ជាការពង្រឹងស្តង់ដាគុណភាពផលិតផលទំនិញ គឺជាការតព្វកិច្ច របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម សម្រាប់ការពារផលប្រយោជន៍សេដ្ឋកិច្ចជាតិ ដែលតម្រូវឱ្យផលិតផលខ្មែរ ហក់រំលងឱ្យបាននូវរបាំងបច្ចេកទេស ។ ដើម្បីសម្រេចបានគោលដៅ ក្នុងការធ្វើពិពិធកម្មទីផ្សារ ផលិតផលកម្ពុជា ទៅលើទីផ្សារក្នុងតំបន់ ក៏ដូចជាបណ្តាប្រទេសនានា លើពិភពលោក រាជរដ្ឋាភិបាលសម្រេចសាងសង់មជ្ឈមណ្ឌលមន្ទីរពិសោធន៍ ឧស្សាហកម្មថ្នាក់ជាតិថ្មី ចំនួន២អគារ ដែលមានលក្ខណៈទំនើបជាងមុន នឹងផ្តល់លទ្ធភាពខ្ពស់ជាងមុន ។
លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានថ្លែងឱ្យដឹងនៅ ក្នុងពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្មឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ នាទីស្តីការក្រសួង កាលពីព្រឹកថ្ងៃទី១៥ខែមករានេះថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់តម្លៃដល់ការងារអភិវឌ្ឍន៍ ស្តង់ដា បានគាំទ្រដល់ដំណើរការសាងសង់មជ្ឈមណ្ឌលមន្ទីរពិសោធន៍ ឧស្សាហកម្មថ្នាក់ជាតិ ដើម្បីលើកកម្ពស់ គុណភាព និងសក្ដានុភាពផលិតផលកម្ពុជា ។
អគារពិសោធន៍នេះ អាចចំណាយលើការសាងសង់ប្រមាណជា៨លានដុល្លារអាមេរិក និងនៅមានឧបករណ៍ពិសោធន៍ជាច្រើនទៀត ដែលត្រូវបំពាក់ ដើម្បីបម្រើឱ្យសេវាក្នុងការពង្រឹងគុណភាពនាំចេញផលិតផលកម្ពុជាទៅក្រៅប្រទេស។ អគារនេះអាចនឹងចាប់ផ្តើមដំណើរការសាងសង់នៅដើមឆ្នាំ២០១៩នេះ នៅលើទឹកសង្កាត់ចក្រអង្រែ រាជធានីភ្នំពេញ។ យ៉ាងណាក៏ដោយ លោកក៏បានស្នើសុំឱ្យជួយផ្តល់បន្ថែម នូវធនធានមនុស្ស និងឧបករណ៍សម្ភារៈបច្ចេកទេសដល់មជ្ឈមណ្ឌលពិសោធន៍ឧស្សាហកម្មមួយនេះ។
ជាមួយគ្នានោះ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក៏បានវាយតម្លៃខ្ពស់ ចំពោះការប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម នាពេលកន្លងមក និងបានចាត់ទុកវិស័យឧស្សាហកម្ម ជាកម្លាំងចលករមួយ ដែលមិនអាចខ្វះបាន ក្នុងការជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ប្រកបដោយបរិប័ន្ន និងភាពធន់។
ការអភិវឌ្ឍន៍វិស័យនេះ ជាឧបករណ៍គោលនយោបាយ ប្រុកបដោយប្រសិទ្ធភាព សម្រាប់ការតភ្ជាប់រវាងវិស័យសេដ្ឋកិច្ច សំខាន់ៗ ដែលជា ឃ្នាស់ ជំរុញកំណើន និងបង្កើតការងារបន្ថែម ក្នុងវិស័យកសិកម្ម ទេសចរណ៍ និងសេវាកម្ម ព្រមទាំងរួមចំណែក រំដោះអតិរេកពលកម្ម ពីវិស័យកសិកម្ម ដែលធ្វើឱ្យផលិតភាពសរុបកើនឡើង និងមានចំណូលខ្ពស់ជាងមុន។
លោកបានបញ្ជាក់ទៀតថា ៖ រាជរដ្ឋាភិបាលបានផ្តល់អទិភាពខ្ពស់ ក្នុងការជម្រុញការអភិវឌ្ឍន៍ វិស័យឧស្សាហកម្ម និងសិប្បកម្មកម្ពុជា ដោយបានដាក់ចេញ និងអនុវត្តនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ២០១៥-២០២៥ សំដៅជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រឹងភាពប្រកួតប្រជែង ការលើកកម្ពស់ផលិតភាព និងការលើកស្ទួយផលិតកម្មក្នុងស្រុក។
នៅក្នុងនោះ ក្នុងនាមក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការជួយគាំទ្រ និងលើកទឹកចិត្តជម្រុញដល់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើកកម្ពស់កិច្ចសហការឱ្យបានជិតស្និទ្ធ ជាមួយក្រសួង ស្ថាប័ន និងដៃគូរពាក់ព័ន្ធនានា ក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកម្ពុជា ឱ្យកាន់តែរីកចម្រើនទៅមុខជាលំដាប់៕