បន្ទាប់ពីអ៊ុយក្រែន តើបុរសខ្លាំងរបស់រុស្ស៊ីវ៉្លាឌីមៀ ពូទីន សម្លឹងចង់ឈ្លានពានប្រទេសណាទៀត?

0

ដោយៈ សុខុម

មូស្គូ: ប្រទេសម៉ុលដាវី (Moldova) អាចក្លាយជា “អ៊ុយក្រែន បន្ទាប់”។  នេះជាការលើកឡើងរបស់លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ដែលបានបង្កពិភពលោក មានការព្រួយបារម្ភយ៉ាងខ្លាំង។ នេះបើយោងតាមសារព័ត៌មាន Japan Times ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែមីនា។

ប្រទេសម៉ុលដាវី មានស្ថានភាពស្រដៀង នឹងប្រទេសអ៊ុយក្រែន នៅមុនពេលលោក ពូទីន បើកការវាយប្រហារចូលឈ្លានពានកាលពីមួយឆ្នាំមុន។ ប្រទេសទាំងពីរដែលធ្លាប់ជាផ្នែកមួយ នៃសហភាពសូវៀត ទទួលបានឯករាជ្យឡើងវិញ បន្ទាប់ពីសង្គ្រាមត្រជាក់បញ្ចប់។

ប្រទេសទាំងពីរ នៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ បានងាកទៅរកលោកលិច ដោយមានបំណងប្រាថ្នាចង់ចូលជាសមាជិ​ករបស់សហភាពអឺរ៉ុប នៅថ្ងៃណាមួយ។ កាលពីឆ្នាំមុន សហភាពអឺរ៉ុប បានជួយពន្លឿនឱ្យប្រទេសអ៊ុយក្រែន និងប្រទេសម៉ុលដាវី បានចូលជាបេក្ខភាពផ្លូវការ សម្រាប់ការដាក់ពាក្យសុំ ក្លាយជាសមាជិកសហភាពអឺរ៉ុប។

រដ្ឋាភិបាលក្រុងមូស្គូអះអាងថា ប្រទេសទាំងពីរថែមទាំងចង់ចូលរួមជាសមាជិក នៃអង្គការបក្សសម្ព័ន្ធយោធា NATO និងសម្របតាម “លោកខាងលិច” ដែលដឹកនាំដោយសហរដ្ឋអាមេរិក នៅក្នុងការប្រឆាំងនឹងប្រទេសរុស្ស៊ី។

លោក ពូទីន និងលោក Sergey Lavrov ក៏បានគូសបញ្ជាក់ដែរថា ប្រទេសម៉ុលដាវី ដូចអ៊ុយក្រែន ដែរចាប់តាំងពីឆ្នាំ២០១៤ គឺមានតំបន់ភាគខាងកើតមួយឱ្យឈ្មោះថា Transnistria ដែលជាមានក្រុមបំបែកខ្លួនជនជាតិរុស្ស៊ី។ តំបន់ Transnistria ក៏មានទាហានរុស្ស៊ី ជាង១.០០០នាក់ ព្រមទាំងឃ្លាំងរំសេវដ៏ធំមួយផងដែរ។

វត្តមានរបស់ជនជាតិរុស្សី នៅក្នុងប្រទេសម៉ុលដាវី ដូចជានៅក្នុងប្រទេសអ៊ុយក្រែន និងបណ្តាប្រទេសផ្សេងៗទៀត នៃអតីតសហភាពសូវៀត ដែរ អនុញ្ញាតឱ្យលោក ពូទីន ផ្សព្វផ្សាយរឿងប្រឌិតថា ប្រជាជនរុស្ស៊ី កំពុងរងការគាបសង្កត់ ហើយត្រូវការការការពារ និងការអន្តរាគមន៍ពីលោក។

បន្ទាប់មកលោក ពូទីន ប្រើពាក្យកុហកទាំងនេះ ធ្វើជាលេសដើម្បីបើកការឈ្លានពានបន្ថែមទៀត។

នៅពេលលោក Sergey Lavrov លើកឡើងថា ប្រទេសម៉ុលដាវី អាចក្លាយជាអ៊ុយក្រែនបន្ទាប់ គឺលោកកំពុងបញ្ជាក់ថា ប្រទេសនេះកំពុងតែព្យាយាម ចុះចូលជាមួយលោកខាងលិច ដែលតម្រូវឱ្យរុស្ស៊ី ចូលលុកលុយ ឬចូលត្រួតត្រាកាន់កាប់ ឬក៏បើកការវាយប្រហារតែម្ដងដើម្បី “ការពារខ្លួន”៕ Japan Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here