ដោយៈ គង់ សូរិយា
ភ្នំពេញៈ អាល្លឺម៉ង់ ជួយរៀបចំយុទ្ធសាស្ត្រជាដំណាក់កាលដំបូង ៦ចំណុចសំខាន់ៗ ដើម្បីប្រែក្លាយខណ្ឌច្បារអំពៅ ជាតំបន់លំនៅឋានបៃតងគំរូក្នុងទីក្រុងភ្នំពេញ។
ព៌តមាននេះ បានលើកឡើងតាមរយៈសិក្ខាសាលាស្តីពី “គម្រោងលំនៅដ្ឋាន ដែលមានចីរភាពសម្រាប់ប្រជាជន (Build4People)» ដែលបានធ្វើ ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣។
-->
គម្រោង Build4People ស្ថិតក្នុងក្របខណ្ឌដៃគូសហប្រតិបត្តិការ រវាងរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដោយទទួលបានការគាំទ្របន្ថែមពីបុរីប៉េង ហួត។

គម្រោងនេះ បានរៀបចំបង្កើតជា Ecocity Transition Lab ដែលនឹងចូលរួម ក្នុងការចែករំលែកបទពិសោធន៍ ក្នុងការរចនា ឌីហ្សាញ គំរូផ្តួចផ្តើមថ្មីៗពាក់ព័ន្ធនឹងសុខុមាលភាព បរិស្ថានរស់នៅល្អ ការគិតគូរពីប្រព័ន្ធអេកូឡូស៊ី ដែលជាគំរូដ៏ល្អមួយសម្រាប់ការអភិវឌ្ឍនៅតាមតំបន់ដទៃទៀតនៃរាជធានីភ្នំពេញ។
សិក្ខាសាលាដែលបានរយៈពេល៥ថ្ងៃនេះ ក៏បានរំលេចចេញនូវយុទ្ធសាស្ត្រ៦ចំណុចសំខាន់ៗ សម្រាប់អនុវត្តក្នុងដំណាក់កាលដំបូង ដើម្បីប្រែក្លាយខណ្ឌច្បារអំពៅ ជាតំបន់លំនៅឋានមានចីរភាពរួមមាន
១. ការរៀបចំក្រុងតាមបែបសមាហរណកម្មរួមមាន
- ការជ្រើសរើសទីតាំង
- ការវិភាគទីតាំង (តំបន់សំបូរខ្យល់ត្រជាក់, សណ្ឋានដី…)។
- បំពេញតម្រូវការជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។
- ការប្រើប្រាស់ចម្រុះ ប្រកបដោយតុល្យភាព/ ហេដ្ឋារចនាសម្ព័ន្ធសង្គម។
- រៀបចំទីធ្លាសាធារណៈសម្រាប់មនុស្សគ្រប់គ្នា។

២. ហេដ្ឋារចនាសម្ព័ន្ធខៀវបៃតងរួមមាន
- ការរៀបចំក្រុង ដែលឆ្លើយតបទៅនឹងកត្តាអាកាសធាតុ។
- ការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធខៀវ និងបៃតងនៅក្នុងទីក្រុងជាឧបករណ៍សម្រាប់រៀបចំក្រុង។
៣. ការផ្លាស់ទីប្រកបដោយចីរភាព
- ការអភិវឌ្ឍដែលគិតគូរ ពីការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
- រួមចំណែក ដល់ការកសាងសហគមន៍លំនៅដ្ឋាន ដែលមានការប្រើប្រាស់រថយន្តតិចជាងមុន។
- បរិយាកាសមេត្រីភាពសម្រាប់ថ្មើរជើង និងអ្នកជិះកង់។
- គាំទ្រដល់ការប្រើប្រាស់យានជំនិះ ដែលប្រើប្រាស់ឥន្ធនៈពីប្រភពផ្សេងៗ។
- ការធ្វើដំណើរដោយប្រើប្រាស់មធ្យោបាយរួមគ្នា

៤. ការការពារអាកាសធាតុ និងរំហូរថាមពល
- រៀបចំសហគមន៍លំនៅឋាន និងអគារដែលសន្សំសំចៃថាមពល។
- រៀបចំរដ្ឋបាលខណ្ឌផ្តោតលើវដ្ឋជីវិត
- ជំរុញឱ្យមានការកសាងសហគមន៍លំនៅឋាន ដែលមានលក្ខណៈវិលជុំ។
៥. បរិយាបន្នសង្គម និងសេដ្ឋកិច្ចមូលដ្ឋាន
- ឆ្លើយតបចំពោះតម្រូវការលំនៅឋាន
- ជំរុញឱ្យមានការចូលរួម និងភាពចម្រុះនៅក្នុងសង្គម។
- ពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន
- ចំណាយក្នុងវដ្តជីវិតជាឧបករណ៍ សម្រាប់ធ្វើការរៀបចំក្រុង
៦. អភិបាលកិច្ច និងការចូលរួម
- បញ្ជូលការគ្រប់គ្រង និងការតាមដានដំណើរការ
- ការចូលរួមរបស់សហគមន៍មូលដ្ឋាន
- បញ្ជូលគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។
ការកំណត់ចេញជាយុទ្ធសាស្ត្រនេះ បានសម្ភាស៍ជាមួយនឹងអ្នកជំនាញ និងសិក្សាលើបញ្ហាការអភិវឌ្ឍទីក្រុង ប្រកបដោយចីរភាព ដោយបានលើកយក បុរីប៉េង ហួត មកធ្វើគំរូថែមទៀតផង៕