ដោយ: គង់ លាងហួរ
ប៉េកាំង: នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសចិន លោក Li Qiang បានធ្វើសន្និសីទសារព័ត៌មាន ជាលើកដំបូងរបស់លោក បន្ទាប់ពីពិធីបិទសភាប្រជាជនជាតិនៅថ្ងៃចន្ទ ទី១៣ ខែមីនានេះ។
ក្នុងនាមជាជំនួយការយូរឆ្នាំ របស់ប្រធានាធិបតី លោកស៊ី ជីនពីង លោកLi ត្រូវបានគេរំពឹងថា លោកនឹងមានសេរីភាពធ្វើសកម្មភាព ក្នុងដែនកំណត់ជាក់លាក់បន្ថែមទៀត ដើម្បីបង្ហាញពីគំនិតរបស់លោកជាសាធារណៈ ដោយមិនត្រូវបានគេមើលឃើញថា ជាបញ្ហាប្រឈមមួយចំពោះលោកស៊ី ជីនពីង។
ការឆ្លើយតបរបស់លោក Li Qiang ផ្តល់សញ្ញានៃអ្វី ដែលអាចនឹងកើតមាននៅខាងមុខ សម្រាប់មហាសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោកមួយនេះ។
ចំណុចសំខាន់ៗដែលដកស្រង់ ពីសន្និសីទសារព័ត៌មានរបស់លោកនាយករដ្ឋមន្ត្រី Li Qiangមានដូចខាងក្រោមនេះ។
ប្រទេសចិននឹងប្តូរការផ្តោត ទៅលើការអភិវឌ្ឍដែលមានគុណភាពខ្ពស់ និងធ្វើឱ្យប្រសើរឡើងនូវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
ដើម្បីសម្រេចបាននូវគោលដៅ កំណើនសេដ្ឋកិច្ច៥ភាគរយនឹងមិនងាយស្រួលនោះទេ ហើយរដ្ឋាភិបាលចិននឹងដាក់ចេញ នូវគោលនយោបាយជំរុញតម្រូវការ និងការវិនិយោគ។
ហុងកុងមានតួនាទីសំខាន់ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងដឹកជញ្ជូន
រដ្ឋាភិបាលចិនបានគាំទ្រអាជីវកម្មឯកជន ហើយការនិយាយថា ចិន កំពុងបំបាក់ទឹកចិត្តរបស់សហគ្រិនឯកជន គឺមិនសមរម្យនោះទេ។
យុទ្ធសាស្ត្រកូវីដ-១៩ របស់ប្រទេសចិនត្រូវបានគិតគូរយ៉ាងល្អ ហើយបានផ្តល់ពេលវេលាដល់ប្រទេសនេះ ក្នុងការអភិវឌ្ឍន៍វ៉ាក់សាំង និងថ្នាំបង្ការ។ ការផ្ដាច់ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិកគឺគ្រាន់តែជាការឃោសនាបំផ្លើសុំ
ការប្តេជ្ញាចិត្តចុងក្រោយ
លោក Li Qiang បញ្ចប់សន្និសីទសារព័ត៌មានដោយប្តេជ្ញាអនុវត្តគោលនយោបាយនានា ដែលសម្រេចដោយគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត។
មតិសាធារណៈ
លោក Li ក៏អំពាវនាវដល់មន្ត្រីរដ្ឋាភិបាល ជាពិសេសកម្មាភិបាលវ័យក្មេង ដែលអង្គុយនៅក្នុងការិយាល័យរដ្ឋាភិបាល ដើម្បីទៅធ្វើទស្សនកិច្ចសហគមន៍មូលដ្ឋាន ដើម្បីសុំមតិសាធារណៈ។
សុទិដ្ឋិនិយមអំពីអនាគត
លោក Li បានលើកឡើងពីបទពិសោធន៍របស់លោក នៅក្នុងតំបន់ផ្សេងៗ នៃប្រទេសចិនក្នុងអំឡុងសន្និសីទកាសែត ដោយចង្អុលទៅទំនាក់ទំនងជាមួយវិនិយោគិនបរទេស នៅពេលលោកជាប្រធានបក្សក្រុងសៀងហៃ និងការប្រាស្រ័យទាក់ទងជាមួយសហគ្រិនឯកជន នៅពេលលោកជាមន្ត្រីកំពូលនៅក្នុងខេត្ត Zhejiang និងខេត្ត Jiangsu។
