ដោយៈ ជេស៊ីកា
ភ្នំពេញៈ គំរោងកសាងទីក្រុងរណបធំៗចំនួន៥ នៅព័ទ្ឋជុំវិញរាជធានីភ្នំពេញ បាននិងកំពុងអភិវឌ្ឍន៍ក្នុងសភាពយឺតៗ ដោយសារកត្តាជាច្រើន។
គំរោងដែលបាន និងកំពុងបោះទុនរាប់ពាន់លានដុល្លារ បាននិងកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ឋមួយចំនួន ដើម្បីពង្រីកមូលដ្ឋានទាក់ទាញវិនិយោគិនជាតិ អន្តរជាតិ។
ទីក្រុងកោះពេជ្រ
ទីក្រុងកោះពេជ្រ ជាទីក្រុងស្ថិតនៅជាបេះដូងនៃរាជធានី និងបានចាប់ផ្តើមអភិវឌ្ឍន៍មុនគេ។ តំបន់នេះ លេចចេញនូវវត្តមានអគារកប់ពពកជាច្រើន ខណៈក្រុមហ៊ុនOCIC ដែលកំពុងអភិវឌ្ឍគំរោងនេះ បាននិងកំពុងពង្រីកមូលដ្ឋាននៃការវិនិយោគ តាមរយៈការសាងសង់ផ្លូវដើរ និងកសាងផ្សាររាត្រីព័ទ្ឋជុំវិញកោះ ដែលមានទំហំជាង១០០ហិកតានេះ។
ទោះជាយ៉ាងណាវិបត្តិកូវីដ និងសង្រ្គាមរុស្ស៊ី អ៊ុយក្រែន បានធ្វើឲ្យគំរោងធំៗចំនួន២ បានផ្អាកការសាងសង់របស់ពួកគេ គឺគំរោងThe Mesong កំពស់៦៩ជាន់ ដែលវិនិយោគដោយអ្នកធុរកិច្ចហុងកុង បានពន្យាពេលសាងសង់ម្តងហើយម្តងទៀត។
លើសពីនេះ គម្រោងធំមួយទៀត ដែលវិនិយោគដោយក្រុមហ៊ុនចិន ក្នុងទំហំទឹកប្រាក់១៣០០លានដុល្លារ ក៏បានផ្អាកការសាងសង់ផងដែរ។ លើសពីនេះ រណ្តៅគ្រឹះ ដែលក្រុមហ៊ុនបានជីកពីមុន ត្រូវបានចាក់ដីលុបបំពេញឡើងវិញរួចទៅហើយ ដែលធ្វើឲ្យគំរោងនេះពិបាកស្រម៉ៃដល់ ខណៈវិបត្តិសង្រ្គាមរុស្ស៊ី អ៊ុយក្រែនបន្តឆាបឆេះ និងធ្វើឲ្យសេដ្ឋកិច្ចពិភពលោករងភាពរង្គោះរង្គើរ។

គំរោងនេះ គ្រោងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ ដែលអាគារមេក្នុងគំរោងនេះ គ្រោងសាងសង់រហូតដល់កំពស់ជាង៤០០ម៉ែត្រ។ នេះបើតាមការឲ្យដឹងពីលោកទូច សំណាងអគ្គនាយករងក្រុមហ៊ុនOCIC។
ទីក្រុងកោះនរា
ទីក្រុងដែលមានទំហំ១២៥ហិកតានេះ ក៏វិនិយោគដោយក្រុម ហ៊ុនOCICផងដែរ។ ទីក្រុងនេះ គ្រោងចំណាយទឹកប្រាក់វិនិយោគប្រមាណ៥០០០លានដុល្លារអាមេរិក។
ទីក្រុងកោះនរា បាននិងកំពុងក្លាយជាLandmarkមួយ នៅទីក្រុងភ្នំពេញ ប្រសិនជាអគារមេកំពស់ជាង៦០០ម៉ែត្រ ដែលបានរចនាឡើងដោយក្រុមហ៊ុនFoster& Partner សាងសង់ពិតប្រាកដនាពេលខាងមុខ។
ទីក្រុងនេះ មិនទាន់មានសកម្មភាពអភិវឌ្ឍ ជាដុំកំភួននៅឡើយទេ ខណៈក្រុមហ៊ុនOCICកំពុងពន្លឿនការ សាងសង់ស្ពានតភ្ជាប់រវាងទីក្រុងកោះពេជ្រ និងទីក្រុងកោះនរា ដែលស្ពាននេះនឹងដាក់ឲ្យដំនើរការនៅខែតុលាខាងមុខ។ ប្រសិនជាគ្មានការប្រែប្រួលទេនោះ។
ទស្សនទាននៃការអភិវឌ្ឍន៍ទីក្រុងកោះនរា មានសភាពស្រដៀងគ្នានឹងទីក្រុងកោះពេជ្រផងដែរ។
ទីក្រុងរណបជ្រោយចង្វារ ទីក្រុងនៃអនាគត
