ក្រុងតូក្យូ នឹងបើកដំណើរការអគារការិយាល័យថ្មីៗយ៉ាងច្រើនក្នុងឆ្នាំនេះ ខណៈតម្រូវការស្ថិតក្នុងភាពស្រពេចស្រពិល

0

ដោយៈ សុខុម

តូក្យូ: បណ្ដាតំបន់ប៉ែកកណ្តាលនៃទីក្រុងតូក្យូ ប្រទេសជប៉ុន គឺជាទីតាំងក៏ពេញនិយម និងតម្លៃថ្លៃសម្រាប់អគារការិយាល័យ ដោយការិយាល័យកណ្តាល របស់ក្រុមហ៊ុនធំៗជាច្រើន ប្រមូលផ្តុំនៅទីនោះ ហើយកន្លែងធ្វើការលំដាប់ខ្ពស់ ត្រូវបានគេចាត់ទុកជានិមិត្តសញ្ញាបញ្ជាក់ពីឋានៈ។

ទោះជាយ៉ាងណា អត្រាការិយាល័យទំនេរចោល នៅក្នុងទីក្រុងនេះបាន និងកំពុងកើនឡើងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារវិបត្តិកូវីដ-១៩ បានធ្វើឱ្យបុគ្គលិកងាក ទៅធ្វើការងារពីផ្ទះកាន់តែច្រើនឡើង។ ទន្ទឹមនេះ អគារការិយាល័យថ្មីៗយ៉ាងច្រើន គ្រោងនឹងបើកដំណើរការនៅទីក្រុងតូក្យូ ក្នុងឆ្នាំនេះ ខណៈគម្រោងអភិវឌ្ឍន៍ឡើងវិញមួយចំនួនឈានដល់ការបញ្ចប់ជាស្ថាពរ។

ក្រុមហ៊ុនភិវឌ្ឍន៍ធំៗមានជំនឿចិត្តថា ការិយាល័យលំដាប់ខ្ពស់នៅតាមតំបន់កណ្តាលក្រុង នឹងនៅតែមានតម្រូវការខ្ពស់ ខណៈក្រុមហ៊ុនកាន់តែច្រើន កំពុងផ្តោតលើសារៈសំខាន់ នៃការទំនាក់ទំនងទល់មុខគ្នាដែលមានន័យថា ក្រុមហ៊ុនជាច្រើននឹងត្រូវការិយាល័យ ដើម្បីឱ្យបុគ្គលិកមកធ្វើការងារជុំគ្នាឡើងវិញ។

ទោះជាយ៉ាងណា អ្នកឃ្លាំមើលស្ថានការណ៍មួយចំនួន នៅក្នុងវិស័យឧស្សាហកម្មនិយាយថា ស្ថានភាពទីផ្សារការិយាល័យ មិនប្រាក​ដប្រជានោះឡើយ។

ស្ថិតិការិយាល័យទំនេរចោល សម្រាប់តំបន់ប៉ែកកណ្ដាលចំនួន៥ នៃក្រុងតូក្យូ រួមមានតំបន់ Chuo តំបន់ Shibuya តំបន់ Minato តំបន់ Chiyoda និងតំបន់ Shinjuku បានកើនឡើងខ្ពស់ជាងអត្រាមុនពេលផ្ទុះវិបត្តិកូវីដ-១៩។

យោងតាមទិន្នន័យពីក្រុមហ៊ុនឈ្មួញ ជើងសារការិយាល័យ Miki Shoji បង្ហាញថា អត្រាការិយាល័យទំនេរចោល នៅក្នុងខែកុម្ភៈ ដើមឆ្នាំ២០២៣ គឺស្ថិតក្នុងរង្វង់៦,១៥% ខណៈអត្រានេះស្ថិតក្រោម៣%នៅចន្លោះពីខែមីនា ឆ្នាំ២០១៨ ដល់ខែកក្កដា ឆ្នាំ២០២០។

ជាទូទៅ អត្រាការិយាល័យទំនេរចោល លើសពី៥%ត្រូវបានចាត់ទុកថា ផ្គត់ផ្គង់លើសពីតម្រូវការទៅហើយ។

ទន្ទឹមនឹងនេះ ស្ថិតិពីក្រុមហ៊ុនផ្ដល់សេវា ជួលការិយាល័យ Sanko Estate ក៏បានបង្ហាញផងដែរថា អត្រាការិយាល័យទំនេរចោលសម្រាប់តំបន់ទាំង៥ខាងលើ គឺខ្ពស់ជាងគេក្នុងអត្រា៤,៦៦%នៅក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២២ បើធៀបនឹង០,៦៩%ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។

យោងតាមក្រុមហ៊ុន Sanko Estate ឱ្យដឹងថា ទោះបីជាមានការកើនឡើង នូវអត្រាការិយាល័យទំនេរចោលយ៉ាងណាក្ដី ក៏តំបន់ទាំង៥ខាងលើ នឹងផ្គត់ផ្គង់ការិយាល័យថ្មីៗ ជាង៧៦០.០០០ម៉ែត្រការ៉េនៅឆ្នាំនេះ គឺច្រើនជាងទ្វេរដង បើធៀបនឹងតួលេខកាលពីឆ្នាំមុន និងជាតួលេខខ្ពស់បំផុតមួយ ក្នុងរយៈពេល១ទសវត្សរ៍មកនេះ។

នៅមុនពេលផ្ទុះវិបត្តិកូវីដ-១៩ តម្រូវការការិយាល័យក្នុងទីក្រុងតូក្យូ បានកើនឡើងខ្លាំង ដោយសារគោលនយោបាយរបស់នាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ បានជួយបង្កើនប្រាក់ចំណេញ និងការងាររបស់ក្រុមហ៊ុននានា ជាពិសេសសម្រាប់ស្ត្រី និងមនុស្សចាស់៕ Japan Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here