ធនាគារលំដាប់យក្ស Credit Suisse នឹងខ្ចី៥៤ពាន់លានដុល្លារ ពីធនាគារកណ្ដាលស្វីស ដើម្បីបញ្ចៀសវិបត្តិធនាគារពិភពលោក

0

ដោយៈ សុខុម

អន្តរជាតិ: ធនាគារ Credit Suisse នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា នេះអះអាងថា ខ្លួននឹងខ្ចីប្រាក់រហូតដល់៥៤ពាន់លានដុល្លារ ពីធនាគារកណ្តាលស្វីស ដើម្បីបង្កើនសាច់ប្រាក់ និងទំនុកចិត្តរបស់វិនិយោគិន បន្ទាប់ពីការធ្លាក់ថ្លៃភាគហ៊ុនរបស់ខ្លួន ដែលបានបង្កការព្រួយ​បារម្ភកាន់តែខ្លាំងឡើងថា វិបត្តិធនាគារពិភពលោកអាចនឹងផ្ទុះ ឡើង។

សេចក្តីប្រកាសរបស់ធនាគារស្វីស មួយនេះបានជួយទប់ស្កាត់ការសម្រុកលក់ចេញយ៉ាងគំហុក ក្នុងបណ្ដាទីផ្សារហិរញ្ញវត្ថុនៅអាស៊ី នាថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា នេះ បន្ទាប់មានការជួញដូរយ៉ាងជ្រួលច្របល់នៅអឺរ៉ុប និងសហរដ្ឋអាមេរិក កាលពីយប់មិញ ខណៈវិនិយោគិន មានការព្រួយបារម្ភអំពីសុវត្ថិភាព ប្រាក់បញ្ញើរបស់ធនាគារទូទាំងពិភពលោក។

តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ធនាគារ Credit Suisse បានបញ្ជាក់ថា ខ្លួននឹងប្រើប្រាស់ជម្រើសមួយ ដើម្បីបញ្ចៀសវិបត្តិធនាគារពិភពលោក នោះគឺខ្ចីប្រាក់ពីធនាគារកណ្តាលស្វីស រហូតដល់៥៤ពាន់លានដុល្លារ ដើម្បីដោះស្រាយបញ្ហា។

ការបញ្ជាក់នេះធ្វើឡើងក្រោយ ពីមានការធានាអះអាងពីអាជ្ញាធរធនាគារស្វីស កាលពីថ្ងៃពុធ ទី១៥ ខែមីនា ថា ធនាគារ Credit Suisse បំពេញបានតាម “លក្ខខណ្ឌតម្រូវផ្នែកដើមទុន និងសាច់ប្រាក់ ដែលដាក់លើធនាគារជាប្រព័ន្ធ” ហើយថា ធនាគារនេះអាចទទួលបានសាច់ប្រាក់ ពីធនាគារកណ្តាលស្វីសគ្រប់ពេល ប្រសិនបើចាំបាច់។

ធនាគារ Credit Suisse គឺជាធនាគារលំដាប់ពិភពលោកដ៏ធំដំបូងគេ ដែលទទួលបានកម្ចីសង្គ្រោះ ក្នុងគ្រាអាសន្នចាប់តាំងពីវិបត្តិហិរញ្ញវត្ថក្នុងឆ្នាំ២០០៨ ហើយបញ្ហារបស់ធនាគារនេះ បានបង្កឱ្យមានមន្ទិលកាន់តែខ្លាំងឡើងថា តើបណ្ដាធនាគារកណ្តាលទូទាំងពិភពលោក នឹងមានសមត្ថភាពអាចទប់ទល់ វិបត្តិអតិផរណារួចដែរឬទេ ស្របពេលដំឡើងអត្រាការប្រាក់យ៉ាងគំហុក៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here