អ្នកជំនាញ: ទីផ្សារអចលនទ្រព្យវៀតណាម នឹងគ្មានសន្ទុះងើបឡើងរហូតដល់ចុងឆ្នាំ២០២៤

0

សុខុម

ហូជីមិញ: អ្នកជំនាញព្រមានថា ទោះបីរដ្ឋាភិបាលវៀតណាម ខិតខំប្រឹងប្រែងលុបបំបាត់បញ្ហានានាដែលទីផ្សារអចលនទ្រព្យប្រឈមយ៉ាងណាក្ដី ក៏វិស័យនេះនឹងមិនមានការរីកចម្រើនរហូតដល់ចុងឆ្នាំ២០២៤។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១៣ ខែមីនា។

ថ្លែងក្នុងវេទិកាមួយកាលពីថ្ងៃសុក្រ សប្ដាហ៍មុន លោក Nguyen Quoc Hiep ប្រធានសមាគមក្រុមហ៊ុនម៉ៅការសំណង់វៀតណាម ថ្លែងថា ទីផ្សារនឹងបន្តជួបបញ្ហាប្រឈមមុខអូសបន្លាយដូចជា កង្វះលទ្ធភាពទទួលបានដើមទុន ការរឹតបន្តឹងឥណទាន ការរាំងស្ទះផ្លូវច្បាប់ និងការពន្យារពេលក្នុងការទូទាត់មូលបត្របំណុលជាដើម។

លោកបានបន្ថែមថា ក្រឹត្យលេខ០៨ ដែលរដ្ឋាភិបាលបានចេញនាពេលថ្មីៗនេះក្នុងគោលបំណងលុបបំបាត់ការលំបាកនានាសម្រាប់ទីផ្សារមូលបត្រសាជីវកម្ម គ្មានប្រសិទ្ធភាពគ្រប់គ្រាន់នឹងទទួលបានទំនុកចិត្តរបស់វិនិយោគិនឡើងវិញនៅក្នុងទីផ្សារនោះឡើយ។

លោកបានបន្តថា “ក្រឹត្យដែលអនុញ្ញាតឱ្យអ្នកបោះផ្សាយមូលបត្របំណុលពន្យាររយៈពេលទូទាត់ថ្លៃមូលបត្ររហូតដល់២ឆ្នាំនេះ អាចត្រឹមតែជួយការពារទីផ្សារកុំឱ្យដួលរលំប៉ុណ្ណោះ ហើយមិនអាចការពារសិទ្ធិ និងអត្ថប្រយោជន៍របស់អ្នកកាន់មូលបត្របំណុល (ម្ចាស់បំណុល) នោះទេ”។

លោកបានគូសបញ្ជាក់ថា មូលបត្របំណុលដ៏ច្រើននឹងដល់ពេលត្រូវទូទាត់ត្រលប់វិញនៅឆ្នាំនេះ និងឆ្នាំក្រោយ ដោយដាក់សម្ពាធយ៉ាងខ្លាំងទៅលើអ្នកបោះផ្សាយមូលបត្របំណុលដែលភាគច្រើនជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដោយសារពេលនេះពួកគេប្រឈមនឹងបញ្ហាសាច់ប្រាក់ និងមិនអាចបោះផ្សាយមូលបត្របំណុលថ្មីៗដើម្បីរៀបចំបំណុលឡើងវិញបាន។

លោកបានបន្ថែមទៀតថា វាមានសារៈសំខាន់ណាស់ក្នុងការបង្កើតមូលដ្ឋានច្បាប់រយៈពេលវែងសម្រាប់ការបោះផ្សាយមូលបត្របំណុលសាជីវកម្មដើម្បីកសាងទីផ្សារមូលធនប្រកបដោយនិរន្តរភាពសម្រាប់វិស័យអចលនទ្រព្យ៕ Vietnam News៕

LEAVE A REPLY

Please enter your comment!
Please enter your name here