ដោយៈ គង់ សូរិយា
ភ្នំពេញៈ ជាមួយនឹងការបង្ហាញនូវសមិទ្ឋផលជាច្រើន លើការដាក់ឲ្យអនុវត្តន៍ កម្មវិធីគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រយៈពេលជិត២០ឆ្នាំ សម្តេចតេជោលើកឡើងថា កម្ពុជាកំពុងបោះជំហ៊ានដោយភាពជឿជាក់ ក្នុងការឈានទៅកាន់ឋានៈ ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ខាងមុខ។
សម្តេចតេជោលើកឡើងបែបនេះ នៅព្រឹកថ្ងៃទី២០ មិនានេះ ក្នុងកម្មវិធីប្រកាសដាក់ឲ្យអនុវត្តន៍ កម្មវិធីកែទម្រង់ហិរញ្ញវត្ថុដំណាក់កាលទី៤។
សម្តេចតេជោ ហ៊ុន សែនបានថ្លែងបញ្ជាក់ថា សូចនាករសម្មតិកម្មដ៏ល្អប្រសើរនេះ គឺជាខ្នោះសេដ្ឋកិច្ចដ៏សំខាន់ បំផុតមួយដែលធ្វើឱ្យកម្ពុជា ទទួលបានកំណើន និងបន្តស្ថេរភាព នៃកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ រហូតសម្រេចបាននូវចំណាត់ថ្នាក់ ជាប្រទេសមានចំណូលមធ្យម កម្រិតទាបនៅឆ្នាំ២០១៥ និងកំពុងបោះជំហ៊ានដោយភាពជឿជាក់ ទៅកាន់ឋានៈប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា តាមរយៈសម្មតិកម្មដ៏ល្អប្រសើរនេះ បានផ្តល់លទ្ធភាព បានកាន់តែខ្ពស់ជូនរាជរដ្ឋាភិបាល ក្នុងការលើកម្ពស់កម្រិតជីវភាពរស់នៅ របស់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាលើកកម្ពស់ជីវភាព និងគុណភាពរបស់មន្ត្រីរាជការ ពង្រឹងប្រសិទ្ធភាពស្ថាប័នសាធារណៈ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានកាន់តែល្អឡើង តាមរយៈអាទិភាពចំនួន៤ នៅក្នុងយុទ្ធសាស្ត្រចតុកោណគឺ មនុស្ស ផ្លូវ ទឹក និងភ្លើង។ ដែលសំដៅលើការកសាង និងអភិវឌ្ឍន៍ឥតឈប់ឈរ នូវហេដ្ឋារចនាសម្ព័ន្ធទាំងរូបវ័ន្ត និងមិនមែនរូបវ័ន្តលើគ្រប់វិស័យ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបន្ថែមថា “សមិទ្ធផលទាំងអស់នេះ គឺជាការរួមចំណែកដ៏ធំធេង ក្នុងការកាត់បន្ថយភាពក្រីក្រ នៅកម្ពុជា ដែលមានការធ្លាក់ចុះជាលំដាប់”។ សម្តេចបន្តថា “លើសពីនេះសុខភាពដ៏ល្អប្រសើរ នៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា បានធ្វើឱ្យរាជរដ្ឋាភិបាល មានថវិកាសន្សំគ្រប់គ្រាន់ សម្រាប់ដោះស្រាយបញ្ហាជាយថាហេតុទាំងឡាយនាគ្រាកន្លងទៅ”។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងបុព្វហេតុឯករាជ្យ និងអធិបតេយ្យជាតិ សម្មតិកម្មដ៏ល្អនៃការកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានពង្រឹងឱ្យកាន់តែមាំមួនឡើងនូវភាពជាម្ចាស់ និងតួនាទីរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទទួលខុសត្រូវលើជោគវាសនារបស់ប្រទេសជាតិ ដែលបានកាត់បន្ថយការពឹងពាក់ការខ្ចីពីក្រៅប្រទេស ដែលបច្ចុប្បន្នការខ្ចីពីបរទេស មានទំហំមិនស្មើនឹង២០ភាគរយ នៃថវិកាជាតិសរុបនោះទេ៕







