ដោយៈ សុខុម
វៀងចន្ទន៍: ប្រសិនបើអ្នកមានគម្រោង ធ្វើដំណើរទៅកាន់ប្រទេសឡាវនៅពេលឆាប់ៗនេះ វានឹងជាដំណឹងដ៏ល្អគួរឱ្យរីករាយ ដែលឡាវ ប្រកាសលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរ ដែលធ្វើដំណើរទៅពីកម្ពុជា និង១៥ប្រទេសផ្សេងទៀត។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃសុក្រ ទី១៧ ខែមីនា។
ការលើកលែងទិដ្ឋាការ ដ៏គួរកត់សម្គាលបំផុតនេះ គឺសម្រាប់ពលរដ្ឋ ដែលមកពីបណ្ដាប្រទេសជាសមាជិកអាស៊ាន ដែលរួមមានកម្ពុជា ព្រុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។
-->

ពលរដ្ឋនៃប្រទេសទាំងនេះ ត្រូវបានអនុញ្ញាតឱ្យចូលប្រទេសឡាវ ដោយមិនចាំបាច់មានទិដ្ឋាការរហូតដល់៣០ថ្ងៃ ឱ្យតែពួកគេបំពេញបានតាមលក្ខខណ្ឌ តម្រូវជាក់លាក់មួយចំនួន ដូចជាមានលិខិតឆ្លងដែនត្រឹមត្រូវ និងសំបុត្រត្រលប់មកវិញជាដើម។
ប្រទេសផ្សេងៗទៀត ដែលទទួលបានការលើកលែងទិដ្ឋាការទៅកាន់ប្រទេសឡាវ ដែរនោះរួមមានប្រទេសជប៉ុន កូរ៉េខាងត្បូង ស្វីស លុចសំបួ រុស្ស៊ី និងម៉ុងហ្គោលី ដែលទទួលបានការអនុញ្ញាតឱ្យស្នាក់នៅដោយគ្មានទិដ្ឋាការរហូតដល់១៥ថ្ងៃ ទៅ២១ថ្ងៃអាស្រ័យលើប្រទេសនីមួយៗ។
បន្ថែមពីលើនេះ ប្រទេសបេឡារូស ចិន កូរ៉េខាងជើង និងគុយបា ក៏ទទួលបានការលើកលែងជាក់លាក់ផងដែរ សម្រាប់អ្នកកាន់លិខិតឆ្លងដែនប្រភេទមួយចំនួន ដូចជាលិខិតឆ្លងដែនការទូត ឬលិខិតឆ្លងដែនផ្លូវការជាដើម៕ Laotian Times៕