ទំហំនៃការវិនិយោគទ្រព្យសកម្មថេររបស់ប្រទេសចិនហក់ឡើងដល់៧៨០ពាន់លានដុល្លារក្នុងរយៈពេល២ខែដំបូង

0

ដោយ: គង់ លាងហួរ
ប៉េកាំង: ទិន្នន័យផ្លូវការបានបង្ហាញថា ការវិនិយោគទ្រព្យសកម្មថេររបស់ប្រទេសចិនបានទទួលកំណើនជាលំដាប់ក្នុងរយៈពេល២ខែដំបូងនៃឆ្នាំ២០២៣នេះនៅក្នុងសញ្ញាថ្មីចុងក្រោយបំផុតនៃការងើបឡើងវិញនៃសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។

ការវិនិយោគលើទ្រព្យសកម្មថេរបានកើនឡើង៥,៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំដល់៥,៣៥៧៧ពាន់ពាន់លានយ័ន (ប្រហែល៧៨០ពាន់លានដុល្លារអាមេរិក) ក្នុងខែមករា និងខែកុម្ភៈ បូកបញ្ចូលគ្នា ពោលគឺខ្ពស់ជាងមុន០,៤ភាគរយ ធៀបនឹងអត្រាកំណើនពេញមួយឆ្នាំ២០២២។

នៅក្នុងការវិភាគ ការវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធបានរាយការណ៍ថា មានការកើនឡើង៩ភាគរយក្នុងរយៈពេលដ៏រុឹងមាំ ហើយការវិនិយោគលើវិស័យផលិតកម្មក៏បានរក្សាសន្ទុះកំណើនផងដែរ ពោលគឺកើនឡើង៨,១ភាគរយ។ ទោះជាយ៉ាងនេះក្តី លំហូរមូលធនក្នុងការអភិវឌ្ឍន៍អចលនទ្រព្យបានធ្លាក់ចុះ៥,៧ភាគរយ។

លោក Fu Linghui អ្នកនាំពាក្យរបស់ការិយាល័យស្ថិតិជាតិ បានបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានថា ការវិនិយោគនឹងបន្តជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ហើយប្រទេសនេះនឹងបង្កើនការវិនិយោគដើម្បីដោះស្រាយបញ្ហានៃការអភិវឌ្ឍ ដែលមិនមានតុល្យភាព។

ចំណែកឯ ការវិនិយោគលើឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់បានហក់ឡើងរហូតដល់ទៅ១៥,១ភាគរយ។ ជាពិសេស ការវិនិយោគលើការផលិត និងសេវាកម្មបច្ចេកវិទ្យាជាន់ខ្ពស់ បានកើនឡើង១៦,២ភាគរយ និង១២,៣ភាគរយរៀងៗគ្នា។

ការគាំទ្រដើមទុនកាន់តែច្រើនក៏ត្រូវបានផ្តល់ដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនផងដែរ ខណៈការវិនិយោគលើវិស័យសុខាភិបាលសាធារណៈ និងការអប់រំបានកើនឡើង១៨,៨ភាគរយ និង៤,៨ភាគរយរៀងៗគ្នា។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក Fu បានចង្អុលបង្ហាញថា ទីផ្សារអចលនទ្រព្យបានមើលឃើញពីការផ្លាស់ប្តូរជាវិជ្ជមានមួយចំនួន បើទោះបីជាការវិនិយោគលើអចលនទ្រព្យបន្តធ្លាក់ចុះយ៉ាងណាក្តី។

ការធ្លាក់ចុះនៃការវិនិយោគលើអចលនទ្រព្យបានរួមតូចពី១០ភាគរយកាលពីឆ្នាំមុនមកត្រឹម៥,៧ភាគរយនៅក្នុងខែមករា និងខែកុម្ភៈ ហើយការលក់ផ្ទះក៏បានកត់ត្រាការធ្លាក់ចុះតិចតួចផងដែរទាំងទំហំផ្ទៃក្រឡា និងតម្លៃ។

លោក Fu បានបន្ថែមថា “ទីផ្សារអចលនទ្រព្យនៅតែស្ថិតក្រោមការកែសម្រួល ហើយវានឹងមានស្ថិរភាពជាបណ្តើរៗជាមួយនឹងការធ្វើឱ្យប្រសើរឡើងនៃសេដ្ឋកិច្ចទាំងមូល និងការរំពឹងទុករបស់ទីផ្សារ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here