លោក Li បានមានប្រសាសន៍ថា នៅពេលលោកនៅទីក្រុងសៀងហៃ ដែលជាបណ្តុំមូលដ្ឋានរបស់ក្រុមហ៊ុន បរទេសជាង៧០.០០០ ក្រុមហ៊ុនទាំងនោះជាច្រើន រួមទាំងក្រុមហ៊ុនអាមេរិកបានប្រាប់លោកថា ពួកគេមានសុទិដ្ឋិនិយម ចំពោះអនាគតនៃទីក្រុងសៀងហៃ និងប្រទេសចិន។
ទំនាក់ទំនងចិន-អាមេរិក
លោក Li អះអាងថា លោកនឹងមិនបញ្ជាក់ជាថ្មីម្តងទៀត នូវការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេស លោក Qin Gang ក្នុងសន្និសីទកាសែតកាលពីសប្តាហ៍មុន អំពីទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិននោះទេ។
ប៉ុន្តែលោកសង្ឃឹមថា កិច្ចព្រមព្រៀងរវាងលោកប្រធានាធិបតីចិន ស៊ី ជីនពីង និងលោក ចូ បៃដិននៅក្រៅកិច្ចប្រជុំ G20 កាលពីឆ្នាំមុន អាចប្រែក្លាយទៅជាសកម្មភាព។
លោក Li បានមានប្រសាសន៍ថា “ពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិក បានឈានដល់កម្រិតខ្ពស់កាលពីឆ្នាំមុន ហើយទំនាក់ទំនងសេដ្ឋកិច្ច រវាងប្រទេសទាំងពីរគឺពឹងផ្អែក និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក”។លោកបន្ថែមថា “គំនិតនៃការផ្តាច់ចំណងគឺគ្រាន់តែជាការឃោសនាបំផ្លើស ហើយមានវិស័យជាច្រើនដែលចិន និងអាមេរិកអាចធ្វើការជាមួយគ្នាបាន”។
ការបើកចំហនៃប្រទេសចិន
លោក Li បានមានប្រសាសន៍ថា “កំណែទម្រង់ និងការបើកចំហរបស់ប្រទេសចិន បានជួយឱ្យប្រទេសនេះ មានការអភិវឌ្ឍ និងមានឥទ្ធិពលលើពិភពលោកទាំងមូល”។
លោកបានបន្តថា អាជីវកម្មបរទេសភាគច្រើន មានសុទិដ្ឋិនិយមចំពោះអនាគតនៅក្នុងប្រទេសចិន ហើយដោយមិនគិតពីការផ្លាស់ប្តូរខាងក្រៅ យើងនឹងបន្តអនុវត្តគោលនយោបាយ នៃការបើកចំហរបស់យើងដោយឥតងាករេ។
លោកបានបញ្ជាក់ថា “ប្រទេសចិននឹងបើកចំហខ្លួនឯង ឱ្យកាន់តែទូលំទូលាយសម្រាប់ពិភពលោក ហើយយើងនឹងផ្តល់សេវាកម្មកាន់តែប្រសើរដល់មនុស្សទាំងអស់គ្នា”។
លោកបន្ថែមថា ប្រទេសចិនដែលបើកចំហ និងប្រទេសចិនដែលស្ថិតនៅក្នុងដំណើរការ នៃការអភិវឌ្ឍន៍ឥតឈប់ឈរ ទទួលស្វាគមន៍ការវិនិយោគមកពីទូទាំងពិភពលោក។
ចំពោះទីជនបទ
នៅលើការអភិវឌ្ឍន៍ជនបទ លោក Li បានគូសបញ្ជាក់អំពីតម្រូវការការពារបរិស្ថាន និងថែរក្សាលក្ខណៈប្លែកៗនៃជនបទ។
លោកក៏មានប្រសាសន៍ថា កសិករគួរតែត្រូវបានលើកទឹកចិត្តឲ្យមានគំនិតផ្តួចផ្តើម ក្នុងការស្តារជនបទឡើងវិញ។
ថ្លែងទៅកាន់កសិករដោយផ្ទាល់ លោក Li បានមានប្រសាសន៍ថា គោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការគាំទ្រផលិតកម្មគ្រាប់ធញ្ញជាតិនឹងកើនឡើង។
លោកលើកទឹកចិត្តដល់កសិករ ឱ្យដាំដំណាំស្រូវឱ្យបានច្រើនដើម្បីធ្វើឱ្យប្រាកដថា ឆ្នាំងបាយរបស់ប្រជាជនចិន ចំនួន១,៤ពាន់លាននាក់នឹងកាន់យ៉ាងរឹងមាំ នៅក្នុងដៃរបស់យើងជានិច្ច។