ទីក្រុងរណប ដែលមានទន្លេព័ទ្ឋជុំវិញនេះ គ្រោងចំណាយប្រាក់វិនិយោគ រហូតដល់ទំហំ៦០០០លានដុល្លារអាមេរិក ដើម្បីកសាងទីនិងពង្រីកសកម្មភាពសេដ្ឋកិច្ច ឲ្យមានសភាពរសរវើក។
ទីក្រុងនេះ បាននិងកំពុងលេចចេញនូវ សកម្មភាពពាណិជ្ជកម្ម អគារខ្ពស់ៗមួយចំនួន ស្របពេលផែនការរបស់ក្រុមហ៊ុនOCIC គ្រោងរើសាលពិព៌ណ និងអាពាហ៍ពិពាហ៍នៅទីក្រុងកោះពេជ្រ យកទៅដាក់នៅទីក្រុងនេះ។
បច្ចុប្បន្នភោជនីយដ្ឋាន ហាងកាហ្វេ កន្លែងកំសាន្តមួយចំនួនបានដំណើរការ និងខ្លះក៏បានបិទទ្វារលែងដំណើរការផងដែរ ដោយសារតំបន់នេះ មិនទាន់មានអ្វីទាក់ចិត្តប្រជាជនទៅរស់នៅ និងចំណាយប្រាក់ច្រើននៅទីនេះនៅឡើយទេ។
ជាក់ស្តែងផ្សារទំនើបមួយ City Walk ដែលវិនិយោគដោយក្រុមហ៊ុនMorgan Group ក៏បានជាប់គាំងដូចអ្នកវិនិយោគទី១ផងដែរ។
បច្ចុប្បន្នអ្វីដែលជាសមិទ្ឋផល ដ៏គួរឲ្យចាប់អារម្មណ៍ជាងគេ គឺស្ពានយោងដោយខ្សែកាប ឆ្លងកាត់ទន្លេសាបទី១ បាននិងកំពុងត្រៀមបើកដំណើរការ នៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ។
លើសពីនេះ ក្រុមហ៊ុនOCIC ក៏បាននិងកំពុងវិនិយោគគំរោងលំនៅដ្ឋាន ជាលក្ខណៈបុរី និងមជ្ឈមណ្ឌលពាណិជ្ជកម្មនៅក្នុងទីក្រុងរណបនេះ ជាបន្តបន្ទាប់ផងដែរ។
ទីក្រុងេរណបតេជោមរកត
ទីក្រុងរណបនេះ មានផ្ទៃដីទំហំរាប់រយហិកតា បាននិងកំពុងពង្រីកមូលដ្ឋាន សក្តានុពលសេដ្ឋកិច្ចតំបន់ និងជម្រុញភាពទាក់ទាញការអភិវឌ្ឍពីអ្នកវិនិយោគជាតិ អន្តរជាតិផងដែរ។
បច្ចុប្បន្នទីក្រុងរណបនេះ មានគំរោងអភិវឌ្ឍន៍ជាច្រើន ដែលបានបញ្ចប់ និងកំពុងសាងសង់ដូចជា វិមានឈ្នះ ឈ្នះ ពហុកីឡដ្ឋានមរតកតេជោ សួនសត្វសាហ្វារី វើលដ៏ ទីក្រុងមិត្តភាពកម្ពុជា ចិន និងបុរីមួយចំនួនទៀត បាននិងកំពុងសាងសង់នៅក្បែរគំរោងនេះ។
ទីក្រុងរណបនេះ កំពុងអភិវឌ្ឍន៍ដោយក្រុមហ៊ុនLYP Groupរបស់អ្នកឧកញ៉ាលី យ៉ុងផាត់។
ទីក្រុងរណបING CITY
ប្រែក្លាយជាតំបន់លិចទឹក ដ៏ល្វឹងល្វើយទំហំធំជាងគេនៅរាជធានីភ្នំពេញ ING CITYកំពុងផ្លាស់ប្តូរ មុខមាត់រាជធានីភ្នំពេញយ៉ាងឆាប់រហ័ស ដោយសារទីក្រុងនេះ បាននិងកំពុងក្លាយជាតំបន់CBDមួយ នាពេលបច្ចុប្បន្ននេះ តាមរយៈការលេចឡើងនូវវត្តមានមជ្ឈមណ្ឌលពាណិជ្ជកម្ម ដូចជា ផ្សារទំនើបAEON Mall3 ផ្សារទំនើបជីប ម៉ុង បុរីប៉េង ហួត បុរីមានជ័យ គំរោងបុរីR&F គំរោងខុនដូUrban Village ដែលវិនិយោគដោយក្រុមហ៊ុនHurban Hubជាដើម។
ទីក្រុងរណបនេះ បានលេចឡើង និងរីកចម្រើនយ៉ាងឆាប់រហ័ស ដោយសារគំរោងហេដ្ឋារចនាសម្ព័ន្ឋធំៗ របស់រដ្ឋាភិបាល ដូចជា ព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ គំរោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ ការពង្រីកផ្លូវជាតិលេខ២ជាដើម៕