ដោយ: គង់ លាងហួរ
ហុងកុង: ក្រុមហ៊ុន CK Hutchison Holdings ដែលជាក្រុមហ៊ុនឈានមុខគេរបស់មហាសេដ្ឋីធំបំផុតលេខ១នៅទីក្រុងហុងកុងលោក Li Ka-Shing គ្រោងនឹងប្រែក្លាយកន្លែងចតនៅមាត់ទឹកមួយទៅជាតំបន់លំនៅដ្ឋានធំជាងគេទី២របស់ទីក្រុងនេះ។
ក្រុមហ៊ុនមេ Hongkong United Dockyards Limited (HUD) របស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ Hutchison បានដាក់សំណើទៅក្រុមប្រឹក្សាផែនការទីក្រុង ដើម្បីសាងសង់ផ្ទះចំនួន១៥.០៧៥ខ្នង នៅលើទីតាំងរបស់ខ្លួន និងដីរដ្ឋាភិបាលដែលនៅជាប់គ្នានៅលើកោះ Tsing Yi។
ទន្ទឹមនឹងនោះ ក្រុមហ៊ុន HUD ខាងលើបានអះអាងថា ទីតាំងនៅជាប់នឹងស្ពាន Tsing Ma នឹងមានផ្ទះល្វែងចំនួន១០.៣៧០ខ្នង និងលំនៅដ្ឋានសាធារណៈចំនួន៤.៧០០ខ្នងផងដែរ។
សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនមេ HUD របស់ Hutchison ដឹកនាំដោយលោក Victor Li Tzar-kuoi កូនប្រុសច្បងរបស់មហាសេដ្ឋី Li Ka-shing បានបញ្ជាក់ថា “មានតម្រូវការលំនៅដ្ឋានរយៈពេលវែងនៅក្នុងទីក្រុងហុងកុង ហើយក្រុមហ៊ុន HUD សង្ឃឹមថានឹងរួមចំណែកផ្នែកមួយរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាលំនៅដ្ឋានតាមរយៈសំណើដែលត្រូវបានដាក់ជូននេះ”។

នៅក្រោមស្ថានភាពខ្វះខាតដីធ្លីនាពេលបច្ចុប្បន្នរបស់ទីក្រុងហុងកុង ក្រុមហ៊ុន HUD ជឿជាក់ថា “ដីឧស្សាហកម្មខ្នាតធំ និងដីរដ្ឋាភិបាលដែលទុកចោលអាចជាផ្នែកមួយនៃដំណោះស្រាយដើម្បីជួយសម្រាលនូវតម្រូវការលំនៅដ្ឋានរបស់ក្រុងហុងកុង”។
សំណើនោះដាក់បញ្ចូលគ្នានូវដីឡូតិ៍របស់ក្រុមហ៊ុន ជាមួយនឹងដីទំនេរមួយកន្លែង ដែលគ្រប់គ្រងដោយរដ្ឋាភិបាលនៅក្រោមស្ពាន Tsing Ma ដោយប្រើប្រាស់ផ្លូវមួយដើម្បីតភ្ជាប់ក្បាលដីទាំងពីរចូលទៅក្នុងការដ្ឋាន ដែលមានទំហំ១៩,៩ហិកតា។
ទំហំនៃគម្រោងនេះគឺស្ថិតនៅលំដាប់ទី២បន្ទាប់ពីគម្រោងផ្ទះចំនួន២១.៥០០ខ្នង នៅបរិវេណលំនៅដ្ឋានដ៏ធំបំផុតរបស់ហុងកុង Lohas Park នៅទីក្រុងថ្មី Tseung Kwan O និងធំជាងគម្រោង Hutchison’s Whampoa Garden នៅស្រុក Hung Hom ដែលមានផ្ទះល្វែងចំនួន១០.២៨៥ខ្នង។
តម្លៃដីត្រូវបានប៉ាន់ប្រមាណថា មានចំនួន២២ពាន់លានដុល្លារហុងកុង(២,៨ពាន់លានដុល្លារអាមេរិក) បន្ទាប់ពីការទូទាត់បុព្វលាភដីធ្លី ហើយសន្មតថា អ្នកអភិវឌ្ឍន៍មិនតម្រូវឱ្យទទួលបន្ទុកចំណាយលើការសាងសង់ផ្ទះសាធារណៈនោះទេ។ នេះបើយោងតាមនាយកជាន់ខ្ពស់របស់ក្រុមហ៊ុន CHFT Advisory and Appraisal លោក Alex Leung ៕







