វៀតណាម គ្រោងជួសជុលផ្លូវហាយវ៉េភ្ជាប់មកប្រទេសថៃ ឡាវ និងកម្ពុជា

0

សុខុម

វៀងចន្ទន៍: ប្រទេសវៀតណាម បានចាប់ផ្តើមគម្រោងជួសជុល និងពង្រីកផ្លូវតភ្ជាប់តំបន់ភាគកណ្តាលរបស់ខ្លួនមកកាន់បណ្ដាប្រទេសជិតខាងរួចមានថៃ ឡាវ និងកម្ពុជា។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១៣ ខែមីនា។

សារព័ត៌មាន Viet Nam News បានចុះផ្សាយថា តាមការរំពឹងទុក គម្រោងនេះនឹងចំណាយអស់ទឹកប្រាក់៧៦លានដុល្លារអាមេរិក។ គម្រោងនេះនឹងជួសជុលកែលម្អផ្លូវនានានៅក្នុងខេត្តភាគកណ្ដាល Quang Nam និងតំបន់ខ្ពង់រាបភាគកណ្តាលនៃប្រទេសវៀតណាម ដែលតភ្ជាប់មកកាន់ប្រទេសជិតខាងទាំង៣។

ផ្លូវហាយវ៉េ 14E របស់វៀតណាម នេះតភ្ជាប់ខេត្ត Quang Nam ទៅកាន់តំបន់ខ្ពង់រាបភាគកណ្តាល ដែលតភ្ជាប់ប្រទេសថៃ ឡាវ និងកម្ពុជា តាមរយៈផ្លូវហូជីមិញ (Ho Chi Minh Road)។

នាយកដ្ឋានផ្លូវថ្នល់ក្នុងប្រទេសវៀតណាម គឺជាអ្នកវិនិយោគដ៏ធំនៅក្នុងគម្រោងនេះដែលរំពឹងថានឹងបញ្ចប់ការងារស្ថាបនានៅត្រឹមឆ្នាំ២០២៥។

ប្រវែងសរុប៧៤គីឡូម៉ែត្រនៅលើផ្លូវនេះនឹងត្រូវបានជួសជុលឡើងវិញ ក្រោមទំហំទុនវិនិយោគសរុបជាង៧៥,៨លានដុល្លារអាមេរិក។

រដ្ឋមន្ត្រីដឹកជញ្ជូនវៀតណាម លោក Nguyen Van Thang អះអាងថា ផ្លូវនេះនឹងតភ្ជាប់តំបន់វាលទំនាប និងតំបន់ខ្ពង់រាប ហើយនឹងជំរុញការអភិវឌ្ឍក្នុងខេត្ត Quang Nam និងតំបន់ភាគកណ្តាល ដោយជំរុញពាណិជ្ជកម្មតាមបណ្ដោយច្រករបៀងសេដ្ឋកិច្ចភាគខាងកើត-ភាគខាងលិច (East-West Economic Corridor) ក្នុងប្រទេសវៀតណាម។

គម្រោងនេះនឹងកាត់បន្ថយចម្ងាយធ្វើដំណើរ និងការដឹកជញ្ជូនទំនិញរវាងតំបន់ខ្ពង់រាបភាគកណ្តាល តំបន់ឆ្នេរភាគខាងជើង និងភាគខាងត្បូងនៃប្រទេសវៀតណាម ប្រទេសឡាវ ភាគខាងត្បូង ប្រទេសកម្ពុជា ភាគឦសាន និងប្រទេសថៃ។ វាក៏នឹងកាត់បន្ថយពេលវេលាធ្វើដំណើរនៅលើផ្លូវនេះផងដែរ៕ Laotian Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here