សម្តេចតេជោចង់បានភ្ញៀវទេសចរណ៍ចិន៥លាននាក់នៅឆ្នាំ២០២៥

0

​ដោយគង់ សូរិយា
​ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា កម្ពុជាគ្រោងយកទេសចរណ៍ចិនឲ្យបាន៥លាននាក់នៅឆ្នាំ២០២៥ខាងមុខនេះ។

​សម្តេចបានមានប្រសាសន៍ ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣នាព្រឹកថ្ងៃទី១៤ មករានេះថា នៅឆ្នាំ២០១៨កន្លងមកនេះ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍ អន្តរជាតិចំនួន៦,២លាននាក់ ក្នុងនោះភ្ញៀវទេសចរណ៍ចិនបានកើនពី១,២កាលពីឆ្នាំ២០១៧ ទៅ១,៦លាននាក់នៅឆ្នាំ២០១៨កន្លងមកនេះ។

សម្តេចបានបន្តថា ក្នុងពេ​លដំណើរទស្សនកិច្ចរបស់អតីតប្រធានាធិបតីហូ ជីនតាវមកកម្ពុជា សម្តេចបានស្នើសុំឲ្យ​ទេសចរណ៍ចិនមកទស្សនាកម្ពុជា០,០១ភាគរយ ប៉ុន្តែនៅក្នុងដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសចិននាចុងសប្តាហ៍នេះ សម្តេចនឹងពិភាក្សាពីបញ្ហានេះជាមួយមេដឹក​នាំចិន ដោយសុំឲ្យភ្ញៀវទេសចរណ៍ចិនមកទស្សនាកម្ពុជា០,០៥ភាគរយ​ នៃចំនួនប្រជាជនចិនប្រមាណ១៣០០លាននាក់។

​សម្តេចតេជោហ៊ុន សែនបានបន្តថា បច្ចុប្បន្នវិស័យអាកាសចរណ៍ចិនបានហោះត្រង់មកកម្ពុជាកាន់តែកើនឡើង កាន់តែច្រើននាពេលបច្ចុប្បន្ននេះ ហើយសម្តេចបានស្នើសុំឲ្យក្រុមហ៊ុនចិន ដែលកំពុងវិនិយោគគំរោងតារាសាគរនៅខេត្តកោះកុង សាងសង់ព្រ​លានយន្តហោះអាចទទួលអ្នកដំណើរឲ្យបាន៣លាននាក់ និងទទួលទានអង្ករកម្ពុជា។

​ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកហូ វណ្ឌីបានមានប្រសាសន៍ថា យុទ្ឋសាស្រ្តរបស់ប្រមុខរដ្ឋាភិបាលបែបនេះ សុបិននឹងក្លាយជាការពិត ដោយសារទំនាក់ទំនងកាទូត ពាណិជ្ជកម្ម ពិសេសការប្រកាន់គោលនយោបាយចិនតែមួយ និងការ​ដាក់ចេញយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ នៃមេដឹកនាំរបស់ប្រទេសទាំងពីរកម្ពុជានឹងសម្រេ​ចបាននូវគោលដៅនេះ ព្រោះបើគិតពីដើមឆ្នាំ២០១៩នេះដល់ឆ្នាំ២០២៥ យើងសល់ពេ​ល៧ឆ្នាំទៀត។

​លោកបន្តថា “ជាមួយនឹងកំនើនទេសចរណ៍បែបនេះ អ្វីយើងគួរធ្វើគឺត្រូវរៀបចំខ្លួន​បែបណា ដើម្បីទទួលបានភ្ញៀវក្នុងចំនួនច្រើនបែបនេះ ព្រោះយើងមិនចង់បានតែចំនួន​មនុស្សទេ តែយើងក៏ត្រូវពង្រឹង និងផ្តល់សេវាកម្មប្រកបដោយគុណភាពផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here