេញ”។
ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ លោកត្រាក់ ថៃស៊ាងបានលើកឡើងពីទិសដៅការងារសំខាន់ៗរបស់ ក្រសួងក្នុងការអភិវឌ្ឍវិស័យដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងទីក្រុងសំខាន់មួយចំនួនរួមមាន៖ ក្រុង សៀមរាប ក្រុងព្រះសីហនុ និងក្រុងបាវិតជាដើម ឱ្យកាន់តែមានភាពទំនើប និងការតភ្ជាប់កាន់តែទូលំទូលាយ ប្រកបដោយភាពងាយស្រួល ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ និងការវិនិយោគបន្ថែម។

លោកបានគូសបញ្ជាក់ថា សកម្មភាពការងារទាំងនេះទាមទារឱ្យមាន ការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធដៃគូអភិវឌ្ឍន៍ ជាពិសេសធនាគារអភិវឌ្ឍអាស៊ី ដើម្បីរួមចំណែកក្នុងការ ជំរុញការវិនិយោគ និងការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា ជាពិសេសរាជធានីភ្នំពេញ៕







