អភិបាលរងខេត្តកោះកុងមានព្រលានយន្តហោះចំនួន២និងសក្តានុពលសេដ្ឋកិច្ចជា​ច្រើន

0

   ដោយៈ គង់ សូរិយា

    កោះកុងៈ លោកឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបា លខេត្តកោះកុង បានលើកឡើងសក្តានុពលរបស់ខេត្ត ដែលបាននិងកំពុងរីកចម្រើនយ៉ាងលឿន សមនឹងជាតារារះនាទិសនារតី។

លោកបានលើកឡើងបែបនេះ ក្នុងពិធីស្វាគមន៍លោកទិត រិទ្ធីពល អនុរដ្ឋលេខាធិការ និងជាអគ្គនាយកស្ដីទីពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្ម ក្នុងសិក្ខាសាលាស្តីពី”ការជំរុញផលិតផលសក្ដានុពលកម្ពុជាទៅកាន់ទីផ្សារប្រទេសកាណាដា”។

លោកអភិបាលរងខេត្តបានលើកឡើងថា ដោយសារតែភាពអំណោយផល នៃទីតាំងភូមិសាស្ត្រជាប់ឆ្នេរសមុទ្រ និងភាពរីកចម្រើន នៃហេដ្ឋារចនាសម្ព័ន្ធ ខេត្តកោះកុង ដែលមានឆ្នេរសមុទ្រសរុបប្រវែង២៣៧គីឡូម៉ែត្រ  កំពុងទាក់ទាញវិនិយោគបន្ថែមទៀត តាមរយៈការបង្កើតតំបន់សេដ្ឋកិច្ចពិសេសជាបន្តបន្ទាប់។

ជាក់ស្តែង នៅខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមហ៊ុនធំជាងគេមួយនៅប្រទេសកម្ពុជា រ៉ូយ៉ាល់គ្រុប ត្រូវបានអនុញ្ញាតិឱ្យធ្វើការវិនិយោគបង្កើតតំបន់សេដ្ឋ កិច្ចពិសេស នៅលើទំហំផ្ទៃដី១ម៉ឺនហិកតា នៅក្នុងឧទ្យានជាតិបុទុមសាគរ នាភូមិសាស្ត្រឃុំតានូន និងឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។

បន្ទាប់ពីក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយនៅទីនេះ ខេត្តកោះកុង គឺមានតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួនពីរ ដែលនឹងបង្កើតការងារបានជាច្រើន កន្លែងថែមទៀតជូនប្រជាពលរដ្ឋ។ ទាំងនេះ គឺដោយសារតែខេត្តកោះកុង បានស្គាល់ភាពរីកចម្រើនយ៉ាងច្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដូចជា គម្រោងសាងសង់ព្រលានយន្តហោះ ចំនួនពីរកន្លែង ដែលបាននឹងកំពុងសាងសង់ក្នុងពេលសព្វថ្ងៃនេះ។

ក្រៅពីនេះទៀត ខេត្តកោះបាននិងកំពុងសាងសង់ កំពង់ផែទឹកជ្រៅមួយផងដែរ ដើម្បីដឹកជញ្ជូនទំនិញទៅកាន់ រាជធានីខេត្តផ្សេងៗនៃប្រទេសកម្ពុជា ដែលជាភាពទាក់ទាញ សម្រាប់ក្រុមហ៊ុនផលិតទំនិញ ដើម្បីនាំចេញរបស់ប្រទេសកម្ពុជា និងនៅពេលខាងមុខខេត្តកោះកុង នឹងមានតំបន់សេដ្ឋកិច្ចច្រើនជាងខេត្តដទៃ ដោយមិនចាញ់ខេត្តព្រះសីហនុនោះឡើយ។

ខេត្តកោះកុង មានផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុង គឺជារបៀងមាត់សមុទ្រ ដែលបម្រើឱ្យមិនត្រឹមតែទំនាក់ទំនងផ្ទៃក្នុងរបស់កម្ពុជាទេ ក៏ប៉ុន្តែទំនាក់ទំនងរវាងថៃ កម្ពុជា និងវៀតណាម ដែលឆ្លងកាត់ រវាងមាត់សមុទ្រនេះ។ ប្រសិនបើវៀតណាមចង់យកទំនេញទៅប្រទេសថៃ ឆ្លងកាត់តាមផ្លូវនេះក៏រហ័ស ថៃចង់យក ទំនិញទៅវៀតណាម ក៏អាចឆ្លងកាត់តាមផ្លូវនេះ។

របៀងមាត់សមុទ្រនេះ ក៏ក្លាយជាតំបន់ទេសចរណ៍ដ៏គួរឱ្យទាក់ទាញ និងតំបន់ប៉ូលសេដ្ឋកិច្ចនៅទិសនារតី ដែលមុននេះមានក្នុងខេត្តព្រះសីហនុតែប៉ុណ្ណោះ។ តែឥឡូវនេះ គ្របដណ្តប់ខេត្តទិសនារតីរបស់យើង មានខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកែប និងខេត្តកំពត ជាមួយនឹងប៉ូលសេដ្ឋកិច្ច ដ៏រីកចម្រើននិងមានសក្តានុពលខ្ពស់នៅពេលខាងមុខផងដែរ។

ក្រៅតែពីផ្លូវជាតិលេខ៤៨ ខេត្តកោះកុងក៏បានតភ្ជាប់យ៉ាងសំខាន់ជាមួយខេត្តបាត់ដំបង ពោធិ៍សាត់ ទៅខាងប៉ៃលិន បន្ទាយមានជ័យ តាមរយៈផ្លូវជាតិលេខ១០ ដែលនេះជាការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋកម្ពុជា ដោយមិនចាំបាច់ធ្វើដំណើរឆ្លង កាត់តាមរាជធានីភ្នំពេញទៀតឡើយ និងនាំចេញកសិផល និងផលិតផលនានារបស់កសិករ និងឧស្សាហករកម្ពុជាទៅកាន់បរទេស បានដោយងាយស្រួល និងរួមចំណែកកាត់បន្ថយថ្លៃដើមផលិតកម្ម។

ក្រៅពីនេះនៅទូទាំងខេត្ត មានរោងចក្រ សហគ្រាស ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ សណ្ឋាគារ និងគ្រឹះស្ថានសំខានៗ ជាច្រើនកន្លែងទៀត ដែលរួមចំណែកកាត់បន្ថយ ការធ្វើចំណាកស្រុកទៅរកការងារធ្វើនៅក្រៅខេត្ត និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋបានមួយកម្រិតថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here