ប្រទេសចិនបង្ហាញពីឱកាសដ៏ទាក់ទាញសម្រាប់ក្រុមហ៊ុនបរទេស និងវិនិយោគិននានា

0

ដោយ: គង់ លាងហួរ

ក្រុងឡុងដ៍: លោក Nuno Matos នាយកប្រតិបត្តិនៃក្រុមហ៊ុន Wealth and Personal Banking នៃធនាគារ HSBC Group បានឱ្យដឹងនៅក្នុងបទសម្ភាសន៍ ជាលាយលក្ខណ៍អក្សរកាលពីពេលថ្មីៗនេះជាមួយសារពត៌មានXinhuaថា សេដ្ឋកិច្ចរបស់ប្រទេសចិនបង្ហាញពីសក្ដានុពល នៃកំណើនរយៈពេលវែង និងឱកាសទាក់ទាញសម្រាប់ក្រុមហ៊ុន និងវិនិយោគិនបរទេស។

លោក Matos បានបន្តថា “បើក្រឡេកទៅមើលឆ្នាំ២០២២ ទីផ្សារចិន និងអាស៊ីបានបង្ហាញពីភាពធន់រឹងមាំ ដោយលោកបន្ថែមថា ការងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់ប្រទេសចិន ពីផលប៉ះពាល់នៃជំងឺរាតត្បាតគឺកើតឡើង ក្នុងល្បឿនយ៉ាងលឿនជាងការរំពឹងទុក ដោយចាក់គ្រឹះដ៏រ៉ឹងមាំសម្រាប់ឆ្នាំ២០២៣នេះ”។

នាពេលថ្មីៗនេះ ធនាគារ HSBC Group បានបង្កើនការព្យាក​រណ៍របស់ខ្លួន សម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន រហូតដល់៥,៦ភាគរយក្នុងឆ្នាំ២០២៣ ពីកម្រិតដើម៥ភាគរយ ខណៈដែលមានការរំពឹងថា ការស្ទុះងើបឡើងវិញ នៃការប្រើប្រាស់ជាកត្តាជំរុញដ៏សំខា​ន់ នៃកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសចិន ជាពិសេសនៅក្នុងវិស័យសេវាកម្ម។

ធនាគារ HSBC Group ក៏បានរំពឹងថា ទ្រព្យសម្បត្តិគ្រួសាររបស់ប្រទេសចិន នឹងកើនឡើងប្រហែល៨,៥ភាគរយ ជារៀងរាល់ឆ្នាំក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ដោយទ្រព្យសកម្មគ្រួសារ ដែលអាចវិនិយោគ នឹងឈានដល់៣០០ពាន់ពាន់លានយ័ន(ប្រហែល៤៣,៥ពាន់ពាន់លានដុល្លារ) ក្នុងឆ្នាំ២០២៥ ដោយផ្តល់នូវមូលដ្ឋានទ្រព្យសម្បត្តិដ៏ល្អ សម្រាប់ការអភិវឌ្ឍសង្គមចិន។

ធនាគារិករូបនេះក៏បានអះអាងផងដែរថា ប្រទេសចិនបានប្តេជ្ញាចិត្ត ក្នុងការបើកវិស័យហិរញ្ញវត្ថុរបស់ខ្លួន និងអភិវឌ្ឍសេដ្ឋកិច្ចប្រកប​ដោយនិរន្តរភាព និងច្នៃប្រឌិតក្នុងរយៈពេលជាច្រើនឆ្នាំ។

លោក Matos បានមានប្រសាសន៍ថា “យើងស្វាគមន៍ចំពោះវិធានការនានា ដែលជំរុញការបើកទូលាយ នៃវិស័យសេវាកម្មហិរញ្ញវត្ថុ ហើយចំនួនវិនិយោគិនបរទេស និងបរិមាណនៃការវិនិយោគបរទេសនៅក្នុងប្រទេសចិន បានកើនឡើងជាលទ្ធផល”។

លោកជឿជាក់ថា “ការវិនិយោគបរទេស អាចដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុបៃតង ហើយជម្រៅនៃទីផ្សារមូលធនរបស់ប្រទេសចិន បញ្ជាក់ពីមហិច្ឆតារបស់ប្រទេសនេះ ក្នុងការក្លាយជាអ្នកដឹកនាំពិភពលោកមួយនៅក្នុងវិស័យនេះ”។

លោក Matos បានកត់សម្គាល់បន្ថែមថា “ការពន្លឿនការពង្រីកទ្រព្យសម្បត្តិ ធនាគារឯកជន ធានារ៉ាប់រង និងអាជីវកម្មគ្រប់គ្រងទ្រព្យសកម្មនានា គឺជាអាទិភាពជាយុទ្ធសាស្រ្ត សម្រាប់ធនាគារ HSBC នៅក្នុងប្រទេសចិន”៕

  x

LEAVE A REPLY

Please enter your comment!
Please enter your name here