តំបន់ភាគខាងជើងប្រទេសកាន់តែបង្ហាញពីការទាក់ទាញការ វិនិយោគឧស្សាហកម្ម

0

  ដោយៈ​វឌ្ឍនៈ

ភ្នំពេញៈ មួយរយៈចុងក្រោយនេះ តំបន់ប៉ែកខាងជើងនៃប្រទេសបាន និងកំពុងបង្ហាញពីសក្ដានុពលកាន់តែខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ  ក្រោយពីរាជរដ្ឋាភិបាលបានបង្ហាញពីគម្រោងអភិ​វឌ្ឍន៍ជាច្រើន នៅតំបន់បណ្ដាខេត្តខាងជើងប្រទេស ជាពិសេសនៅតំបន់ខាងរាជធានីភ្នំពេញ។

គម្រោងដែលត្រូវបានរាជរដ្ឋាភិបាលបង្ហាញ និងដាក់ក្នុងផែនការក៏ដូចជា គម្រោងកំពុងសាងសង់នាពេលបច្ចុប្បន្ន មានទាំងផ្លូវគោក ផ្លូវដែក និងផ្លូវទឹក រួមទាំងស្ពានវែងៗមួយចំនួនផងដែរ ដែលគម្រោងទាំងនេះ គេជឿជាក់ថា នឹងទទួលបានការវិនិយោគលើឧស្សាហកម្មបន្ថែមទៀត ស្របនឹងតំបន់នេះ នៅមានសក្ដានុពលទូលាយសម្រាប់ទាក់ទាញការវិនិយោគ ។

នៅចុងឆ្នាំ២០២២កន្លងទៅ គម្រោងអភិវឌ្ឍន៍ហេដ្ឋានរចនាសម្ព័ន្ធមួយចំនួន ត្រូវបានរាជរដ្ឋាភិបាលប្រកាសបើកការដ្ឋានរួចហើយ ខណៈមួយចំនួនទៀតបាន និងកំពុងសិក្សា ខ្លះទៀតកំពុងស្វែងរកថវិកាដើម្បីសាងសង់ពេលមានការព្រមព្រៀង រវាងរដ្ឋាភិបាលនិងដៃគូអភិវឌ្ឍន៍ ។

បើតាមលោកស៊ុន ចាន់ថុលរដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា គម្រោងពីររាជរដ្ឋាភិបាល បានសិក្សាចប់សព្វគ្រប់និងកំពុងរកដៃគូ ឬថវិកាមកសាងសង់ ដោយក្នុងនោះគម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញទៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងផ្លូវលេខ៥០សេ ដែលតភ្ជាប់ពីកំពង់ឆ្នាំងទៅកំពង់ធំ ។

លោកបានលើកឡើងថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បានជួយសម្រួលដល់សេដ្ឋកិច្ច ទាក់ទាញដល់ភ្ញៀវទេសចរទាំងក្នុងស្រុក និងក្រៅប្រទេស ហើយក៏ទាក់ទាញដល់ការវិនិយោគនានាផងដែរ។ ដូច្នេះហើយទើបរាជរដ្ឋាភិបាល បានចំណាយថវិការាប់ពាន់លានដុល្លារ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធណា ដែលចាំបាច់ជាអាទិភាពមុន ។

អ្នកស្រី ក្រី ម៉ាយ៉ាន ប្រធានសាខានៃក្រុមហ៊ុន KW ប្រចាំខេត្តកំពង់ចាមក៏បានលើកឡើងផងដែរថា នៅតំបន់ណាដែលមានការអភិ​វឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តម្លៃអចលនទ្រព្យនៅតាមបណ្ដោយផ្លូវនោះនឹងមានសន្ទុះកំណើនមួយកម្រិតទៀត ហើយក៏អាចទាក់ទាញដល់ការវិនិយោគថ្មីៗទៅកាន់តំបន់នោះដែរ ដោយសារតែពេលមានផ្លូវធ្វើការដឹកជញ្ជូនការធ្វើដំណើរ កាន់តែមានភាពងាយស្រួល។ ដូច្នេះវិនិយោគិននឹងរកទីតាំង ដែលធ្វើឱ្យពួកគេងាយ ក្នុងការដឹកជញ្ជូនទំនិញគេចូលនិងចេញពីឃ្លាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here