ដោយៈ គង់ សូរិយា
ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តីអូន ព័ន្ឋមុនីរ័ត្នរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានស្នើសមភាគីកូរ៉េ ជួយសិក្សាគំរោងហេដ្ឋារចនាសម្ព័ន្ឋ តភ្ជាប់ជាមួយស្ពាន ដែលត្រៀមសាងសង់នាពេលខាងមុខនេះ។
លោកបានថ្លែងបែបនេះ ក្នុងជំនួបកាលពីថ្ងៃទី៩ ខែមីនា ក្នុងជំនួបជាមួយលោកស្រី Kim Kyung Hee អគ្គនាយកនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកូរ៉េខាងត្បូង នៅរាជធានីភ្នំពេញ។
លោកបន្តថា ក្រសួងសេដ្ឋកិច្ច គាំទ្រឱ្យមានការសិក្សាគម្រោង គមនាគមន៍នានា ដែលជាការតភ្ជាប់ជាមួយ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា- សាធារណរដ្ឋកូរ៉េ នៅប៉ែកខាងកើតរាជធានីភ្នំពេញផងដែរ” ។

យោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ដែលបានចេញផ្សាយកាលពីថ្ងៃទី១០ ខែមីនា ថា លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណដល់កូរ៉េខាងត្បូង ដែលបានសម្រេចផ្តល់នូវការសន្យាស្តីពី ការផ្តល់ឥណទានសម្បទាន តាមរយៈកិច្ចព្រមព្រៀងក្របខ័ណ្ឌឆ្នាំ២០២២ -២០២៦ ដែលមានទំហំទឹកប្រាក់ចំនួន១៥០០ លានដុល្លារអាមេរិក ដែលត្រូវបានចុះហត្ថលេខាកាលពីចុងឆ្នាំ២០២២។
សេចក្តីប្រកាសព័ត៌មានដដែលបន្តថា គិតចាប់ពីឆ្នាំ ២០០១ មកដល់ដំណាច់ឆ្នាំ ២០២២ ភាគីកូរ៉េខាងត្បូងបានសន្យាផ្តល់ឥណទានសម្បទានដែលមានទឹកប្រាក់សរុប ប្រមាណ១៨០០លានដុល្លារអាមេរិក។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ភាគីទាំង២ ក៏បានសន្យាថា នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនានា តាមរយៈការផ្ដល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ ក្នុងក្របខ័ណ្ឌឥណទានសម្បទាន ដើម្បីរួមចំណែកលើកស្ទួយ សកម្មភាពអភិវឌ្ឍន៍សង្គម- សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន និងអភិវឌ្ឍន៍បន្ថែមទៀត ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ការសិក្សាទៅលើគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗនានា សម្រាប់ទុកជាប្រវត្តិសាស្ត្រនៃទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំង២៕







