ដោយៈ គង់ សូរិយា
ភ្នំពេញៈ សហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា និងក្រុមហ៊ុន Global Ecological Rice (Cambodia) Co., Ltd. របស់ភាគីចិន បានធ្វើការចុះអនុសារណៈយោគយល់ និងកិច្ចសន្យាផលិតកម្មកសិកម្មដំឡូងមីកម្ពុជា ដើម្បីជំរុញការនាំចេញដំឡូងមីទៅកាន់ទីផ្សារប្រទេសចិន។
ការចុះហត្ថលេខាកាលពីថ្ងៃទី១១ មិនាកន្លងមកនេះ បានធ្វើឡើងនៅភ្នំពេញ ដោយមានការចូលរួមក្រោមអធិបតីភាព លោក ប៉ក់ សម័យសុនីតិ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទគណៈប្រតិភូសហភាពសហគមន៍កសិកម្មបន្លែសុវត្ថិភាពកម្ពុជា លោក ជួ មករា ជាមួយនឹង លោក ចៃ ម៉ុឈី អគ្គនាយកក្រុមហ៊ុន Global Ecological Rice (Cambodia) Co., Ltd។

លោក ជួ មករា បានមានប្រសាសន៍ថា “យើងត្រូវរៀបចំច្រើនណាស់ ចាប់ពីឥឡូវនេះទៅ ហើយទិសដៅក្នុងឆ្នាំនេះ យើងនឹងជំរុញឱ្យមានការនាំចេញឱ្យកាន់តែច្រើន”។ លោកបន្តថា “ដើម្បីបំពេញតាមតម្រូវការរបស់ភាគីអ្នកទិញ កម្ពុជាត្រូវធ្វើការសិក្សារួមគ្នានូវចំណុចខ្វះខាត ដើម្បីឆ្ពោះទៅរកស្ថេរភាព និងបំពេញបានតាមតម្រូវការរបស់អ្នកទិញចង់បាន”។

ជាមួយគ្នានេះ លោក លោក ចៃ មុឈី អគ្គនាយកក្រុមហ៊ុន Global Ecological Rice (Cambodia) ក៏បានលើកឡើងថា “មុននឹងចុះកិច្ចសហការជាមួយនឹងកម្ពុជា ក្រុមហ៊ុន ក៏សហការជាមួយវិទ្យាស្ថានស្រាវជ្រាវតំបន់ត្រូពិច Guangxi សិក្សាពីដី ពូជដំឡូងមី និងទីតាំងភូមិសាស្ត្ររបស់កម្ពុជា ដែលត្រូវតាមតម្រូវការរបស់ក្រុមហ៊ុន ថែមទាំងមានការយល់ព្រមពីរដ្ឋាភិបាលចិន ក្នុងការនាំចេញផលិតផលកម្ពុជាទៅប្រទេសចិនផងដែរ”។
ក្នុងឱកាសនៃការចុះអនុស្សរណៈយោគយល់គ្នានេះ លោក ជួ មករា បានមានប្រសាសន៍ថា “យើងត្រូវរៀបចំច្រើនណាស់ចាប់ពីឥឡូវនេះទៅ ហើយទិសដៅក្នុងឆ្នាំនេះ យើងនឹងជំរុញឱ្យមានការនាំចេញឱ្យកាន់តែច្រើន”។
លោកបន្តថា ដើម្បីបំពេញតាមតម្រូវការរបស់ភាគីអ្នកទិញ កម្ពុជាត្រូវធ្វើការសិក្សារួមគ្នានូវចំណុចខ្វះខាត ដើម្បីឆ្ពោះទៅរកស្ថេរភាព និងបំពេញបាន តាមតម្រូវការរបស់អ្នកទិញចង់បានផងដែរ៕







