ដោយៈ គង់ សូរិយា
ព្រះសីហនុៈ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោកគួច ចំរើន អភិបាលនៅព្រឹកថ្ងៃទី១៦ មិនានេះ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះរៀបចំ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម និងកិច្ចប្រជុំការងារទេសចរណ៍លើកទី៥១ និងវេទិការទេសចរណ៍មេគង្គឆ្នាំ២០២៣។
លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងបើកកិច្ចប្រជុំ ដោយផ្តោតសំខាន់លើការពង្រឹង និងការលើកកម្ពស់ភាពជាដៃគូររដ្ឋ និងឯកជន (PPP) ក្នុងវិស័យទេសចរណ៍សំដៅអភិវឌ្ឍផលិតផល និងជំរុញការផ្សព្វផ្សាយទេសចរណ៍ ប្រទេសមហាអនុតំបន់មេគង្គ ឱ្យក្លាយជាគោលដៅទាក់ទាញរួមគ្នា និងផ្តល់នូវបទពិសោធន៍ថ្មីដល់ភ្ញៀវទេសចរ។
យុទ្ឋសាស្រ្តទាំងនោះ មានដូចជា ១.ទេសចរណ៍វ័យឆ្លាត និងគោលដៅទេសចរណ៍វ័យឆ្លាត តាមរយៈបច្ចេកវិទ្យា ២.គិតគូរឡើងវិញពីវិស័យម្ហូបអាហារ ដើម្បីការពារភពផែនដី ៣.ការពង្រឹងមូលធនមនុស្ស ដើម្បីភាពធន់ក្នុងវិស័យទេសចរណ៍។
លោកបន្តថា “យើងត្រូវត្រៀមឱ្យបានរួចរាល់ដូចជា ចែកតួនាទី និងភារកិច្ចឱ្យបានច្បាស់លាស់ សំដៅនាធាដល់សុខសុវត្ថិភាព ផាសុខភាព និងបដិសណ្ឋារកិច្ចល្អដល់ប្រតិភូ វាគ្មិន វិស័យឯកជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។ ជំរុញការផ្សព្វផ្សាយព្រឹត្តិការណ៍ខាងលើឱ្យបានកាន់តែ ទូលំទូលាយទាំងកម្រិតជាតិ អន្តរជាតិ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដើម្បីបង្ហាញគោលដៅទាក់ទាញទេសចរណ៍លើគោក មកទស្សនានឹងដកបទពិសោធន៍សកម្មភាពមុជទឹកបាតសមុទ្រ ដើម្បីជំរុញការផ្សព្វផ្សាយផលិតផល ទេសចរណ៍នៅដែនកោះ ក្នុងឋានៈជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ សម្រាប់ខេត្តព្រះសីហនុផងដែរ។
ខេត្តព្រះសីហនុ នឹងធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាចំនួន៣ប្រភេទ ១.កីឡាទូកក្ដោង ២.កីឡាប៉ូតូទឹក និងទី៣.បាល់ទះឆ្នេរខ្សាច់។ យើងត្រូវធ្វើការទទួលខុសត្រូវបែងចែកតួនាទី ភារកិច្ចការធ្វើជាម្ចាស់ផ្ទះ និងពិនិត្យទីតាំង នៃការប្រកួតឱ្យបានសមស្រប ហើយអ្នកដែលមានការពាក់ព័ន្ធត្រូវធ្វើការផ្សព្វផ្សាយចែករំលែក និងការចូលរួមគាំទ្រឱ្យបានពេញលេញ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីប្រែក្លាយជាសកម្មភាព ដែលជាមោទនភាពរបស់ខេត្តយើងទាំងអស់គ្នា។

លោកគួច ចំរើនបានបញ្ជាក់ថា ការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ក៏ជារឿងមួយសំខាន់ ក្នុងការទទួលខុសត្រូវ ដូច្នេះក្រុង ស្រុក ឃុំ សង្កាត់ត្រូវចូលរួមសកម្មភាពសម្អាតអនាម័យ បរិស្ថាននៅតាមមូលដ្ឋាន ដោយធ្វើការបែងចែកមន្ត្រី និងបំផុសប្រជាពលរដ្ឋឱ្យចូលរួមកែលម្អសោភណ្ឌភាពនៅតាមមុខផ្ទះ យើងត្រូវចាប់យកឱកាស បង្កើតវប្បធម៌ស្នាមញញឹម ជម្រុញឱ្យអ្នកលក់ដូរត្រូវដាក់ស្លាកតម្លៃ ព្រមទាំងលើកទឹកចិត្តអ្នក ដែលបានចូលរួមតាមការណែនាំរបស់អាជ្ញាធរ នេះជាការគាំទ្រសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ និងស៊ីហ្គេមនៅខេត្តព្រះសីហនុប្រកបដោយសុវត្ថិភាព៕