គម្រោង៥០០ពាន់លានដុល្លារ NEOM ចុះកិច្ចព្រមព្រៀងជាមួយ Marriott International ដើម្បីបើកសណ្ឋាគារ៣នៅ២០២៤

0

សុខុម

ក្រុងរីយ៉ាដៈ គម្រោងខ្នាតយក្សតម្លៃ៥០០ពាន់លានដុល្លារ NEOM នៃប្រទេសអារ៉ាប៊ីសាអូឌីត បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនបដិសណ្ឋារកិច្ចអន្តរជាតិ Marriott International Inc. ដើម្បីបើកសណ្ឋាគារចំនួន៣ទីតាំងនៅ Sindalah ដែលជាកោះប្រណីតដំបូងនៃគម្រោង NEOM។

កិច្ចព្រមព្រៀងនេះរួមបញ្ចូលទាំងការបង្កើតសណ្ឋាគារ Autograph Collection Hotel ដំបូងបង្អស់របស់ប្រទេសនេះដោយក្រុមហ៊ុន Marriott ព្រមទាំងសណ្ឋាគារ Luxury Collection ២ទៀតដែលរំពឹងថានឹងបើកដំណើរការនៅឆ្នាំ២០២៤ ផងដែរ។ នេះបើយោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃសុក្រ ទី១០ ខែមីនា។

សណ្ឋាគារ Luxury Collection ដំបូងដែលសាងសង់នៅរីហ្សតឆ្នេរខ្សាច់នឹងមានបន្ទប់គេងដ៏ប្រណីតចំនួន៧០បន្ទប់ រួមទាំងវីឡាចាប់ពី១ដល់៤បន្ទប់គេងដែលមានអាងទឹកផ្ទាល់ខ្លួនផងដែរ។

សណ្ឋាគារ Luxury Collection ទី២ នឹងមាន១១៥បន្ទប់គេងដែលសុទ្ធតែជាបន្ទប់ស្វីត (Suite) ទាំងអស់ ហើយនឹងមានទីតាំងស្ថិតនៅចំកណ្ដាលសង្កាត់លក់រាយ និងកំពង់ផែនៅកោះ Sindalah។

លោក Jerome Briet ប្រធានផ្នែកអភិវឌ្ឍន៍នៃក្រុមហ៊ុន Marriott International ប្រចាំអឺរ៉ុប តំបន់មជ្ឈិមបូព៌ា និងអាហ្រ្វិក បានលើកឡើងថា “NEOM គឺជាគម្រោងអភិវឌ្ឍន៍មួយដែលគេទន្ទឹងរង់ចាំយ៉ាងអន្ទះសាបំផុតក្នុងពិភពលោក ហើយយើងទន្ទឹងរង់ចាំធ្វើការជាមួយក្រុមការងារនៃគម្រោងនេះដើម្បីអភិវឌ្ឍសណ្ឋាគារដែលនាំមកនូវភាពរំភើបរីករាយទាំង៣នេះ”៕ Arab News៕

LEAVE A REPLY

Please enter your comment!
Please enter your name here