មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការចុះពិនិត្យប្រព័ន្ឋរំដោះទឹកនៅផ្លូវជាតិលេខ៤១តម្លៃ៦៧លានដុល្លារ

0

  ដោយៈ គង់ ម៉ាលីនណា

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបាន ចុះពិនិត្យមើលដំណោះស្រាយ ប្រព័ន្ធរំដោះទឹកនៅតាមការដ្ឋាន នៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ដើម្បីធានាដល់ការបញ្ចៀស នូវគ្រោះមហន្តរាយជំនន់ទឹកភ្លៀង ដែលបង្កហានិភ័យលិចលង់ ដល់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ក៏ដូចជាទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។

លោកស៊ុយ សាន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ក្រសួងចុះពិនិត្យមើលដំណោះស្រាយ ប្រព័ន្ធរំដោះទឹកនៅតាមការដ្ឋានផ្លូវជាតិលេខ៤១ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងធនធាន ទឹក និងឧតុនិយម តំណាងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ និងខេត្តកំពត តំណាងមន្ទីរសាធារណការខេត្តកណ្ដាល និងខេត្តតាកែវ និងសមាជិកសមាជិ កាក្រុមការងារគម្រោងជាច្រើនរូបផងដែរ។

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណង ដើម្បីធានាដល់ការបញ្ចៀសនូវគ្រោះមហន្តរាយ ជាពិសេសជំនន់ទឹកភ្លៀងដែលបង្កឱ្យមានហានិភ័យលិចលង់ ដល់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ក៏ដូចជាទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ក្នុងបរិបទបម្រែបម្រួលអាកាសធាតុ ដែលអាចកើតមានឡើងជាយថាហេតុនាពេលអនាគត។

គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ត្រូវបានប្រកាសបើកការដ្ឋាន កាលពីថ្ងៃទី២៦ ធ្នូ ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ផ្លូវនេះមានប្រវែងសរុបប្រមាណ៩៥,២៧គីឡូម៉ែត្រ ចាប់ពីថ្នល់ ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៤) ខេត្តកណ្តាល ទៅដល់ស្រុកជុំគិរី (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ខេត្តកំពត ដែលនឹងត្រូវសាងសង់ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC កម្រាស់សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវរហូតដល់១២ម៉ែត្រ៕

ស្របជាមួយគ្នាផងដែរ នឹងសាងសង់បន្ថែមសំណង់សិល្បការ្យផ្សេងៗរួមមាន ពង្រីកស្ពានចាស់ចំនួន១កន្លែង ប្រវែងសរុប២០០ម៉ែត្រ ដាក់លូគ្រប់ប្រភេទចំនួន៣១៥កន្លែង បំពាក់កាមេរ៉ាត្រួតពិនិត្យល្បឿនចំនួន០៨កន្លែង រួមទាំងបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពផងដែរ។

គម្រោងនេះ នឹងត្រូវអនុវត្តការសាងសង់ ដោយប្រើរយៈពេលសរុបចំនួន៤០ខែ នឹងបញ្ចប់នៅអំឡុងឆ្នាំ២០២៦ គ្រោងចំណាយថវិកាសរុបប្រមាណ៦៧លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here