សម្តេចតេជោៈទន្លេមេគង្គ និងទន្លេសាបលែងឆ្ងាយពីគ្នាហើយ

0

ដោយៈ ច្រាយ ចំណាន

    កំពង់ធំំៈ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា ទន្លេមេគង្គ និងទន្លេសាប លែងឆ្ងាយពីគ្នាហើយ តាមរយៈគម្រោងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ រវាងខេត្តក្រចេះ និងខេត្តកំពង់ធំ និងកំពង់ធំ ទៅកំពង់ឆ្នាំង។

សម្តេចតេជោហ៊ុន សែន បញ្ជាក់បែបនេះក្នុងពេលអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យទន្លេលើកទី៧ កាលពីល្ងាចថ្ងៃទី៩ មិនាកន្លងមកនេះ។

សម្តេចបញ្ជាក់ទៀតថា “ផ្លូវ និងស្ពានតភ្ជាប់ខេត្តកំពង់ឆ្នាំង និងកំពង់ធំ នឹងចាប់ផ្តើមបើកការដ្ឋាននៅឆ្នាំ២០២៤”។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គំនិតចង់ស្តារបឹងទន្លេ​សាបមិនមែនមិនធ្លាប់គិតនោះទេ តែមកពីការខ្វះលទ្ធភាព។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានការផ្តល់គំនិតធ្វើទំនប់ទប់ទឹកបឹងទន្លេសាប តែជារឿងមិនអាចធ្វើទៅបាន។

ទាក់ទងវិស័យទេសចរណ៍វិញ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យទេសចរណ៍ខេត្តកំពង់ធំ ជារឿងមួយលំបាក ព្រោះអ្នកទេសចរទៅផុត មកផុត។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់ខេត្តកំពង់ធំ វិនិយោគលើសណ្ឋាគារលំបាក តែអាចល្អសម្រាប់អាហារដ្ឋាន។ សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យអាជ្ញាធរខេត្តកំពង់ធំ រិះរកផលិតផល ចំណីអាហារសម្រាប់ទាក់ទាញអ្នកទេសចរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តផ្តល់អាទិភាព ដល់ការអភិវឌ្ឍន៍តំបន់តាមដងទន្លេ ជាពិសេសបណ្តាខេត្តជុំវិញ បឹងទន្លេសាប លើការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដែលបម្រើឱ្យវិស័យទេសចរណ៍ ការតភ្ជាប់ និងការដឹកជញ្ជូន ជាដើម ជាពិសេស ពិនិត្យលទ្ធភាពក្នុងការសាងសង់ស្ពានឆ្លងទន្លេសាប និងបឹង-ទន្លេសាប ការតភ្ជាប់ស្ពាន និងផ្លូវពីកំពង់ឆ្នាំងមកកំពង់ធំ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យបន្តជំរុញការផលិត ដើម្បីផ្គត់ផ្គង់ដល់ទេសចរ ដែលជាទិសដៅ “នាំចេញនៅនឹងកន្លែង”។

សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់​អាវុធគ្រប់ប្រភេទ ជនរួមជាតិ និងវិស័យឯកជន ចូលរួមឱ្យបានផុសផុលប្រកប​ដោយស្មារតីទទួលខុសត្រូវ ធ្វើឱ្យពិធីបុណ្យទន្លេឆ្នាំនេះ ប្រកបដោយជោគជ័យ និងចូលរួមឱ្យកាន់តែសកម្ម ក្នុងចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋាន ស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” និងសហការថែរក្សាសោភ័ណភាព អនាម័យ និងបរិស្ថាន ដែលកត្តាចម្បងមិនអាចខ្វះបាន ក្នុងការថែរក្សាតំបន់តាមដងទន្លេឱ្យស្រស់ស្អាត យូរអង្វែង ដើម្បីបន្តជាមរតកដល់កូនចៅជំនាន់ក្រោយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តកិច្ចខិតខំប្រឹងប្រែងលើកិច្ចការពារ និងអភិរក្សបរិស្ថានធនធាន ធម្មជាតិ ដោយឈរលើគោលការណ៍ ការអភិវឌ្ឍបម្រើឱ្យការអភិរក្ស រីឯការអភិរក្សបម្រើឱ្យការអភិវឌ្ឍ» ដោយត្រូវរួមគ្នា «រួមគិត រួមធ្វើ រួមទទួលខុសត្រូវដើម្បីឱ្យតំបន់តាមដងទន្លេ ក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរ៕

    

LEAVE A REPLY

Please enter your comment!
Please enter your name here