ចំនួនតភ្ជាប់អាកាសចរណ៍កម្ពុជា ចិនកើនឡើងជាមួយកំណើនទេសចរណ៍ និងអ្នកធុរកិ​ច្ច

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: ការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ កម្ពុជា ចិនកំពុងកើនឡើង ជាមួយសញ្ញាវិជ្ជមាននៃការមកដល់របស់ភ្ញៀវទេសចរណ៍ និងអ្នកធុរកិច្ចចិន។

តំណាងក្រុមហ៊ុនអាកាសចរណ៍មួយរូបបានអះអាងថា ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways គ្រោងនឹងចាប់ផ្តើមជើងហោះហើរត្រង់រវាងទីក្រុងភ្នំពេញ និងទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី ២៧ ខែមីនា ដើម្បីឆ្លើយតបទៅនឹងការកើនឡើង នៃតម្រូវការធ្វើដំណើររវាងគោលដៅទាំងពីរ។

លោក Simon Xu នាយកផ្នែកពាណិជ្ជកម្មនៃក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways បានមានប្រសាសន៍ថា “យន្តហោះ Airbus A320 នឹងត្រូវបានប្រើ ដើម្បីប្រតិបត្តិការរវាងគោលដៅទាំងពីរនេះចំនួន៣ដង ក្នុងមួយសប្តាហ៍នៅរៀងរាល់ថ្ងៃចន្ទ ពុធ និងថ្ងៃសុក្រ ចាប់ពីថ្ងៃទី២៧ ខែមីនា”។

លោក​បាន​បន្ថែម​ថា​ “ចំនួន​ជើង​ហោះ​ហើរ​ នឹង​ត្រូវ​ពង្រីក​ដល់​៥ដង​ក្នុង​មួយ​សប្តាហ៍ ​នៅ​រៀង​រាល់​ថ្ងៃ​ចន្ទ ពុធ ព្រហស្បតិ៍ សុក្រ និង​អាទិត្យ ចាប់​ពី​ថ្ងៃ​ទី ១៧ ខែ​មេសា​ត​ទៅ”។

លោកបានបញ្ជាក់ប្រាប់សារពត៌មាន Xinhua ថា “ការបើកផ្លូវហោះហើរថ្មីនេះត្រូវបានគេរំពឹងថា នឹងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគ វប្បធម៌ និងទេសចរណ៍រវាងទីក្រុងទាំង២”។

លោកបានបន្តថា “យើង​សង្ឃឹម​ថា​ផ្លូវ​ថ្មី​នេះ​ នឹង​ជួយ​នាំ​ភ្ញៀវ​ទេ​ស​ចរ​ចិន អ្នក​ជំនួញ និង​អ្នក​វិនិយោគ​មក​កម្ពុជា​កាន់​តែ​ច្រើន​ឡើង”។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន បានបើកការហោះហើរត្រង់ រវាងទីក្រុងនានារបស់ប្រទេសកម្ពុជា និងប្រទេសចិនឡើងវិញ ចាប់តាំងពីប្រទេសចិន បានធ្វើឱ្យប្រសើរនូវយុទ្ធសាស្រ្តប្រឆាំងកូវីដរបស់ខ្លួននៅថ្ងៃទី៨ ខែមករា និងបន្តដំណើរទេសចរណ៍ជាក្រុមទៅក្រៅប្រទេសវិញនៅថ្ងៃទី៦ ខែកុម្ភៈ។

លោកស៊ិន ចាន់សិរីវុត្ថាអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានមានប្រសាសន៍ថា ការបើកចំហប្រទេចិនកាលពីពេលថ្មីៗនេះ បានបង្ហាញសញ្ញាវិជ្ជមានសំរាប់កម្ពុជា ក៏ដូចជាប្រទេសក្នុងតំបន់។ ជាក់ស្តែងចំនួនអាកាស​ចរណ៍ចិន បានហោះហើរមកកម្ពុជាកើនឡើងជាបន្តបន្ទាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here