ខេត្តកំពង់ស្ពឺកំពុងក្លាយជាចំណាប់អារម្មណ៍របស់វិនិយោគិនហុងកុង

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ៖ ខេត្តកំពង់ស្ពឺកំពុងក្លាយជាតំបន់ពេញនិយម និងចាប់អារម្មណ៍ពីសំណាក់វិនិយោគិនក្នុង និងក្រៅប្រទេស ក្នុងនោះដែរវិនិយោគិនហុងកុងក៏បាន និងកំពុងចាប់អារម្មណ៍លើខេត្តមួយ ដោយមានក្រុមហ៊ុនជាង១០០ក្រុមហ៊ុន គ្រោងនឹងបណ្ដាក់ទុនវិនិយោគនៅក្នុងតំបន់មួយនេះផងដែរ។

លោកវ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានមានប្រសាសន៍នាពេលថ្មីៗនេះថា ខេត្តកំពង់ស្ពឹជាខេត្ត ដែលកំពុងល្បីល្បាញនិងចង់មកបណ្ដាក់ទុនរកស៊ី ពីសំណាក់វិនិយោគិនបរទេស ហើយឆាប់ៗខាងមុខនេះដែរ លោកនឹងដឹកនាំប្រតិភូទៅទីក្រុងហុងកុង ដើម្បីជួបជាមួយនឹងវិនិយោគិនហុងកុងនៅទីនោះជាច្រើននាក់  ។

លោកបន្តថា “វិនិយោគិននៅហុងកុងជាង១២០ក្រុមហ៊ុន ក៏កំពុងទន្ទឹងរង់ចាំវត្តមានរបស់ប្រតិភូពីកំពង់ស្ពឺ និងដើម្បីសិក្សាពីសក្ដានុពលវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺផងដែរ”។ លោកបន្តថា “គម្រោងទៅក្រុងហុងកុង ជួបជាមួយវិនិយោគិននៅទីនោះ គឺនៅថ្ងៃទី៣១មីនា ថ្ងៃទី០១និងថ្ងៃទី២ ខែមេសា២០២៣នេះ ហើយយើងជឿថានឹងមានវត្តមានក្រុមហ៊ុនពីហុងកុងជាច្រើនទៀត ចូលមកវិនិយោគនៅកម្ពុជាជាបន្តបន្ទាប់ ” ។

លោកវ៉ី សំណាង បានបន្ថែមថា ថ្មីៗនេះខេត្តកំពង់ស្ពឺក៏ត្រូវបានប្រកាសថាជាខេត្តអស់មីន ដែលការប្រកាសនេះ ក៏បានធ្វើឱ្យវិនិយោ​គិន បរទេសរឹតតែចង់មកបណ្ដាក់ទុនបន្ថែមទៀត ហើយអាជ្ញាធររបស់យើងក្នុងខេត្តទាំងមូល ក៏ត្រៀមស្វាគមន៍ និងសម្រួលដល់ការវិនិយោគរបស់វិនិយោគិនជាតិនិងអន្តរជាតិផងដែរ។

ការវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ ត្រូវបានគេមើលឃើញថាភាគច្រើនផ្ដោតលើរោងចក្រឧស្សាហកម្ម និងបានធ្វើឱ្យតម្រូវការដីធ្លីសម្រាប់បម្រើ ក្នុងវិស័យឧស្សាហកម្ម នៅក្នុងខេត្តមួយនេះ កាន់តែមានកំណើនច្រើនជាបន្តបន្តាប់ទៀបផងដែរ ។

លោកបូ សេងហួរ ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តកំពង់ស្ពឹក៏បានឱ្យដឹងថា កាលពីថ្មីៗនេះ មានក្រុមហ៊ុនបរទេសជាច្រើន បានចូលមកកក្នុងខេត្តកំពង់ស្ពឺ និងស្វែងរកការវិនិយោគ ជាពិសេសក្នុងវិស័យឧស្សាហកម្ម ដែលធ្វើឱ្យតម្រូវការដី នៅក្នុងខេត្តនេះ សម្រាប់អភិវឌ្ឍន៍វិស័យឧស្សា​ហកម្មកាន់តែច្រើន និងបានធ្វើឱ្យតម្លៃដីធ្លីរក្សាតម្លៃល្អ ទោះបីជាស្ថិតនៅក្នុងស្ថានភាពសេដ្ឋកិច្ចពិភពលោក មិនទាន់មានស្ថិរភាពក្ដី ។

លោកបន្តថា តំបន់នៅតាមបណ្ដោយផ្លូវជាតិ និងផ្លូវសំខាន់ៗក្នុងខេត្តកំពង់ស្ពឺ មានសកម្មភាពអភិវឌ្ឍន៍យ៉ាងមមាញឹក ជាក់ស្ដែងតាមបណ្ដោយផ្លូវ៥១ ផ្លូវ៤១ ផ្លូវ៤២ និងផ្លូវជាតិលេខ៣ និងលេខ៤ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here