ចំពោះកោះតៃវ៉ាន់
លោក Li បានមានប្រសាសន៍ថា ជនជាតិចិននៅសងខាងនៃច្រកសមុទ្រតៃវ៉ាន់ គឺជាសមាជិកនៃគ្រួសារតែមួយ។
ទីក្រុងប៉េកាំង នឹងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវប្បធម៌ឆ្លងច្រកសមុទ្រ ដោយឈរលើមូលដ្ឋាន នៃគោលការណ៍ចិនតែមួយ និងកុងសង់ស៊ីសឆ្នាំ១៩៩២។
លោក Li Qiang អះអាងថា ទីក្រុងប៉េកាំងនឹងលើកទឹកចិត្តអ្នកជំនួញតៃវ៉ាន់កាន់តែច្រើនឱ្យមកចិនដីគោក ហើយថាការឆ្លងឆ្លើយធម្មតារវាងភាគីទាំងពីរ នៃច្រកសមុទ្រ គឺជាសេចក្តីប្រាថ្នារបស់ទីក្រុងប៉េកាំង និងតម្រូវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា។
លោកបានលើកឡើងពីសារៈសំខាន់ នៃការធ្វើឱ្យមានការឆ្លងឆ្លើយធម្មតារវាងភាគីទាំងពីរ ដោយមិនបានបញ្ជាក់ថា តើទីក្រុងប៉េកាំងមានឆន្ទៈ ក្នុងការសន្ទនាជាមួយរដ្ឋបាលតៃវ៉ាន់ ដែលមានស្រាប់នៅក្រោមគណបក្សរីកចម្រើនប្រជាធិបតេយ្យ ដែលគាំទ្រឯករាជ្យដែរឬយ៉ាងណានោះទេ។
ការផ្លាស់ប្តូរជាផ្លូវការ ត្រូវបានផ្អាកចាប់តាំងពីលោកស្រី Tsai Ing-wen ក្លាយជាប្រធានាធិបតីតៃវ៉ាន់ ទោះបីជាទីក្រុងប៉េកាំងបានលើកទឹកចិត្ត ឱ្យមានការផ្លាស់ប្តូរប្រជាជន និងប្រជាជននៅកម្រិតរដ្ឋបាលក្នុងតំបន់យ៉ាងណាក្តី។
អាទិភាព
នៅពេលសាកសួរអំពីអាទិភាព នៃរដ្ឋាភិបាលរបស់លោក លោក Li សំដៅទៅលើរបាយការណ៍ ដែលផ្តល់ដោយលោកប្រធានាធិបតីស៊ី ជីនពីងក្នុងអំឡុងពេលសមាជបក្ស ក្នុងខែតុលា ដោយលោកនិយាយថា បេសកកម្មរបស់គណៈរដ្ឋមន្ត្រី គឺអនុវត្តន៍ចក្ខុវិស័យ ដែលមាននៅក្នុងរបាយការណ៍នោះ។
ការអភិវឌ្ឍន៍គុណភាពខ្ពស់
លោក Li បានមានប្រសាសន៍ថា ចិននឹងផ្លាស់ប្តូរការផ្តោតយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍ ដែលមានគុណភាពខ្ពស់ លើកកម្ពស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ការអភិវឌ្ឍន៍នឹងផ្តោតលើមនុស្សកាន់តែច្រើន ហើយនឹងមានគោលបំណងធ្វើឱ្យប្រសើរឡើង នូវជីវភាពរស់នៅរបស់ប្រជាជន នៅក្នុងតំបន់រាប់ចាប់ពីលំនៅដ្ឋាន និងការងារ រហូតដល់សេវាវេជ្ជសាស្រ្ត។
គ្មានកិច្ចការងាយស្រួលទេ
លោក Li បានមានប្រសាសន៍ថា ការសម្រេចបានគោលដៅរបស់ប្រទេសចិន សម្រាប់កំណើន GDP ប្រហែល៥ភាគរយ នៅឆ្នាំនេះ នឹងមិនមែនជាកិច្ចការងាយស្រួលនោះទេ។
ទស្សនវិស័យសម្រាប់សេដ្ឋកិច្ចពិភពលោក មិនមានសុទិដ្ឋិនិយមនោះទេ ហើយលោក Li បានព្រមានអំពីកត្តាមិនច្បាស់លាស់ និងមិនអាចទាយទុកជាមុនបាន ហើយជួនកាលទៀតអាចមានឧប្បត្តិហេតុដែលមិននឹកស្មានដល់។
ការបន្ទរតាមលោក ស៊ី ជីនពីង
