ទីក្រុងសេអ៊ូលបង្ហាញមហិច្ឆិតាប្រែក្លាយដងទន្លេHanទៅជាបណ្តុំនៃហេដ្ឋារចនាសម្ព័ន្ធធំៗ និងមណ្ឌលកំសាន្តលំដាប់អន្តរជាតិ

0

ដោយ: គង់ លាងហួរ

សេអ៊ូល: អភិបាលក្រុងសេអ៊ូល លោក Oh Se-hoon បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅថា រដ្ឋាភិបាលក្រុងសេអ៊ូល បានកំណត់ទស្សនៈរបស់ខ្លួន លើការច្នៃប្រឌិតហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋធានីតាមដងទន្លេ Han។

ក្រោមគម្រោង Great Hangang (Han River) រដ្ឋាភិបាលទីក្រុង នឹងបង្កើនលក្ខណៈងាយស្រួល និងភាពទាក់ទាញនៃរដ្ឋធានី និងព្យាយាមការពារបរិស្ថានធម្មជាតិជុំវិញទន្លេ ដើម្បីអាចឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចររីករាយនឹងទេសភាពមាត់ទឹក។

គម្រោង Hangang Renaissance ផ្តោតជាសំខាន់ទៅលើការធ្វើទំនើបកម្ម ហេដ្ឋារចនាសម្ព័ន្ធដែលហួសសម័យ និងខូចគុណភាព និងការស្ដារឡើងវិញនូវធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ី។

ទីក្រុងសេអ៊ូលនឹងកាត់បន្ថយកម្រិតកម្ពស់ និងបទប្បញ្ញត្តិផ្សេងទៀតសម្រាប់ Yongsan Dreamhub ដែលជាអគារការិយា​ល័យ ផ្សារទំនើប សណ្ឋាគារ និងអាផាតម៉ិនអន្តរជាតិដ៏ធំមួយ ស្ថិតនៅលើដីទំហំ៥៦០.០០០ម៉ែត្រការ៉េ នៅក្នុងស្រុក Yongsan និងតំបន់សំខាន់ៗផ្សេងទៀតនៅជិតទន្លេ Han ។

តំបន់ទាំងនេះក៏រួមបញ្ចូល Yeouido ដែលជាសង្កាត់ហិរញ្ញវត្ថុដ៏សំខាន់របស់ទីក្រុងសេអ៊ូលផងដែរ។

អគារ Jamsil Sports Complex ដែលត្រូវបានគេស្គាល់ថាជា Seoul Sports Complex ស្ថិតនៅក្នុងស្រុក Songpa នឹងត្រូវបានផ្លាស់ប្តូរ ទៅជាមជ្ឈមណ្ឌលសម្រាប់ការប្រជុំសកល ការលើកទឹកចិត្ត សន្និសីទ និងការតាំងពិពណ៌ទេសចរណ៍ (MICE)។

រដ្ឋបាលទីក្រុងសេអ៊ូល ក៏គ្រោងនឹងជួសជុលតំបន់លំនៅដ្ឋាននានា ដើម្បីបង្កើតនូវទេសភាព Skyline ចម្រុះតាមដងទន្លេ និងតភ្ជាប់អគារផ្ទះល្វែងទៅទន្លេតាមរយៈផ្លូវដើរផងដែរ។

អគារវប្បធម៌ថ្មីនឹងត្រូវបានសាងសង់ រួមទាំងមជ្ឈមណ្ឌល Sejong ទីពីរសម្រាប់សិល្បៈសម្តែង និងទីធ្លាវប្បធម៌នៅសង្កាត់ Yeouido ផងដែរ។

ស្ពាន Jamsu នឹងត្រូវបានផ្លាស់ប្តូរ ទៅជាទីធ្លាវប្បធម៌នៅឆ្នាំ២០២៦ ដើម្បីអនុញ្ញាតឱ្យមនុស្សម្នាអាចទស្សនាភាពយន្ត និងរីករាយជាមួយការសម្តែងខ្នាតតូច។

ដើម្បីបង្កភាពងាយស្រួល ដល់ការធ្វើដំណើរទៅកាន់មាត់ទឹក កន្ត្រកខ្សែកាប នឹងត្រូវបានដំឡើងនៅលើទន្លេ នៅទីតាំងដែលត្រូវតភ្ជាប់ការដឹកជញ្ជូនរវាង Gangbuk (ភាគខាងជើងនៃទន្លេ Han) និង Gangnam (ភាគខាងត្បូងនៃទន្លេ) ព្រមទាំងកន្លែងទេសចរណ៍សំខាន់ៗផងដែរ។

ទីក្រុងសេអ៊ូល ក៏នឹងសាងសង់ស្ពានថ្មើរជើង នៅលើកោះ Nodeul កោះ Seonyu និងសួនឧទ្យាន Seoul Forest ផងដែរ។

ផ្លូវសម្រាប់ដើរថ្មើរជើងចំនួន៧ នៅលើទន្លេនឹងត្រូវបានសាងសង់ ឬពង្រីកនៅឆ្នាំ២០៣០ ដើម្បីធានាថា ប្រជាជនអាចទៅដល់សួនឧទ្យានមាត់ទន្លេ ក្នុងរយៈពេល១០នាទីដោយថ្មើរជើង ពីតំបន់មាត់ទឹកណាមួយ។

កន្លែងទស្សនាមួយចំនួន ដែលផ្តល់ជូនទិដ្ឋភាពភ្នែកបក្សីនៃរដ្ឋធានីសេអ៊ូល នឹងត្រូវបានបង្កើតឡើងតាមដងទន្លេ ដោយចាប់ផ្តើមពីកន្ត្រកវិលខ្នាតយក្ស Seoul Ring ដែលមានអង្កត់ផ្ចិត១៨០ម៉ែត្រ ស្ថិតនៅជាយក្រុង Sangam-dong ភាគពាយ័ព្យ។

Seoul Ring នឹងក្លាយទៅជាកន្ត្រកវិលធំជាងគេទី២ របស់ពិភពលោក ដោយគម្រោងសាងសង់នេះ គ្រោងនឹងបើកការដ្ឋាននៅខែមិថុនា ឆ្នាំ២០២៥ និងមានគោលដៅសាងសង់បញ្ចប់នៅខែធ្នូ ឆ្នាំ២០២៧៕

LEAVE A REPLY

Please enter your comment!
Please enter your name here