សុខុម
អន្តរជាតិ: លោក វ្ល៉ាឌីមៀ ពូទីន បញ្ជាក់ថា លោកនឹងពិភាក្សាអំពីផែនការសន្តិភាព១២ចំណុចរបស់លោក ស៊ី ជីនពីង ដើម្បី “ដោះស្រាយវិបត្តិដ៏ស្រួចស្រាល់នៅអ៊ុយក្រែន” អំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន រូបនេះទៅកាន់ទីក្រុងមូស្គូ។
លោក ពូទីន លើកឡើងថា “យើងតែងតែបើកទ្វារចំហស្វាគមន៍ដំណើរការចរចា” ខណៈមេដឹកនាំកំពូលទាំង២បានហៅគ្នាទៅវិញទៅមកថា “មិត្តសម្លាញ់”។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃអង្គារ ទី២១ ខែមីនា នេះ។
-->
ប្រទេសចិន បានបញ្ចេញផែនការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន កាលពីខែមុន ដែលផែនការនោះរួមបញ្ចូលទាំង “ការបញ្ឈប់យកគ្នាធ្វើជាសត្រូវ” និងការបន្តការចរចាសន្តិភាពផងដែរ។

ទោះជាយ៉ាងណា កាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅ សហរដ្ឋអាមេរិក បានព្រមានថា ផែនការសន្តិភាពដែលផ្ដួចផ្ដើមឡើងដោយមហាយក្សចិន ជា “យុទ្ធសាស្ត្រជាប់គាំង”។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ថ្លែងថា “ពិភពលោកមិនគួរចាញ់បោកឧបាយកលយុទ្ធសាស្ត្រណាមួយរបស់រុស្ស៊ី ដែលគាំទ្រដោយប្រទេសចិន ឬប្រទេសផ្សេងទៀតដើម្បីបញ្ឈប់សង្រ្គាមដោយលក្ខខណ្ឌផ្ទាល់ខ្លួននោះឡើយ”។
លោកបានបន្ថែមទៀតថា “ការអំពាវនាវឱ្យមានបទឈប់បាញ់ដែលមិនរាប់បញ្ចូលការដកកងកម្លាំងរុស្ស៊ី ចេញពីទឹកដីអ៊ុយក្រែន គឺស្មើនឹងជួយគាំទ្រដល់សំណើរបស់រុស្ស៊ី”។
ផែនការសន្តិភាព១២ចំណុចរបស់ប្រទេសចិន មិនបានបញ្ជាក់ថា រុស្ស៊ី ត្រូវតែដកទ័ពចេញពីទឹកដីអ៊ុយក្រែន នោះឡើយ ខណៈអ៊ុយក្រែន ទទូចថា មុននឹងឈានដល់ការចរចាណាមួយ រុស្ស៊ី ត្រូវតែដកទ័ពចេញពីទឹកដីរបស់ខ្លួនជាមុនសិន។
ផែនការរបស់ចិន គ្រាន់តែនិយាយអំពី “ការគោរពអធិបតេយ្យភាពរបស់ប្រទេសទាំងអស់” ហើយថា “ភាគីទាំងអស់ត្រូវមានហេតុផល និងរក្សាភាពអត់ធ្មត់” និង “សម្រាលស្ថានការណ៍បន្តិចម្តងៗ” តែប៉ុណ្ណោះ។
ផែនការរបស់ចិន នេះក៏បានថ្កោលទោសចំពោះការប្រើប្រាស់ “ទណ្ឌកម្មជាឯកតោភាគី” ផងដែរ ដែលគេមើលឃើញថាជាការរិះគន់ឥតលាក់លៀមចំពោះលោកខាងលិច ដែលជាសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន៕ BBC៕
