ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកឌិត ទីណាបានប្រាប់ឲ្យ លេខាធិការដ្ឋានត្រូវធ្វើចំណាត់ថ្នាក់ នៃគម្រោងដីសម្បទានសេដ្ឋកិច្ចឡើងវិញ។
លោកបានជំរុញឲ្យអ្នកទទួលបាន ដីសម្បទានសេដ្ឋកិច្ចទាំងអស់ ត្រូវជួយថែរក្សាគម្រោងដែលមានសកម្មភាពល្អ ឱ្យជួយអភិវឌ្ឍប្រទេសជាតិ ហើយត្រូវជួយជំរុញដល់អ្នក ដែលមានសកម្មភាពតិចឱ្យបានប្រសើរឡើង។ ចំណែកគម្រោងដែលមិនមានសកម្មភាព ត្រូវជំនួសដោយគម្រោងថ្មីរបស់វិនិយោគិនថ្មី ដែលមានផែនការវិនិយោគច្បាស់លាស់ និងធ្វើពិតប្រាកដ ដើម្បីចូលរួមអភិវឌ្ឍខេត្ត និងលើកស្ទួយសេដ្ឋកិច្ចជាតិ។
-->

ជាមួយគ្នានេះដែរត្រូវពង្រឹង និងជំរុញការងារចុះបញ្ជីឱ្យមានប្រសិទ្ធភាព ដោះស្រាយនិងទទួលខុសត្រូវរួមគ្នា ជាពិសេសទប់ស្កាត់ការទន្ទ្រានដីរដ្ឋ។
លោកឌិត ទីណាបានរំឭកជាថ្មីម្តងទៀត ជូនអង្គប្រជុំឱ្យទទួលស្គាល់ពីសារៈសំខាន់ នៃសម្បទានដីសេដ្ឋកិច្ច និងភាពចាំបាច់ដែលត្រូវដោះស្រាយបញ្ហាប្រឈមដែលកើតមាន ដោយស្នើលេខាធិការដ្ឋានរៀបចំឱ្យមានកិច្ចប្រជុំ ទៀងទាត់រាល់៣ខែម្តង ដើម្បីពិនិត្យលើវឌ្ឍនភាព និងដោះស្រាយរាល់បញ្ហាដែលកើតមានឱ្យបានល្អ និងទាន់ពេលវេលា។

បន្ថែមលើនេះទៀត ត្រូវធ្វើការងារឱ្យបានជិតស្និទ្ធជាមួយក្រុមហ៊ុន ត្រូវមានព័ត៌មានច្បាស់លាស់ វាយតម្លៃប្រកបដោយតម្លាភាព ដើម្បីភាពរីកចម្រើនទាំងអស់គ្នា។ រីឯការទទួលចំណូលមិនមែនសារពើពន្ធ ត្រូវមានវិធានការពិន័យប្រាក់ក្នុងមួយហិចតា៥ដុល្លា ចំពោះអ្នកមិនបានបង់ថ្លៃដីជូនរដ្ឋ ដោយប្រើយន្តការសន្ទនាត្រឹមត្រូវ ព្រមទាំងការកំណត់។
ក្នុងកិច្ចប្រជុំនៅថ្ងៃទី១៦ មិនានេះ លោកឌិត ទីណាបានលើកទឹកចិត្ត និងទទួលស្វាគមន៍នូវរាល់គំនិតផ្តួចផ្តើមទាំងអស់ ក៏ដូចជាធាតុចូលបន្ថែមតាមខេត្តនីមួយៗ ដើម្បីចូលរួមដោះស្រាយបញ្ហាដីសម្បទានសេដ្ឋកិច្ចឱ្យមានប្រសិទ្ធភាព ដើម្បីផ្តល់ប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ។
លោកបញ្ជាក់ថា “ការងារនេះ ត្រូវមានការចូលរួមពីអង្គភាពពាក់ព័ន្ធ ប្តេជ្ញាធ្វើការសហការរួមគ្នាល្អ ធ្វើការរួមគ្នាដោយឆន្ទៈ និងការទទួលខុសត្រូវ តម្កល់ផលប្រយោជន៍ជាតិជាធំ”។ លោកបន្តថា “ត្រូវយកបញ្ហាប្រឈមដាក់លើតុ នាំគ្នាពិភាក្សារកដំណោះស្រាយឱ្យបានល្អបំផុត។ ចំពោះការវាយតម្លៃចំណាត់ថ្នាក់គម្រោង ត្រូវពិនិត្យមើលឱ្យបានគ្រប់ចំណុច ឱ្យល្អិតល្អន់ ទាន់ពេលវេលា ប្រកបដោយបច្ចេកទេស ព្រមទាំងគិតពីពេលវេលានៃការទទួលបានដីផងដែរ”៕
