រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញគ្រោងសិក្សាលើការសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងដំណាក់កាលទី៣ ក្រោមជំនួយពីប្រទេសបារាំង

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) គ្រោងនឹងធ្វើការសិក្សាអំពីលទ្ធភាពនៃការសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែង ដំណាក់កាលទី៣។

អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញលោក ឡុង ណារ៉ូ បានមានប្រសាសន៍ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុន SUEZ Consulting កាលពីថ្ងៃម្សិលមិញនេះថា “ការសិក្សាលទ្ធភាពនៃរោងចក្រប្រព្រឹត្តិកម្មទឹកបាក់ខែងដំណាក់កាលទី៣នេះ គឺស្ថិតក្រោមជំនួយឥតសំណងចំនួន ៥០ម៉ឺនអឺរ៉ូ(ប្រមាណ៥២០.០០០ដុល្លារ) ពីប្រទេសបារាំង។

លោក ឡុង ណារ៉ូ បាន​បន្ត​ថា “រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹក​បាក់ខែង​ដំណាក់​កាល​ទី ៣នេះ នឹង​ចូលរួម​ចំណែក​ក្នុង​ការ​បង្កើន​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត”។

លោក​បានបញ្ជាក់ថា គម្រោង​ដំណាក់​កាល​ទី​៣ គ្រោង​នឹង​ចាប់​ផ្តើម​សាង​សង់​នៅ​ចន្លោះ​ឆ្នាំ​២០២៤ ដល់​ឆ្នាំ​២០២៥ ដែល​មាន​សមត្ថភាព​ផលិត​ទឹកបាន១៩៥.០០០ម៉ែត្រ​គូបក្នុង​មួយ​ថ្ងៃ ឬ​តិច​ជាង​នេះ។

លោក ឡុង ណារ៉ូ បានអះអាងថា “បន្ទាប់ពីគម្រោងនេះត្រូវបានបញ្ចប់ វានឹងជំរុញទឹកស្អាតទៅកាន់តំបន់ដែលមានចំនួនប្រជាជនកើនឡើង ដែលមិនទាន់មានទឹកស្អាតប្រើប្រាស់ក្នុងរាជធានីភ្នំពេញ”។

ដំណើរការប្រព្រឹត្តិកម្មទឹកបាក់ខែង ដំណាក់កាលទី១ គ្រោងនឹងបញ្ចប់នៅត្រីមាសទី២ ឆ្នាំ២០២៣ ហើយដំណាក់កាលទី២ នឹងត្រូវបញ្ចប់នៅត្រីមាសទី១ ឆ្នាំ២០២៤ ដែលផ្គត់ផ្គង់ទឹកបានជិត៤០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ។

កាលពីសប្តាហ៍មុន គម្រោងរោងចក្រផលិតទឹកស្អាតបឹងធំបានចាប់ផ្តើមការដ្ឋានសាងសង់ ហើយគ្រោងនឹងបញ្ចប់នៅខែតុលា ឆ្នាំ២០២៣ ក្នុងតម្លៃ ២,៤លានដុល្លារអាមេរិក ជាមួយនឹងជំនួយឥតសំណងជាង១,៤លានដុល្លារពីរដ្ឋាភិបាលជប៉ុន ខណៈថវិការបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមានចំនួន០,៩៣លានដុល្លារ។

ទន្ទឹមនឹងនោះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានអំពាវនាវដល់អតិថិជនទាំងអស់ មេត្តាជួយសន្សំសំចៃទឹក ដើម្បីចែកជូនដល់អតិថិជនផ្សេងទៀត ជាពិសេសអ្នកដែលរស់នៅជាយក្រុងភ្នំពេញ និងក្រុងតាខ្មៅ។

លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថា “រដ្ឋាភិបាលកម្ពុជាបានដាក់ចេញគោលនយោបាយលើវិស័យទឹក ដើម្បីពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកនៅតំបន់ទីក្រុងដល់៩៣ភាគរយនៅឆ្នាំ២០២២ និង១០០ភាគរយនៅឆ្នាំ ២០២៥ ដើម្បីបម្រើតម្រូវការមូលដ្ឋានរបស់ប្រជាពលរដ្ឋ ក៏ដូចជាសម្រាប់ផលិតកម្ម និងសេវាកម្ម តាមរយៈការអភិវឌ្ឍ និងការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកទាំងក្នុងវិស័យសាធារណៈ និងឯកជនផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here