ដោយៈ ម៉ាលីនណា
កំពង់ស្ពឺៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ស្វែងរកឱកាសការងារថ្មីរបស់កម្មករ កម្មការិនី រោងចក្រដែលបានបាត់បង់ការងារ ឬត្រូវព្យួរកិច្ចសន្យាការងារនាពេលកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នឹងរៀបចំនូវព្រឹត្តិការណ៍ជ្រើសរើសកម្មករ និយោជិតទ្រង់ទ្រាយធំនៅក្នុងទីតាំង “បុរីកម្មករ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ”។
ការរៀបចំនេះនឹងធ្វើឡើង នៅថ្ងៃទី១៧ ខែមីនានេះ ដោយមានរោងចក្រ សហគ្រាសធំៗចំនួន៥ ចូលរួមជ្រើសរើសកម្មករ កម្មការិនីចំនួន៥៤៥០នាក់។
ក្រសួងការងារ និងបណ្តុះបណ្តុះវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ បានឲ្យដឹងថា ក្រុមហ៊ុនទាំង៥ ដែលកំពុងត្រូវការជ្រើសរើសកម្លាំងពលកម្ម ជាច្រើនពាន់នាក់នេះ រួមមាន៖ ក្រុមហ៊ុន ញូវ៉ាយដ៍ អឹភែរឹល ឯ.ក , ក្រុមហ៊ុន ហ្វអេវើ អេហ្វយូធីហ្គាម៉ិន ឯ.ក , ក្រុមហ៊ុន ទ្រីមែន (ខេមបូឌា) ឯ.ក , ក្រុមហ៊ុន អ៊ែជ្យាល៍ ស្វេតថឺ (ខេមបូឌា) និងក្រុមហ៊ុន អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ឯ.ក។
ការរៀបចំវេទិកាការងារនេះ គឺជាអន្តរាគមន៍ដោះស្រាយការងារបន្ទាន់មួយទៀតរបស់រាជរដ្ឋាភិបាល ជាពិសេសការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី និងលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជួយដល់បងប្អូនកម្មករ កម្មការិនី ឲ្យឆាប់ទទួលបានការងារថ្មីឡើងវិញ ដើម្បីរក្សាលំនឹងជីវភាព និងប្រាក់ចំណូលកម្មករ កម្មការិនី បន្ថែមពីលើការទទួលបាននូវការគាំពារ តាមរយៈការឧបត្ថម្ភសាច់ប្រាក់ដូចអំឡុងពេលនៃការព្យួរកិច្ចសន្យាការងារ ក្នុងពេលរីករាលដាលជំងឺកូវីដ។
ព្រឹត្តិការណ៍ជ្រើសរើសកម្មករ និយោជិតទ្រង់ទ្រាយធំនេះ នឹងត្រូវរៀបចំឡើង ដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ ដោយសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យការងារ មន្ទីរការងារខេត្តកំពង់ស្ពឺ និងអជ្ញាធរមូលដ្ឋាន ដើម្បីជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋទូទៅនៅក្នុងខេត្ត ពិសេសកម្មករ កម្មការិនី ដែលរស់នៅក្នុងខេត្តកំពង់ស្ពឺទាំងមូល។

បន្ថែមលើនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានរៀបចំបញ្ជូនមជ្ឈមណ្ឌលការងារចល័ត ដើម្បីចុះទៅផ្សព្វផ្សាយផ្ទាល់ដល់ មូលដ្ឋានដែលកម្មករ កម្មការិនីកំពុងរស់នៅ ដើម្បីកៀរគរឲ្យមានការចូលរួមកាន់តែច្រើន និងឆាប់ទទួលបានការងារថ្មី តាមរយៈព្រឹត្តិការណ៍នេះ៕