ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ វិនិយោគិនជប៉ុន បានបង្ហាញពីការចាប់អារម្មណ៍លើការបណ្ដាក់ទុនវិនិយោគ នៅក្នុងប្រទេសកម្ពុជា ស្របនឹងគម្រោងជប៉ុនជាច្រើននៅក្នុងប្រទេសកម្ពុជាក៏ ទទួលបានជោគជ័យដោយមានការគាំទ្រពីប្រជាពលរដ្ឋកម្ពុជាផងដែរ។
នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោយជំនួបរវាង លោកបណ្ឌិតអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១៦មីនា ២០២៣ ។
លោកអ៊ិត សំហេង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះបេសកម្មការទូតរបស់ អគ្គរាជទូតជប៉ុននៅកម្ពុជា ហើយបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ លើគ្រប់វិស័យ ដែលជប៉ុនបានជួយកម្ពុជារួមចំណែក ក្នុងការកសាង និងថែរក្សាសេ្ថរភាព សន្តិភាព និងការអភិវឌ្ឍ។
លោកបន្តថា “ឆ្នាំនេះគឺជាខួបអនុសាវរីយ៍៧០ឆ្នាំ នៃទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ដែលរយៈពេលកន្លងមកប្រទេសទាំងពីរ បានឆ្លងកាត់ដំណាក់កាលជាច្រើន រហូតទទួលបានការរីកចម្រើនខ្ពស់បំផុត ឈានទៅរកការបង្កើតបាននូវក្របខណ្ឌដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ”។ លោកបន្តថា “កម្ពុជាចងចាំជានិច្ចនូវជំនួយរបស់ជប៉ុន ក្នុងការស្វែងរកសន្តិភាព និងសេ្ថរភាពក្នុងឆ្នាំ១៩៩១ និងជំនួយរបស់ជប៉ុនបានចូលរួមចំណែក ក្នុងការជួយអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកម្ពុជារហូតមកដល់បច្ចុប្បន្ន កាន់តែរីកចម្រើន”។
ជប៉ុននៅតែជាដៃគូសហប្រតិបត្តិការ ដ៏មានសារៈសំខាន់បំផុតជួយអភិវឌ្ឍន៍ស្ទើគ្រប់វិស័យ រួមទាំងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: តាមរយៈការផ្តល់ឥណទានជំនួយឥតសំណង ដែលក្នុងនោះការបង្កើតឱកាសហ្វឹកហាត់ការងារ ដល់កម្មសិក្សាការី និងពលករកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុន, គម្រោង JICA ដែលជួយគាំទ្រដល់ការអភិវឌ្ឍវិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា ការផ្តល់សំភារ:សិក្សា និងអ្នកជំនាញឯកទេស និងការផ្តល់ជំនួយតាមគម្រោងផ្សេងទៀត ជាលក្ខណ:ពហុភាគី ដូចជា តាមរយៈគម្រោង អង្គការ ILO/ជប៉ុន ជាដើម ដែលជាកត្តាជួយបង្កើនការកសាងហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ ការកសាងធនធានមនុស្ស និងការទាក់ទាញវិនិយោគយ៉ាងច្រើន មកក្នុងប្រទេសកម្ពុជា បង្កើតបានឱកាសការងារជូនប្រជាជនកម្ពុជា។
លោកUENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការផ្តល់កិច្ច សហប្រតិបត្តិការល្អេ រហូតកសាងបាននូវទំនុកចិត្តជាមួយគ្នា ជាយូរលង់ណាស់មកហើយ ក្នុងដំណើរស្វែងរកសន្តិភាព និងការស្តារប្រទេសឡើងវិញក្រោយពីកម្ពុជាបានឆ្លង កាត់សម័យកាលដ៏លំបាកមួយ រហូតដល់កម្ពុជាទទួលបាន នូវការអភិវឌ្ឍលើគ្រប់វិស័យ កសាងបាននូវទំនុកចិត្តពីអ្នកវិនិយោគទុនជប៉ុន ហើយកំពុងតែបន្តផ្តល់ភាពទាក់ទាញបន្ថែមទៀត ដល់អ្នកវិនិយោគទុនមកបណ្តាក់ទុននៅកម្ពុជា ។

ជប៉ុនជាវិនិយោគិន ដែលមានភាពស្មោះត្រង់ និងមានប្រទេសជាច្រើននៅលើពិភពលោក ចង់ឱ្យជប៉ុនទៅវិនិយោគនៅក្នុងប្រទេសរបស់ពួកគេ។ សម្រាប់កម្ពុជា គម្រោងវិនិយោគរបស់ជប៉ុន តែងតែទទួលបានជោគជ័យ និងបន្តដំណើរការដោយរលូន ជាក់ស្ដែងគម្រោងផ្សារទំនើបអ៊ីអន គម្រោងខុនដូ បុរីនិងគម្រោងរោងចក្រឧស្សាហកម្មជាដើម ។
លោកសន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងថា ជប៉ុនជាប្រទេសដែលបានដាក់ទុនវិនិយោគនៅកម្ពុជាច្រើនជាងគេមួយ ក្នុងចំណោមប្រទេសដែលបានដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយក៏មានប្រទេសជាច្រើនកំពុងចាប់អារម្មណ៍ ក្នុងការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេសបន្ទាប់ពីស្ថានភាពកូវីដ១៩បានធូរស្រាលឡើងវិញ៕