អាកាសយានដ្ឋានសិង្ហបុរី Changi ជាប់ឈ្មោះជាព្រលានយន្តហោះដ៏ល្អបំផុតលើពិភពលោកលើកទី១២

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនស្រាវជ្រាវ Skytrax ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ បានចាត់ថ្នាក់អាកាសយានដ្ឋាន Changi ជាអាកាសយានដ្ឋាន ដ៏ល្អបំផុតរបស់ពិភពលោកជាលើកទី១២។

អាកាសយានដ្ឋាននេះ ទទួលបានមកុដរបស់ខ្លួនឡើងវិញ បន្ទា​ប់ពីបាត់បង់នៅឆ្នាំ២០២១ និងឆ្នាំ២០២២។

នៅពិធីប្រគល់ពានរង្វាន់ អាកាសយានដ្ឋានពិភពលោកឆ្នាំ២០២៣ ដែលធ្វើឡើងនៅឯពិព័រណ៌ស្ថានីយ៍ អ្នកដំណើរនៅទីក្រុង Amsterdam អាកាសយានដ្ឋាន Changi ក៏ត្រូវបានគេដាក់ឈ្មោះថា ជាអាកាសយានដ្ឋានដ៏ល្អ បំផុតនៅតំបន់អាស៊ី ល្អបំផុតនៅក្នុងពិភពលោក សម្រាប់កន្លែងកម្សាន្ត និងល្អបំផុតនៅក្នុងពិភពលោក សម្រាប់ការទទួលទានអាហារនៅអាកាសយានដ្ឋាន។

ចំណែកអាកាសយានដ្ឋានអន្តរជាតិ Hamad នៅទីក្រុងដូហា ប្រទេសកាតា ជាប់ចំណាត់ថ្នាក់ទី២ បន្ទាប់មកគឺអាកាសយានដ្ឋាន Haneda នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ទន្ទឹមនឹងនេះ អាកាសយានដ្ឋាន Crowne Plaza Changi បានជាប់ឈ្មោះជាសណ្ឋាគារ អាកាសយានដ្ឋានល្អបំផុតរបស់ពិភពលោកសម្រាប់ឆ្នាំទី៨ជាប់ៗគ្នា នៅក្នុងព្រឹត្តិការណ៍នោះផងដែរ។

ពានរង្វាន់នេះ ត្រូវបានផ្តល់ជូនដោយផ្អែកលើ ការស្ទង់មតិសកល ដែលរៀបចំធ្វើឡើងដោយក្រុមហ៊ុន Skytrax រវាងខែសីហា ឆ្នាំ២០២២ និងខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ក្រុមអ្នកធ្វើដំណើរត្រូវបានស្នើសុំ ឱ្យវាយតម្លៃលើអាកាសយានដ្ឋាននានា ដោយយោងទៅតាមបទពិសោធន៍របស់ពួកគេ នៅចំណុចផ្សេងៗគ្នា រួមទាំងការចុះឈ្មោះ ការមកដល់ ការដើរទិញឥវ៉ាន់ សន្តិសុខ អន្តោប្រវេសន៍ និងការចាកចេញនៅច្រកទ្វារផងដែរ។

អាកាសយានដ្ឋានChangi បានកាន់កាប់តំណែងកំពូលសម្រាប់រយៈពេល៨ឆ្នាំជាប់ៗគ្នា ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២០ ដែលជាការឈ្នះពានរង្វាន់ រយៈពេលវែងបំផុតចាប់តាំងពីពានរង្វាន់ World Airport Awards ត្រូវបានផ្តល់ឱ្យជាលើកដំបូងក្នុងឆ្នាំ២០០០។

ទោះបីជាយ៉ាងនេះក្តី អាកាសយានដ្ឋាន Changi ធ្លាប់បានធ្លាក់ចំណាត់ថ្នាក់ នៅពីក្រោយអាកាសយានដ្ឋានអន្តរជាតិ Hamad និងអាកាសយានដ្ឋាន Haneda ក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២ ចំពេលមានការផ្ទុះឡើងនៃវិបត្តិកូវីដ-១៩ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here