មួយខែដំបូងនៃឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិឡើងវិញជិតកន្លះលាននាក់

0

  ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ បន្ទាប់ពីភ្ញៀវទេសចរអន្តរជាតិ ធ្លាក់ចុះអស់រយៈពេល៣ឆ្នាំកន្លងមក ដោយសារតែវិបត្តិកូវីដ១៩ ឆ្នាំ២០២៣នេះ គ្រាន់តែមួយខែដើមឆ្នាំ ២០២៣នេះភ្ញៀវទេសចរអន្តរជាតិ ចូលមកកម្ពុជាមានចំនួនជិតកន្លះលាននាក់ទៅហើយ។

នេះបើតាមស្ថិតិរបាយការណ៍របស់ ក្រសួងទេសចរណ៍ចេញផ្សាយនៅព្រឹកថ្ងៃទី ១០ មីនា ២០២៣នេះ។

យោងតាមរបាយការណ៍ដដែលនេះបង្ហាញថា ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិ ទាំងជិតកន្លះលាននាក់នេះ ភ្ញៀវទេសចរមកពីប្រទេសថៃ មានចំនួនច្រើនជាងគេ ដែលមានចំនួនរហូតដល់ជិត១៤ម៉ឺននាក់ វៀតណាមជាង៦មឺន៤ពាន់នាក់ និងភ្ញៀវទេសចរជនជាតិចិនមានចំនួន២ម៉ឺន៤ពាន់នាក់។ អ្វីដែលពិសេសប្រជាពលរដ្ឋកម្ពុជាទន្ទឹងរង់ចាំភ្ញៀវទេសចរចិនយ៉ាងអន្ទះសារ ហើយក្នុងខែមករាកន្លងទៅនេះដែរ ភ្ញៀវទេសចរចិនបានកើនឡើង១០ដង ធៀបនឹងខែមករាឆ្នាំ ២០២២ បានន័យថាភ្ញៀវចិនចាប់ផ្ដើម សម្រុកចូលមកកម្ពុជាឡើងវិញជាបន្តបន្ទាប់ហើយ ។

ក្រលេកទៅមើលភ្ញៀវទេសចរបរទេស ដែលចូលមកកម្ពុជាតាមច្រកផ្លូវអាកាស មានចំនួនរហូតដល់១៤ម៉ឺន៣ពាន់នាក់ កើនឡើង៤៤៨ភាគរយធៀបនឹងខែមករា ឆ្នាំ២០២២កន្លងទៅ ក្នុងនោះតាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានចំនួន៩ម៉ឺន៦ពាន់នាក់ ព្រលានយន្តហោះអន្តរជាតិសៀមរាប មាន៤ម៉ឺន៥ពាន់នាក់ និងចូលតាមព្រលានយន្តហោះអន្តរជាតិកងកេង ខេត្តព្រះសីហនុមានចំនួន១.៣២១នាក់ ។

របាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញផងដែរថាកាលពីឆ្នាំ ២០២២កន្លងទៅកម្ពុជារកបានចំណូល ពីទេសចរអន្តរជាតិសរុបចំនួន ប្រមាណ១,៤១ពាន់លានដុល្លារអាមេរិក ដែលបង្កើតមុខរបរ និងការងារបានប្រមាណ៣២ម៉ឺននាក់ ខណៈទេសចរក្នុងស្រុកមានចំនួន១៣,៩៣លាននាក់ និងបានចំណាយសរុបប្រមាណ៦៥០លានដុល្លារអាមេរិក ។

លោកជំទាវឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងផងដែរ ឆ្នាំ២០២៣នេះ ភ្ញៀវទេសចរអន្តរជាតិជាពិសេសពីប្រទេសចិន បានកើនឡើងវិញ ក្រោយពីប្រទេសចិនបានបើកប្រទេសឡើងវិញ និងអនុញ្ញាតឱ្យជនជាតិចិន ចេញក្រៅប្រ​ទេសដើម្បីធ្វើដំណើរកម្សាន្ត ។ ម្យ៉ាងទៀតក្នុងឆ្នាំ ២០២៣នេះដែរយើងក៏រំពឹងថាកំណើនភ្ញៀវទេសចរកម្ពុជា ក៏អាចនឹងចេញក្រៅប្រទេសធ្វើដំណើរកម្សាន្តច្រើនឡើងវិញដូចគ្នាផងដែរ ។

ដោយឡែកលោកខន គង្គា អគ្គនាយកក្រុមហ៊ុនERA Cambodia ក៏បានលើកឡើងផងដែរថា កំណើនភ្ញៀវទេសចរបរទេ​សចូលមកកម្ពុជាក៏រំពឹងថា នឹងធ្វើឱ្យទីផ្សារខុនដូនៅក្នុងប្រទេសមានសសន្ទុះកំណើនដូចគ្នាដែរ ដោយតម្រូវការខុនដូជួល និងការទិញលក់ក៏នឹងមានសកម្មភាពផុសផុសជាងរយៈពេល៣ឆ្នាំកន្លង៕

LEAVE A REPLY

Please enter your comment!
Please enter your name here