ដោយៈ គង់ សូរិយា
ព្រះសីហនុៈ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យសំណើសុំសាងសង់ជលយានដ្ឋាន ស្ថិតនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ការចុះពិនិត្យទីតាំងនេះ បានធ្វើឡើងកាលពីចុងសប្តាហ៍មុន និងទទួលបានសាទរពីប្រជានេសាទ នៅក្នុងតំបន់ ជាពិសេសបងប្អូនប្រជានេសាទនៅស្រុកស្ទឹងហាវតែម្តង។

គម្រោងសាងសង់ ជលយានដ្ឋាននេះ ជាគម្រោងវិនិយោគដ៏ល្អ ដែលមានលក្ខណៈស្របទិសជាមួយនឹងផែនការមេអភិវឌ្ឍ ព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងត្រូវបានរំពឹងថានឹងចូលរួមបង្កើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមរបស់ប្រជានេសាទនៅក្នុង ខេត្តជាប់មាត់សមុទ្រទាំងបួន របស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។
ក្នុងឱកាសនេះលោកឡុង ឌីម៉ង់បានបញ្ជាក់ថា កន្លងមកនៅពេលដែលទូក ឬការណូតរបស់បងប្អូនប្រជានេសាទខូច យើងតែងនាំយកទូក ឬកាណូតទៅជួសជុលនៅប្រទេសជិតខាង ដែលការណ៍នេះ នាំឱ្យមានការប្រឈមនឹងគ្រោះថ្នាក់នានា ខាតពេលវេលា និងចំណាយថវិកាខ្ពស់។ ដូច្នេះការបង្កើតឱ្យមានជលយានដ្ឋាន នៅក្នុងស្រុក មិនត្រឹមតែជម្រុញការលើកទឹកចិត្ត បណ្តុះបណ្តាលជំនាញ បច្ចេកទេសក្នុងការជួសជុល ដល់ប្រជាពលរដ្ឋរបស់យើង កាន់តែស្ទាត់ជំនាញបន្ថែម មួយកម្រិតទៀតតែប៉ុណ្ណោះទេ គឺយើងនឹងចូលរួមកសត់បន្ថយលំហូរថវិកា ទៅកាន់ប្រទេសជិតខាងមួយកម្រិតបន្ថែមទៀតផង៕







