ដោយ: គង់ លាងហួរ
ភ្នំពេញ: ប្រទេសកម្ពុជាកំពុងជំរុញទេសចរណ៍ កីឡាជាផ្នែកមួយនៃយុទ្ធនាការ Visit Cambodia Year 2023 ខណៈដែលកម្ពុជាកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម ជាលើកដំបូងនៅក្នុងខែឧសភាខាងមុខ។
លោក ប្រាក់ វុទ្ធី ប្រធាននាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស នៃក្រសួងទេសចរណ៍បានមានប្រសាសន៍ថា “ការប្រកួតកីឡាស៊ីហ្គេម នឹងដើរតួជាកត្តាជំរុញដល់វិស័យទេសចរណ៍កីឡានៅទូទាំងប្រទេស”។
រាជធានីភ្នំពេញរបស់ប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ នៅខែឧសភាឆ្នាំ២០២៣នេះ។
លោក ប្រាក់ វុទ្ធី បានកត់សម្គាល់ថា “នៅឆ្នាំ២០២៣នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលជារឿងដ៏ធំមួយសម្រាប់កម្ពុជា”។
ព្រឹត្តិការណ៍ទាំងពីរនេះត្រូវបានគេរំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា បានចន្លោះពី២៥០.០០០ ដល់៥០០.០០០នាក់។
ព្រឹត្តិការណ៍កីឡាស៊ីហ្គេម នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា បន្ទាប់មកព្រឹត្តិការណ៍កីឡាអាស៊ាន ប៉ារ៉ាហ្គេមឆ្នាំ២០២៣ នឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី៣ ដល់ទី៩ ខែមិថុនាខាងមុខនេះ។

លោក ប្រាក់ វុទ្ធី បានបន្ថែមថា “កម្ពុជាបានរៀបចំព្រឹត្តិការណ៍កីឡាប្រចាំឆ្នាំជាច្រើន ដែលទាក់ទាញដល់អ្នកទស្សនា មកពីជុំវិញពិភពលោក រួមទាំងព្រឹត្តិការណ៍រត់ប្រណាំង ពាក់កណ្តាលម៉ារ៉ាតុងអង្គរក្នុងខែធ្នូ និង Ultra-Trail Angkor ក្នុងខែកុម្ភៈ និងព្រឹត្តិការណ៍ប្រណាំងកង់អន្តរជាតិផ្សេងៗផងដែរ”។
លោកបានមានប្រសាសន៍ថា “ឆ្នេរសមុទ្រភាគខាងត្បូងរបស់ប្រទេសកម្ពុជា ក៏មានភាពល្អឥតខ្ចោះ សម្រាប់សកម្មភាពប្រកួតលើទឹកនានាផងដែរ ដូចជាការជិះទូកក្ដោង និងទូកកំសាន្ត ដោយមានគម្រោងធ្វើដំណើរពាក់ព័ន្ធនឹងកីឡាបន្ថែមទៀត”៕