ប្រធានាធិបតីចិន លោកស៊ី ជីនភីង នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីនៅចុងខែនេះដើម្បីអ្វី?

0

ដោយៈ សុខុម

ប៉េកាំង: អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin ទម្លាយឱ្យដឹងកាលពីថ្ងៃសុក្រ ទី១៧ ខែមីនា ថា ប្រធានា​ធិបតីចិន លោក ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី នៅចុងខែនេះ ដើម្បីរឹតចំណងមិត្តភាព ពង្រឹងកិច្ចសហប្រតិបត្តិការ និងដើម្បីបុព្វហេតុស្វែងរកសន្តិភាព។

លោក ស៊ី ជីនភីង នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមីនា តាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រធានាធិបតី ស៊ី ជីនភីង បានរក្សាទំនាក់ទំនងល្អ ស្អិតរមួត ជាមួយប្រធានាធិបតី វ៉្លាឌីមៀ ពូទីន។

លោក Wang Wenbin បានថ្លែងក្នុងសន្និសីទសារព័ត៌មានប្រ​ចាំថ្ងៃថា ក្រោមការដឹកនាំ និងការចង្អុលបង្ហាញរបស់មេដឹកនាំទាំងពីរ ភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសចិន និងប្រទេ​សរុស្ស៊ី សម្រាប់យុគសម័យថ្មី សម្រេចបាននូវការអភិវឌ្ឍប្រកបដោ​យចីរភាព និងស្ថិរភាព។

អ្នកនាំពាក្យដដែលបានបន្ថែមថា ប្រទេសទាំងពីរបានរកឃើញមាគ៌ានៃទំនាក់ទំនងដ៏ល្អ រវាងប្រទេសធំៗ ដែលផ្ដល់ការជឿទុកចិត្តជាយុទ្ធសាស្ត្រ និងភាពជាអ្នកជិតខាងល្អដែលជាគំរូដ៏ល្អ សម្រាប់ទំនាក់ទំនងអន្តរជាតិ។

ក្នុងដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនភីង នឹងមានការផ្លាស់ប្តូរទស្សនៈស៊ីជម្រៅជាមួយលោក វ៉្លាឌីមៀ ពូទីន លើបញ្ហាទំនាក់ទំនងទ្វេភាគីក៏ដូចជាបញ្ហាអន្តរជាតិ និងតំបន់សំខាន់ៗដែលមានការព្រួយបារម្ភរួមគ្នា ជំរុញការសម្របសម្រួលជាយុទ្ធសាស្ត្រទ្វេភាគី និងកិច្ចសហប្រតិបត្តិការជាក់ស្តែង ព្រមទាំងជំរុញជាថ្មី ដើម្បីការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។

អ្នកនាំពាក្យបានបន្ថែមថា ក្រៅពីរឹតចំណងមិត្តភាព បង្កើនកិច្ចសហប្រតិបត្តិ ដែលផ្ដល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមក ដំណើរទស្សនកិច្ចនេះ ក៏ដើម្បីបុព្វហេតុស្វែងរកសន្តិភាពផងដែរ។

អ្នកនាំពាក្យគូសបញ្ជាក់ថា “ប្រទេសចិន នឹងបន្តរក្សាវត្ថុបំណង និងជំហរដ៏ត្រឹមត្រូវរបស់ខ្លួន ចំពោះវិបត្តិអ៊ុយក្រែន និងដើរតួនាទីស្ថាបនា ក្នុងការលើកកម្ពស់កិច្ចចរចាសន្តិភាព”៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here