នៅក្នុងការឆ្លើយសំណួរដំបូង លោក Li សំដៅលើលោកប្រធានាធិបតី ស៊ី ជីនពីង តាមឈ្មោះជាច្រើនដង ក៏ដូចជាគោលការណ៍ជាច្រើនរបស់លោក ស៊ី ដូចជាគោលដៅ២០០ឆ្នាំ និងទស្សនវិជ្ជាអភិវឌ្ឍន៍ថ្មី ។
បន្សំនៃគោលនយោបាយនានា
លោក Li បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃស្ថិរភាពសេដ្ឋកិច្ចនៅឆ្នាំនេះ។
លោកបានមានប្រសាសន៍ថា “ការរួមផ្សំគ្នានៃគោលនយោបាយមួយចំនួន នឹងត្រូវបានដាក់ចេញសម្រាប់ម៉ាក្រូសេដ្ឋកិច្ច ដើម្បីជំរុញតម្រូវការ និងការវិនិយោគ ក៏ដូចជាលើកំណែទម្រង់ ការច្នៃប្រឌិត និងដើម្បីការពារហានិភ័យផងដែរ”។

សន្ទស្សន៍ផ្សារហ៊ុន Shanghai ហក់ឡើង
សន្ទស្សន៍ Shanghai Composite Index បានហក់ឡើងថ្លៃ បន្ទាប់ពីសន្និសីទសារព័ត៌មាន របស់នាយករដ្ឋមន្ត្រីចិន បានចាប់ផ្តើម ហើយឥឡូវនេះបានហក់ឡើង០,៧ភាគរយ។
ការឆ្លើយតបនឹងជំងឺកូវីដ-១៩
នៅពេលសាកសួរថាតើវិធានការកូវីដ-១៩ របស់ចិនគឺចាំបាច់ឬអត់ លោក Li បានឆ្លើយថា យុទ្ធសាស្ត្រនេះ ត្រូវបានគិតគូរយ៉ាងល្អ ហើយបានផ្តល់ពេលវេលា ដល់ប្រទេសចិន ក្នុងការអភិវឌ្ឍន៍វ៉ាក់សាំង និងថ្នាំ។
លោកបានមានប្រសាសន៍ថា “អស់រយៈពេលជាងបីឆ្នាំ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្ត ប្រជាជនចិនបានរួបរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយឥឡូវនេះយើងទទួលបានជ័យជំនះយ៉ាងសំខាន់ និងដាច់ខាតប្រឆាំងនឹងជំងឺនេះ តែលោកមិនប្រើពាក្យថា“សូន្យកូវីដ”នោះទេ។
ការចូលនិវត្តន៍
លោក Li បានមានប្រសាសន៍ថា លោកដឹងពីការព្រួយបារម្ភជាសាធារណៈ ទាក់ទងនឹងគោលនយោបាយចូលនិវត្តន៍ របស់ប្រទេស ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិត អំពីការផ្លាស់ប្តូរអ្វីដែលអាចនឹងកើតមាននៅខាងមុខនោះទេ។
ទីក្រុងហុងកុង និងម៉ាកាវ
លោកនាយករដ្ឋមន្ត្រីថ្មីរូបនេះ បានរំលេចទីក្រុងហុងកុង និងម៉ាកាវជាធាតុសំខាន់នៃយុទ្ធសាស្ត្ររបស់ប្រទេស។
លោក Li បានមានប្រសាសន៍ថា ទីក្រុងហុងកុង ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងដឹកជញ្ជូន ចំណែកម៉ាកាវ ដែលជាមជ្ឈមណ្ឌលកម្សាន្ត និងទេសចរណ៍ដ៏ល្បីល្បាញលើពិភពលោក នឹងត្រូវបានពង្រឹង និងរួបរួមគ្នាជាមួយនឹងការគាំទ្រ ពីរដ្ឋាភិបាលកណ្តាល។
លោកបន្ថែមថា “ប្រទេសមួយ ប្រព័ន្ធពីរ”នឹងត្រូវបានគាំទ្រដោយរដ្ឋាភិបាលកណ្តាលយ៉ាងពេញលេញ ស្មោះត្រង់ និងម៉ឺងម៉ាត់ ដែលនឹងគាំទ្រទីក្រុងហុងកុង និងម៉ាកាវ ដើម្បីធ្វើសមាហរណកម្មទៅក្នុងការអភិវឌ្ឍរួមរបស់ប្រទេស បង្កើនសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ពួកគេ ព្រមទាំងពង្រឹងការប្រកួតប្រជែង ជាសកលរបស់ទីក្រុងទាំង២ផងដែរ”៕







