តំបន់ជុំវិញពហុកីឡដ្ឋានជាតិមរតកតេជោកាន់តែមានភាព ទាក់ទាញក្នុងការវិនិយោគ

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ៖ តំបន់ព្រែកព្នៅ ប៉ែកខាងជើងរាជធានីភ្នំពេញ កាលពីប៉ុន្មានឆ្នាំមុន គ្រាន់តែជាតំបន់ជាយក្រុង និងជាតំបន់ស្ងប់ស្ងាត់មួយប៉ុណ្ណោះ ប៉ុន្តែក្រោយពីមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ចូលទៅកាន់តំបន់នោះ ជាពិសេសក្រោយពីរាជរដ្ឋាភិបាល សម្រេចសាងសង់ពហុកីឡដ្ឋានជាតិថ្មីនៅតំបន់នោះ ក៏ឃើញមានគម្រោងវិនិយោគឯកជននិងរដ្ឋជាច្រើន បានចូលទៅទីតាំងនោះ និងបានធ្វើឱ្យតំបន់នោះក្លាយជាតំបន់ទាក់ទាញថ្មីមួយនៅរាជធានីភ្នំពេញ។

លោកឆេ វិសិដ្ឋ អ្នកគ្រប់គ្រងអភិវឌ្ឍន៍មួយរបស់ក្រុមហ៊ុនWorldbridge បានឱ្យដឹងថា ចាប់តាំងពីមានការសាងសង់ពហុកីឡដ្ឋានជាតិថ្មី នៅតំបន់ប៉ែកខាងជើងរាជធានីភ្នំពេញ ឃើញថាតំបន់ជុំវិញពហុកីឡដ្ឋានជាតិថ្មីនេះ មានការទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិជាច្រើន ចូលទៅបណ្ដាក់ទុន និងចាប់ផ្ដើមសាងសង់គម្រោងរបស់ពួកគេជាបន្តបន្ទាប់។

លោកបន្តថា ក្រៅពីគម្រោងដ៏ធំមួយរបស់Worldbridge ក៏ឃើញថា មានគម្រោងសាលារៀនរដ្ឋ និងឯកជន  ផ្សារទំនើបម៉ាក្រូ គម្រោងអភិវឌ្ឍន៍លំនៅឋានជាច្រើន បានចាប់ផ្ដើមសាងសង់ផ្គត់ផ្គង់ជូនអតិថិជនរបស់ខ្លួន នៅតំបន់ជុំវិញពហុកីឡដ្ឋានជាតិថ្មី ហើយក៏រំពឹងថាគម្រោងជាច្រើន នឹងចូលទៅកាន់តំបន់នោះ ដែលនឹងជំរុញឱ្យតំបន់នោះ កាន់តែមានការអភិវឌ្ឍ ។

អ្នកជំនាញ និងអ្នកវិនិយោគអចលនទ្រព្យជាច្រើន បានមើលឃើញថា តំបន់ប៉ែកខាងជើងរាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បានបង្កើតសក្ដានុពលកាន់តែខ្លាំង សម្រាប់ទាក់ទាញការវិនិយោគ ហើយតំបន់នេះ នឹងក្លាយទៅជាតំបន់ពាណិជ្ជកម្ម និងលំនៅឋាន ក្នុងរយៈពេលខ្លីខាងមុខនេះ ដោយបច្ចុប្បន្នមានគម្រោងអភិឌ្ឍន៍លំនៅឋានជាច្រើន បានបោះទីតាំងនិងកំពុងអភិវឌ្ឍន៍យ៉ាងមមាញឹករួចហើយដែរ។

លោកថាន់ ចាន់ណា អ្នកអភិវឌ្ឍន៍លំនៅឋានមួយរូបនៅជាយក្រុងភ្នំពេញបានឱ្យដឹងថា សម្រាប់តំបន់ចាប់ពីស្ពានជ្រោយចង្វារទៅដល់មហាវិថីឈ្នះឈ្នះ ឃើញមានការអភិវឌ្ឍលំនៅឋាន តម្លៃខ្ពស់ៗសម្រាប់អ្នកមានចំណូលមធ្យមឡើងទៅ ហើយក៏ឃើញថាមានការអភិវឌ្ឍជាតំបន់ពាណិជ្ជកម្មជាបន្តបន្ទាប់ដែរ ។

លោកបានបន្តថា “អ្នកអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ ប្រ ហែលជាចូលមិនចុះទេ នៅក្នុងតំបន់នេះ ដោយសារតែតម្លៃដីធ្លីបានឡើងខ្ពស់ មិនអាចទិញដើម្បីអភិវឌ្ឍន៍ផ្ទះតម្លៃសមរម្យបាននោះទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here