ដោយៈ គង់ សូរិយា
សៀមរាបៈ ជារឿងអស្ចារ្យបំផុត បើរំលឹកពីចក្រភពខ្មែរ ដែលព្រះបាទសូរិយវរ្ម័នទី២ បានបន្សល់នូវភាពមហស្ចារ្យដល់កូនខ្មែរជំនាន់ក្រោយ តាមរយៈស្ថាបត្យកម្មគ្មានពីរ នៅលើពិភពលោករបស់ព្រះអង្គ។
ព្រះបាទសូរិយវរ្ម័នទី២ គួរជាស្តេចដែលគួរឲ្យគោរពបំផុតក្នុងដែនដីកម្ពុជា បើគិតពីស្នាព្រះហស្តរបស់ព្រះអង្គ។

ក្រសួងទេសចរណ៍បានចេញសេចក្តីជូនដំណឹងស្តីពី “បាតុភូតធម្មជាតិព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរ” ឬ EQUINOX
ដែលកើតឡើងចន្លោះថ្ងៃទី២០ ឬ២១ ឬ២២ ឬ២៣ ខែមីនា ឆ្នាំ២០២៣ ហើយដែលជាទស្សនីយភាពពិសេសមួយ សម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិគួរអញ្ជើញទៅទស្សនាដោយខានមិនបាន ។
បាតុភូតព្រះអាទិត្យ រះចំកណ្តាលកំពូលប្រាសាទអង្គរ (EQUINOX) កើតឡើងជារៀងរាល់ឆ្នាំចំនួន២លើក នៅខែមីនាម្ដង និងខែកញ្ញាម្ដងទៀត។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ស្តែងឲ្យឃើញពីអច្ឆរិយភាពនៃប្រាសាទអង្គរ ដែលបុព្វបុរសខ្មែរបានកសាងឡើង ដោយមានការគិតគូរអំពីស្ថាបត្យកម្ម និងការផ្សារភ្ជាប់ជាមួយនឹងធម្មជាតិ តាមរយៈខ្សែអក្សនៃភពផែនដី និងព្រះអាទិត្យយ៉ាងច្បាស់លាស់ និងគួរស្ញប់ស្ញែងជាទីបំផុត។
ក្រសួងទេសចរណ៍បានបញ្ជាក់ថា នៅឆ្នាំ២០២៣ បាតុភូតព្រះអាទិត្យរះ “ចំកណ្តាលកំពូលប្រាសាទអង្គរវត្ត អាចនឹងកើតឡើងនៅចន្លោះថ្ងៃទី២០ដល់ថ្ងៃទី២៣ ខែមីនា ចាប់ពីម៉ោង៥៖៣០នាទីព្រឹក ដល់ម៉ោង៧៖០០នាទីព្រឹក ដែលជារៀងរាល់ឆ្នាំតែងមានភ្ញៀវទេសចរជាតិ- អន្តរជាតិ រាប់ម៉ឺននាក់បានចូលរួមទស្សនា និងផ្តិតយករូបភាពព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។
ក្រសួងទេសចរណ៍បានអំពាវនាវ ដល់គ្រប់សមាគមទេសចរណ៍ ស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទូទៅ ចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដល់ដៃគូពាក់ព័ន្ធ និងទៅទស្សនា ផ្តិតយករូបភាពព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដែលជាផ្នែកមួយនៃយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣” ក្រោមពាក្យស្លោក “គ្រប់ថ្ងៃគឺជាអច្ឆរិយភាព”៕







