ប្រទេសសិង្ហបុរីបង្ហាញឆន្ទៈជាអ្នកសម្របសម្រួល ខណៈភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិនកំពុងកើនកំដៅ

0

ដោយ: គង់ លាងហួរ
សិង្ហបុរី: មន្ត្រីពាណិជ្ជកម្មកំពូលក្នុងប្រទេសសិង្ហបុរីបានអះអាងថា សិង្ហបុរីមានឆន្ទៈក្នុងការសម្របសម្រួលកិច្ចសន្ទនារវាងសហរដ្ឋអាមេរិក និងចិន ដើម្បីជួសជុលទំនាក់ទំនងរបស់ពួកគេ ខណៈលោកបានចាត់ទុកភាពតានតឹងរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង២ជាផលប៉ះពាល់ដល់ពិភពលោក។

លោក Gan Kim Yong រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បានថ្លែងប្រាប់ទូរទស្សន៍ Bloomberg ក្នុងបទសម្ភាសន៍មួយថា “ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិនមានផលវិបាកធ្ងន់ធ្ងរសម្រាប់ពិភពលោកទាំងមូល ហើយដូចដែលអ្នកដឹងសិង្ហបុរីតែងតែចង់ធ្វើជំនួញជាមួយប្រទេសទាំងពីរ”។

សេដ្ឋកិច្ចរបស់សិង្ហបុរីពឹងផ្អែកខ្លាំងលើពាណិជ្ជកម្ម ហើយងាយរងគ្រោះទៅនឹងវិបត្តិ ដែលបណ្តាលមកពីការរំខានក្នុងពាណិជ្ជកម្ម ជាពិសេសពាក់ព័ន្ធនឹងប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មលេខ១របស់រដ្ឋ។

ភាពតានតឹងពាណិជ្ជកម្មចុងក្រោយនេះកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការទប់ស្កាត់ការចូលទៅកាន់បច្ចេកវិទ្យាបន្ទះ semiconductor ដ៏សំខាន់របស់ចិន និងដើម្បីដាក់ការត្រួតពិនិត្យការនាំចេញ។

លោក Gan បាន​មានប្រសាសន៍ដោយ​សំដៅ​ទៅ​លើ​ការ​គ្រប់​គ្រង​ការ​នាំ​ចេញ​ថា“យើង​ទាំង​អស់​គ្នា​មាន​ការ​ព្រួយ​បារម្ភ និង​កំពុងពិនិត្យមើល​ការវិវឌ្ឍ​នេះ​យ៉ាង​ដិតដល់”។

ប្រទេសសិង្ហបុរី និងរដ្ឋាភិបាលរបស់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតបានផ្តោតទៅលើការកសាងទំនាក់ទំនងរបស់ពួកគេជាមួយសហរដ្ឋអាមេរិកជុំវិញកិច្ចពិភាក្សាស្តីពីក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិករបស់សេតវិមាន។

ខណៈប្រទេសចូលរួមជាច្រើនបានអបអរសាទរការយកចិត្តទុកដាក់ជាថ្មីរបស់ទីក្រុងវ៉ាស៊ីនតោន លើតំបន់១០ប្រទេស និងប្រទេសជិតខាងរបស់ខ្លួន កិច្ចព្រមព្រៀងនោះបានរងការរិះគន់យ៉ាងខ្លាំង ដោយសារវាផ្តោតខ្លាំងពេកដើម្បីប្រឆាំងចិន ជាពិសេសគ្មានកិច្ចព្រមព្រៀងចូលទីផ្សារ ដែលប្រទេសពឹងផ្អែកលើពាណិជ្ជកម្មនៅទូទាំងតំបន់អាស៊ីចង់បាន។

ល្បឿននៃការពង្រីកសេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះចន្លោះពី០,៥ទៅ២,៥ភាគរយនៅឆ្នាំនេះ និងមានទំនុកចិត្តក្នុងការជៀសផុតពីវិបត្តិសេដ្ឋកិច្ច ចំពេលមានការជំរុញពីការបើកដំណើរការឡើងវិញរបស់ប្រទេសចិន។

លោក Gan បានបញ្ជាក់ថា “យើងពឹងផ្អែកលើការរីកចម្រើនរបស់ពិភពលោក ដើម្បីជំរុញកំណើនសេដ្ឋកិខ្ចរបស់ប្រទេសសិង្ហបុរី ហើយការព្យាករណ៍នឹងត្រូវបានកែសម្រួលអាស្រ័យលើបរិយាកាសពិភពលោកដែលកំពុងវិវត្តទៅមុខ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here