កម្ពុជាស្នើប៉ាគីស្ថានភ្ជាប់ជើងហោះហើរត្រង់ ដើម្បីជំរុញភ្ញៀវ ទេសចរ និងការវិនិយោគ

0

  ដោយៈ វឌ្ឍនៈ

ភំ្នពេញៈ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោកប៉ាន សូរស័ក្តិបានស្នើទៅភាគី ប៉ាគីស្ថានតាមរយៈលោក Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ប្រចាំកម្ពុជា ជួយជំរុញវិស័យឯកជនពីប្រទេសប៉ាគីស្ថាន មកស្វែងយល់ពីឱកាសអាជីវកម្មនៅកម្ពុជា។

វិស័យដែលបានលើកឡើងខាងលើរួមមាន វិស័យឧស្សាហកម្មកែច្នៃម្ហូបអាហារ ជាពិសេសអាហារហាឡាល់ ដើម្បីបម្រើទីផ្សារក្នុងស្រុក និង នាំចេញ និងចង់ឱ្យមានជើងហោះហើរត្រង់ ពីប៉ាគីស្ថានមកកម្ពុជា ដើម្បីជំរុញទេសចរណ៍ និងការវិនិយោគនៃប្រទេសទាំងពីរ។

សំណើរនេះ ត្រូវបានធ្វើឡើងក្នុងជំនួប រវាងរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា និងឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំកម្ពុជា នៅថ្ងៃទី១៧ មីនា ២០២៣ នាទីស្ដីការក្រសួងពាណិជ្ជកម្ម ។

លោកប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា ទំហំពាណិជ្ជកម្មទ្វេភាគីមានទំហំតិចតួចនៅឡើយ ប៉ុន្តែប្រទេសទាំងពីរនៅតែមានវិស័យសក្តានុពលជាច្រើន ដើម្បីធ្វើឱ្យរីកចម្រើនទាក់ទង នឹងពាណិជ្ជកម្ម និងការវិនិយោគ ។

លោកក៏បានបង្ហាញពីសក្ដានុពលរបស់កម្ពុជា ទៅកាន់ប៉ាគីស្ថានថា ក្រៅពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន និងអាស៊ាន+១ បច្ចុប្បន្នកម្ពុជា មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ទ្វេភាគីជាមួយប្រទេសចិន និងកូរ៉េខាងត្បូង ហើយក៏ជាភាគីនៃកិច្ចព្រមព្រៀ​ងRCEP ដែលកម្ពុជាមានទីផ្សារដ៏ធំសម្រាប់វិស័យធុរកិច្ច។

កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយកម្ពុជា-អារ៉ាប់រួម (CEPA) ទើបតែត្រូវបានប្រកាសពីការបញ្ចប់ការចរចា។ ដូច្នេះ វិនិយោគិនប៉ាគីស្ថានអាចមកបណ្តាក់ទុននៅកម្ពុជា និងទាញយកអត្ថប្រយោជន៍ពី FTA ទាំងនេះ ដើម្បីលើកកម្ពស់ការនាំចេញ។

ជាមួយគ្នានេះ លោកប៉ាន សូរស័ក្តិ បានស្នើឱ្យស្វែងរកពីលទ្ធភាព ក្នុងការពង្រឹងកំណើននៃពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ដោយលើកទឹកចិត្តសភាពាណិជ្ជកម្ម សមាគមធុរកិច្ច និងក្រុមហ៊ុននៃប្រទេសទាំងពីរ ឱ្យធ្វើការយ៉ាងជិតស្និទ្ធ និងសកម្មជាមួយគ្នា ដើម្បីពង្រីកឱកាសបណ្តាញអាជីវកម្ម តាមរយៈកិច្ចសន្ទនា B2B រួមទាំង ការផ្គូផ្គងពាណិជ្ជកម្ម ការតាំងពិព័រណ៍ពាណិជ្ជកម្ម និងពិព័រណ៍ ដែលមានបំណងស្វែងយល់ឱ្យកាន់តែច្បាស់ ពីតម្រូវការទីផ្សារនាំចេញ និង​ជំរុញការបណ្តាក់ទុនអាជីវកម្មរួមគ្នា។

ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំកម្ពុជា បានមានប្រសាសន៍ថា ប៉ាគីស្ថាន មានវិស័យសក្តានុពលមួយចំនួន ដូចជា វាយនភណ្ឌ ថ្មម៉ាប ជាដើម ហើយប៉ាគីស្ថានបាននាំចូលប្រេងដូងយ៉ាងច្រើន ពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី និងនាំចូលគ្រាប់ស្វាយចន្ទីពីប្រទេសវៀតណាម។  បន្ថែមពីលើនេះ ប៉ាគីស្ថាន អាចមានលទ្ធភាណផ្តល់ជំនួយបច្ចេកទេសក្នុងការចិញ្ចឹមសត្វ បើកម្ពុជាមានតម្រូវការ៕

LEAVE A REPLY

Please enter your comment!
Please enter your name here