ហ្វាំងឡង់ជាប់ឈ្មោះជាប្រទេសដែលពលរដ្ឋមានជីវិតរីករាយ បំផុតក្នុងពិភពលោកប្រចាំឆ្នាំ២០២៣

0

ដោយៈ សុខុម

ហ្វាំងឡង់: វាពិតជាគួរឱ្យភ្ញាក់ផ្អើលមែនទែន ដែលហ្វាំងឡង់ បានជាប់ឈ្មោះជាប្រទេស ដែលពលរដ្ឋមានជីវិតរីករាយបំផុត ក្នុងពិភពលោកប្រចាំឆ្នាំ២០២៣។

នេះបើយោងតាមការដាក់ចំណាត់ថ្នាក់ ក្នុងរបាយការណ៍ World Happiness Report ដែលផ្អែកខ្លាំងលើការវាយតម្លៃអំពីជីវិតរស់នៅរបស់ពលរដ្ឋ។

យោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២០ ខែមីនា ឱ្យដឹងថា នេះមិនមែនជាឆ្នាំទី១ ទេដែលហ្វាំងឡង់ បានជាប់ឈ្មោះជាប្រទេស ដែលពលរដ្ឋមានជីវិតរីករាយបំផុត ពោលគឺបានរក្សាតំណែងនេះ រយៈពេល៦ឆ្នាំជាប់ៗគ្នា គិតទាំងឆ្នាំនេះស្ទើរមិនគួរឱ្យជឿ។

ប្រទេសនេះ និងបណ្ដាប្រទេសជិតខាងរបស់ខ្លួន រួមមានដាណឺម៉ាក អ៊ីស្លង់ ស៊ុយអែត និងន័រវែស សុទ្ធតែទទួលបានពិន្ទុយ៉ាងល្អនៅក្នុងរបាយការណ៍វាយតម្លៃខាងលើ។

ការវាយតម្លៃ សម្រាប់ការដាក់ចំណាត់ថ្នាក់នេះ ធ្វើឡើងដោយផ្អែកលើកត្តាសំខាន់ៗមួយចំនួន រួមមានដូចជា អាយុកាលជាមធ្យម GDP សម្រាប់មនុស្សម្នាក់ ការគាំទ្រផ្នែកសង្គម អំពើពុករលួយមានកម្រិតទាប ចិត្តសប្បុរសធម៌នៅក្នុងសហគមន៍ ដែលមនុស្សចេះជួយយកអាសាគ្នាទៅវិញទៅមក និងសេរីភាពក្នុងការសម្រេចចិត្តសំខាន់ៗក្នុងជីវិតជាដើម។

ជាសមាជិកមួយនៃសហភាពអឺរ៉ុប ដែលបច្ចុប្បន្នមាន២៧ប្រ​ទេសជាសមាជិក ប្រទេសហ្វាំងឡង់ មានផ្ទៃដីសរុប៣៣៨.៤៥៥គីឡូម៉ែត្រការ៉េ និងមានប្រជាជនសរុបប្រមាណ៥,៦លាននាក់គិតត្រឹមឆ្នាំ២០២២៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here